សហជីព​និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​ចាប់​ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​២០ ឆ្នាំ​មុន

0:00 / 0:00

សហព័ន្ធ​សហជីព​សេរី​កម្មករ​គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ក្នុង​ខួប ២០ ឆ្នាំ​នៃ​ឃាតកម្ម​បាញ់សម្លាប់​អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បាញ​ល្បី លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ មករា ខាងមុខ​នេះ។ សង្គម​ស៊ីវិល និង​សហជីព​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត វែក​មុខ​ឧក្រិដ្ឋជន ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​២០​ឆ្នាំ មុន​មក​ដាក់ទោស​តាម​ច្បាប់។

សហព័ន្ធ​សហជីព​សេរី​កម្មករ ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់ខ្លួន​ឃាតក​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បីឈ្មោះ​លោក ជា វិជ្ជា និង​អ្នក​ផ្សេង​ទៀត មក​ដាក់​ទោស​តាម​ច្បាប់ ដើម្បី​លុបបំបាត់​និទ្ទណ្ឌភាព និង​លើកកម្ពស់ សេរីភាព​បញ្ចេញ​មតិ នៅ​កម្ពុជា។

សេចក្ដី​ជូន​ដំណឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ពាក់ព័ន្ធ​របស់​សហព័ន្ធ សហជីព សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៥ មករា ឱ្យ​ដឹង​ថា ក្រុម​គ្រួសារ សាច់ញាតិ រួម​ទាំង​មិត្តភក្ដិ​ប្រមាណ​១៥០​នាក់ និង​និមន្ត​ព្រះសង្ឃ ប្រារព្ធ ពិធី​បង្សុកូល និង​ដាក់​កម្រ​ផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីកន្លែង​តម្កល់ រូប​សំណាក លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ មករា ខាង​មុខ។

ការ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​ចងចាំ​នូវ គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​លោក ជា វិជ្ជា ដែល​ជា​វីរជន​កម្មករ​ដ៏​ឆ្នើម។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​លោកស្រី សាយ សុកនី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៦ មករា ថា ទោះបីជា​ឃាតកម្ម​លើ​លោក ជា វិជ្ជា កើត​ឡើង​រយៈពេល ២០​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​ពន្លឺយុត្តិធម៌​សម្រាប់​ក្រុម គ្រួសារ​ជន រងគ្រោះ មិន​មាន​ឡើយ។

លោកស្រី​បន្ថែម​ថា តាំងពី​បោះឆ្នោត​អ៊ុនតាក់​ដល់​បច្ចុប្បន្ន​នេះ ករណី​លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី អ្នកកាសែត អ្នក​ការពារ​សិទ្ធិមនុស្ស និង​កម្មករ​ជាដើម ដែល​ជា​គ្រាប់ពូជ​ប្រជាធិបតេយ្យ សុទ្ធតែ​ត្រូវ​បាន​ឃាតក បាញ់​សម្លាប់ ប៉ុន្តែ​ពួកគាត់​ទាំងអស់​នេះ គ្មាន​អ្នកណាម្នាក់​ទទួល​បាន​យុត្តិធម៌​ឡើយ។

លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី និង​តុលាការ​ចាប់​ខ្លួន​ឃាតក​បាញ់ សម្លាប់​លោក ជា វិជ្ជា មក​ដាក់​ទោស​តាមច្បាប់ បើ​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។

លោកស្រី សាយ សុកនី៖ «វា​ឆ្លុះបញ្ចាំង​ពី ជា​គំរូ​អាក្រក់​មួយ​ដែល ដូច​ថា​វប្បធម៌​និទ្ទណ្ឌភាព​អ្នក​ស្លាប់​ចេះតែ​ស្លាប់​ទៅ វា​ជា​អំពើ​អយុត្តិធម៌​នៅក្នុង​មួយ​ដ៏​ធំធេង​រយៈពេល មាន​តិច​ណា​១០ ទៅ​២០ ទៅ ៣០ ឆ្នាំ ហ្នឹង​ដែល​មាន​អ្នក​ទទួល​បាន​យុត្តិធម៌ តាំងពី​ទសវត្សរ៍​៩០ មក​ឥឡូវ​ដែល​ទេ​តាំងពី​ចោរ​គ្រាប់បែក​នៅ​ខាង​មុខ​រដ្ឋ​សភា​ក៏​អ៊ីចឹង ១៩៩៧ ព្រឹត្តិការណ៍​ធំៗ អត់​ដែល​មាន​អ្នកណា​ទទួល​បាន​យុត្តិធម៌​ផង»។

