មន្ត្រីជំនាញជលផលអះអាងថា ទិន្នផលត្រីធម្មជាតិឆ្នាំនេះអាចថយចុះជាងឆ្នាំមុនតិចតួច។ ការថយចុះនេះ អ្នកជំនាញបានពន្យល់ថា អាចបណ្ដាលមកពីបញ្ហាអាកាសធាតុប្រែប្រួល។
ចំណែកក្រុមប្រជានេសាទវិញអះអាងថា ការថយចុះទិន្នផលត្រីឆ្នាំនេះ អាចបណ្ដាលមកពីបទល្មើសនេសាទកើនឡើងច្រើនស្ទើរទីកន្លែង ដែលអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជលផលមិនអាចទប់ស្កាត់បាន។
ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក បានបង្ហាញពីមូលហេតុមួយចំនួនដែលអាចនាំឲ្យទិន្នផលត្រី ជាពិសេសប្រភេទត្រីប្រហុកនៅឆ្នាំនេះអាចថយចុះ។ លោកពន្យល់ថា អាកាសធាតុឆ្នាំនេះមានការប្រែប្រួលខុសពីឆ្នាំមុន ដូចជាទឹកភ្លៀងធ្លាក់មិនបានច្រើននៅក្នុងបឹងទន្លេសាប និងទឹកស្រកទៅវិញមុនកាលកំណត់ គឺស្រកចុះលឿននៅខែកក្កដា ដោយទឹកមិនបានឡើងមកវិញម្តងទៀតឡើយ។ បញ្ហានេះធ្វើឲ្យកម្ពស់ទឹកនៅក្នុងអាងទន្លេសាប មានកម្រិតទាបជាងសព្វមួយដង ដែលនាំឲ្យត្រីមិនសម្បូរ។
លោក ណៅ ធួក បន្តថា៖ «ត្រីមិនច្រើនជាងឆ្នាំទៅទេ គឺតិចជាងឆ្នាំទៅ ព្រោះទឹកវាតិចណាស់ ទឹកឡើងបានតែ ៩ម៉ែត្រ ៧០ ហើយស្រកតាំងពីថ្ងៃទី១២ ខែ៨ ម្ល៉េះ ជាធម្មតាទឹកស្រក គឺម្តុំខែ៨ហ្នឹងហើយ តែវាឡើងមកវិញនៅបន្ទាប់ហ្នឹង ហើយទាល់តែចុងខែ១០ ឬក៏ដើមខែ១១ បានស្រក ប៉ុន្តែនេះវាស្រកតាំងពីថ្ងៃ១២ ខែ៨ ហើយវាអត់មានឡើងវិញ»។
ទាក់ទងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសហគមន៍នេសាទខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង អ្នកស្រី នូ សារឹម ថ្លែងថា ធនធានត្រីឆ្នាំនេះថយចុះ ដោយសារកត្តា ៣យ៉ាង គឺទឹកតូចជាងសព្វដង បទល្មើសនេសាទកើនឡើង និងការប្រើជីគីមីច្រើន បណ្ដាលឲ្យងាប់ជីវចម្រុះជាចំណីត្រី៖ «អ៊ីចឹងទាក់ទងនឹងថ្នាំពុល វាហូរមកតាមទឹកធ្វើឲ្យវាវិនាសហិនហោច ឬក៏អន្តរាយជីវចម្រុះនៅក្នុងទឹក គឺធ្វើឲ្យមានផលប៉ះពាល់អ៊ីចឹង។ យោងតាមព័ត៌មានរបស់ប្រជាពលរដ្ឋដែលគាត់ធ្លាប់ធ្វើត្រីប្រហុកកន្លងមក ឃើញថាឆ្នាំនេះត្រីមានការថយចុះ»។
ចំណែកប្រធានសហគមន៍អូរអន្លង់សំណ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក សេក សឿយ រំពឹងថា ត្រីល្អិតអាចនឹងកើនឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់ចុងឆ្នាំមានទឹកដក់ច្រើនក្នុងអាងអន្លង់សំណ៖ «តែចុងឆ្នាំបានធ្លាក់ភ្លៀងមកជាច្រើនមេដែរ ហើយត្រីចូលមកវិញ ធ្លាក់ចូលមកក្នុងអូរអន្លង់សំណ តែត្រីប្រហាក់ប្រហែលឆ្នាំមុនដែរនៅកន្លែងអូរអន្លង់សំណ ខ្ញុំបាទ ប៉ុន្តែត្រីនៅតូចៗវាអត់ធំ ព្រោះអាធំហ្នឹងគេចាប់យកអស់ហើយកាលរីងវាចេញទៅតាមខាងក្រៅៗ»។
ពាក់ព័ន្ធត្រីមិនសម្បូរនៅក្នុងឆ្នាំ២០១៤ សម្រាប់ធ្វើត្រីប្រហុក ប្រជានេសាទនៅក្នុងខេត្តតាកែវ ស្រុកបូរីជលសារ លោក វី ចាន់ ថ្លែងថា ត្រីខ្សត់ព្រោះទឹកតូចផង ហើយក៏មានជនជាតិវៀតណាម បើកទូកច្រើនគ្រឿងចូលឆក់ត្រីក្នុងឡូលេខ០៧ ផង។
បញ្ហាស្រដៀងគ្នាដែរ ជំទប់ទី១ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល លោក មាច ហួរ ថ្លែងថា ត្រីនៅក្នុងខេត្តកណ្ដាល គឺបំផ្លាញដោយអ្នករស់នៅតាមទន្លេមេគង្គក្រោម និងជនជាតិវៀតណាម ប្រើថ្នាំធ្វើនុយដាក់ទាក់ទាញត្រីឲ្យនៅស៊ីតែមួយកន្លែង ហើយច្បាមចាប់យកត្រី ពេលលើកពីស្បៃមុងរបស់គេម្តងៗប្រមាណ ១០០គីឡូក្រាមឡើងទៅ៖ «ព្រែកខាងចុងវារាក់អស់ ឆក់ផង អាដាក់របាំងអួនហ្នឹងក៏ដាក់ពេញទឹកពេញដី។ ឥឡូវដល់អន្តរាគមន៍ពីប្រជាពលរដ្ឋទៅបានវារើចេញខ្លះ»។
នាយខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង លោក នូ សារី ថ្លែងថា នាយករដ្ឋមន្ត្រីបានកាត់ឡូនេសាទពីការគ្រប់គ្រងដោយរដ្ឋមកឲ្យពលរដ្ឋកាន់កាប់រកនេសាទវិញនេះ បានធ្វើឲ្យជម្លោះដណ្ដើមគ្នាចាប់ត្រីថយចុះ ដោយរដ្ឋបាលជលផលបានបែងចែកកន្លែងអភិរក្សត្រីមេពូជ និងកន្លែងអាចឲ្យនេសាទបានដាច់ដោយឡែកពីគ្នា។ លោកបន្តថា មធ្យោបាយនេះធ្វើឲ្យត្រីកើនមកវិញខ្លះនៅតាមតំបន់។ ទន្ទឹមគ្នានោះដែរ រដ្ឋបាលជលផល បានការពារព្រៃលិចទឹកមិនឲ្យកាប់បំផ្លាញ និងដាំកូនដើមរាំង និងព្រៃកោងកាងជាជម្រកត្រីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។