តុលាការសម្រេចឃុំខ្លួន អតីតអភិបាលក្រុងកែប លោក ខេង យ័ន ក្រោមបទរំលោភអំណាច និងបទសម្អាតប្រាក់។ អ្នកឃ្លាំមើលថា ចំណាត់ការរបស់តុលាការនេះ ជាចំណុចចាប់ផ្ដើម នៃការបោសសម្អាត និងដាស់តឿនដល់មន្ត្រីដែលប្រើប្រាស់អំណាចរបស់ខ្លួនហួសដែនកំណត់មន្ត្រីរាជការ និងប៉ះពាល់ដល់ប្រយោជន៍ជាតិ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត នៅថ្ងៃទី១៤ ខែមករា បានសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែបលោក ខេង យ័ន ក្រោមបទចោទរំលោភអំណាច និងបទសម្អាតប្រាក់។ នេះបើតាមមន្ត្រីតុលាការប្រាប់សារព័ត៌មានក្នុងស្រុក (ហ្វ្រេសញូវ) ។
ការឃុំខ្លួនអតីតអភិបាលក្រុងកែបរូបនេះ ធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ខែមករា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលក្រុងកែបលោក ខេង យ័ន ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា លោក ខេង យ័ន បានប្រើប្រាស់អំណាច និងតួនាទីប្រព្រឹត្តអំពើប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍ពលរដ្ឋជាច្រើន។វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដើម្បីសុំសួរពីបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១៤ ខែមករា។
ចំណែងឯ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក លោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែមករាថា លោកនៅមិនទាន់ដឹងថា អតីតអភិបាលក្រុងកែបរូបនេះ ត្រូវបានឃុំខ្លួននៅពន្ធនាគារណាមួយនៅឡើយទេ។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុកការឃុំខ្លួនអភិបាលក្រុងកែបនេះថា ជាការដាស់តឿនដល់មន្ត្រី ដែលធ្លាប់ប្រព្រឹត្តអំពើពុករលួយ និងធ្វើឲ្យខាតបង់ប្រយោជន៍ជាតិ។ លោកបន្ថែមថា ដើម្បីបោសសម្អាតមន្ត្រីអសកម្មទាំងនោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែលើកទឹកចិត្ត និងបង្កើនកិច្ចគាំពារដល់ពលរដ្ឋឲ្យចូលរួមរាយការណ៍ ដោយគ្មានការភ័យខ្លាច ពីភាពមិនប្រក្រតីរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។
លោក សេក សុជាតិ៖ «ខ្ញុំយល់ឃើញថា រាល់សកម្មភាព និងទង្វើទាំងអស់ ដែលអាចធ្វើទៅដោយរលូន និងមានភាពយុត្តិធម៌អាចទទួលយកបាន លុះត្រាតែរដ្ឋាភិបាលលុបបំបាត់ចោលនូវអំពើពុករលួយ ហើយធ្វើការកាត់សេចក្ដីដោយភាពត្រឹមត្រូវ មិនមានការសូកប៉ាន់ ឬក៏មិនមានការយោគយល់នៅក្នុងរូបភាពណាមួយជាបក្សពួក ខ្សែស្រឡាយ»។
ការឃុំខ្លួនអតីតអភិបាលក្រុងកែបរូបនេះ មានរយៈពេល១២ថ្ងៃ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួន លោក ខេង យ័ន និងនាយករដ្ឋបាលក្រុងកែប គឺលោក អ៊ិន ហ៊ុន បន្ទាប់ពួកលោកចេញពីប្រជុំក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀនកម្រិតបឋមសិក្សា នៅទូទាំងក្រុងកែប និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ កាលពីថ្ងៃទី២ ខែមករាកន្លងទៅ។ ក៏ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយ បានដោះលែងអតីតអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែបនោះវិញនៅថ្ងៃដដែល ដោយអះអាងថា ភាន់ច្រឡំ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋចង់ឃើញរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ហើយទទួលយក និងពិនិត្យសំណើរបស់ពលរដ្ឋ ដើម្បីចូលរួមលុបបំបាត់មន្ត្រីអសកម្ម និងអំពើពុករលួយជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។