ទាក់ទិន​រឿង​រៀបចំ​ពិធី​នេះ លោកស្រី សាយ សុកនី ថា ពួកគាត់​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​រួចហើយ កាល​ពី​ថ្ងៃទី៥ មករា ប៉ុន្តែ​ការ​សម្រេច​បែប យ៉ាងណា​នោះ ពួកគាត់​មិន​ទាន់​ដឹង​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភគ៌ និង​លោក ទូច សុឃៈ បាន​ទេ នៅ​ថ្ងៃ​ទី ៦ មករា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត ប្រសាសន៍​ថា ឃាតកម្ម​លើ​លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និង​លោក ហ៊ី វុទ្ធី ជាដើម​មកដល់ពេលនេះ មិនទាន់​ឃើញ​ចាប់ខ្លួន​ឃាតក​ពិតប្រាកដ ដាក់​ផ្ដន្ទាទោស​នៅឡើយ ដែល​បញ្ហា​នេះ បាន​ជះឥទ្ធិពល​មិន​ល្អ និង​ជា​សារ​មួយ គំរាមកំហែង​លើ​មេដឹកនាំ​សហជីព សកម្មជន​សង្គម និង​អ្នក​បញ្ចេញមតិ​ជាដើម។

លោក​សង្កេត​ឃើញ​ថា មាន​កត្តា​មួយចំនួន​ដែល​ជា​រឿង​សំខាន់ ធ្វើ​ឱ្យ​រាំងស្ទះ ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ការស៊ើបអង្កេត​រក​ជន​ដែល​ពាក់ព័ន្ធ ដើម្បី​យក​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់​នោះ គឺ​កត្តា​នយោបាយ និង​ឆន្ទៈ​នយោបាយ។

លោក អំ សំអាត ថា បញ្ហា​និទ្ទណ្ឌភាព​នេះ ធ្វើ​ឱ្យ​មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម ប៉ះពាល់​ដល់​នីតិរដ្ឋ​និង​សិទ្ធិមនុស្ស។

លោក អំ សំអាត៖ «ដើម្បី​បំបាត់​និទ្ទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅក្នុង​សង្គម ដើម្បី​លើកកម្ពស់​សេរីភាព​ក្នុង​ការ​ចូលរួម​មេដឹកនាំ​សហជីព​សកម្មជន​បរិ​ស្ថាន​ធនធានធម្មជាតិ និង​ក្នុង​ការ​សេរីភាព​បញ្ចេញមតិ។ អ្វី​ដែល​ធ្វើ​ទៅ​បាន គឺ​ត្រូវតែ​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ហើយ​ហ្នឹង​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ និង​ការ​ស៊ើបអង្កេត​រក​ការពិត និង​យុតិ្តធម៌​សម្រាប់​សង្គមជាតិ ក៏ដូចជា ជន​រងគ្រោះ»។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​ក្រោយ​វត្ត​លង្កា ជិត​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

រយៈពេល​២០ ឆ្នាំ​មកនេះ អាជ្ញាធរ​មិន​បាន​នាំ​ខ្លួន​ឃាតករ​ពិតប្រាកដ និង​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង​យក​មក​ផ្ដន្ទាទោស​នោះ​ទេ ក្រៅតែពី​ឃាតក សិប្បនិម្មិត ពីររូប គឺ ប៊ន សំណាង និង សុខ សំអឿន។មុន​ឃាតក​បាញ់​សម្លាប់ លោក ជា វិជ្ជា បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​គំរាម​ផ្ដាច់ជីវិត នៅក្នុង​ខែ​កក្កដា ឆ្នាំ​២០០៣ បន្ទាប់​ពី​លោក​ប្រកាស​ឱ្យ​សមាជិក សហជីព​សេរី​កម្មករ​ទាំងអស់​គាំទ្រ​គណបក្ស សម រង្ស៊ី។

លោក​បាន​ប្ដឹង​ទៅ​ប៉ូលិស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ហើយ​ប៉ូលិស បាន​ឆ្លើយ​ថា មិន​ហ៊ាន​ចាត់ការ​ទេ ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ធំ​ខ្ពស់ ហើយ​មន្ត្រី ប៉ូលិស រូប​នោះ បាន​ណែនាំ​ឱ្យ​លោក ជា វិជ្ជា ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព។

ទោះជា​យ៉ាង​នេះ​ក្តី លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទេ ព្រោះ​លោក​ចង់​តស៊ូ ដើម្បី​ផលប្រយោជន៍​កម្មករ សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ករណី​ធ្វើ​ឱ្យ​មាន​វប្បធម៌ និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា​រហូត​មក​ទល់​សព្វថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។