កម្មករ-កម្មការរិនីនៅតាមរោងចក្របារម្ភខ្លាំង ចំពោះសុវត្ថិភាពសុខភាពរបស់ខ្លួន ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ និងការខាតបង់ប្រាក់អត្ថប្រយោជន៍ ប្រសិនបើពួកគេឆ្លងជំងឺ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យអាស៊ីសេរីដឹងថា រោងចក្រមួយចំនួនមិនបានអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព និងត្រឹមត្រូវនោះទេ ជាពិសេស គឺការរក្សាគម្លាតក្នុងពេលធ្វើការ ការញាំអាហារជុំគ្នា និងពេលជិះរថយន្តឈរបញ្ជ្រៀតគ្នាជាដើម។ អ្នកស្រីថា ករណីនេះជាបញ្ហាប្រឈមធំមួយដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាលគួរយកចិត្តទុកដាក់ឲ្យបានខ្ពស់៖ « ខ្ញុំស្នើទៅដល់ក្រសួងៗ ជាពិសេសក្រសួងសុខាភិបាល ឬក៏ក្រសួងការងារហ្នឹង សុំជួយចាត់វិធានការនៅក្នុងការតាមដាន ត្រួតពិនិត្យ ឬក៏ចុះអធិការកិច្ច ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីការពារ ឬក៏អាចថា ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ហើយជម្រាបជូនទៅដល់ក្រុមហ៊ុន ឲ្យក្រុមហ៊ុនបានជម្រាបជូនទៅដល់ Line ទៅដល់ផ្សេងៗហ្នឹង ដើម្បីឲ្យគាត់មានការរក្សាគម្លាតអីហ្នឹងជាដើម » ។
តំណាងកម្មកររោងចក្រ Dwb Y&W Garment Co,. LTD លោក ផាន់ បុរី ថ្លែងថា កម្មករជាច្រើនបន្តការងារទាំងភ័យខ្លាច ដោយសារជំងឺកាចសាហាវនេះ។ លោកបន្តថា រោងចក្រមួយនេះ មិនអាចអនុវត្តវិធានការរក្សាគម្លាត និងការរៀបចំតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អឡើយ។ លោកថា កម្មករជួបការលំបាកខ្លាំងក្នុងជីវភាពគ្រួសារ គ្មានប្រាក់បង់ថ្លៃបន្ទប់ជួល និងជំពាក់បំណុលធនាគារ ទើបពួកគេធ្វើការទាំងប្រថុយប្រថានបែបនេះ។ លោកទទូចឲ្យរដ្ឋាភិបាលគួរអនុវត្តវិធានការឲ្យមានប្រសិទ្ធភាពជាងនេះតាមសេចក្តីប្រកាសរបស់ខ្លួន៖ « តាមដែលខ្ញុំគិតហើយនឹងភ័យខ្លាចហ្នឹង វាមាន២ជម្រើស ទី២ភ័យខ្លាចនឹងរឿងជំងឺ មួយទៀតភ័យខ្លាចអារឿងលុយជំពាក់គេហ្នឹង។ ចឹងវាមាន ២ចំណុចហ្នឹងដែលពួកខ្ញុំភ័យរាល់ថ្ងៃ។ ខ្ញុំសុំឲ្យតែគេរឹតបន្តឹងទេនិងអនុវត្តច្បាប់ទៅតាមក្រសួងណែនាំអញ្ចឹង ព្រោះដោយសារកម្មករទាំងអស់ គឺគាត់អត់អាចអត់ការងារធ្វើទេ អញ្ចឹងគឺទោះបីជាក្នុងស្ថានការណ៍បែបណា បើសិនជាគេឲ្យធ្វើការ គាត់ក៏នៅតែធ្វើដែរ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ និងមន្រ្តីក្រសួងការងារដើម្បីឆ្លើយតបនឹងបញ្ហានេះ នៅថ្ងៃទី១៣ ខែមីនា ប៉ុន្តែលោកបញ្ជាក់ថា កំពុងជាប់រវល់ រួចចុចផ្តាច់។
កន្លងមករោងចក្រ Y & W Garment ដែលស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្លាប់មានកម្មករស្ត្រីម្នាក់ឆ្លងជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ កម្មកររោងចក្រនេះជាច្រើននាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅវិភាគ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងផ្ទះរៀងៗខ្លួន ព្រមទាំងបិទអគារក្នុងរោងចក្រនោះ ១កន្លែង ផងដែរ។ ករណីនេះ ធ្វើឲ្យកម្មករភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង។
អ្នកស្រីយ៉ាង សុភ័ណ្ឌ ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យមានការសម្រាករយៈពេលខ្លីមួយ គិតគូរផ្តល់ឬរក្សាអត្ថប្រយោជន៍ជូនកម្មករក្នុងអំឡុងពេលសម្រាកនេះ និងរៀបចំ បែងចែងអ្នកជំងឺរោគផ្សេងឲ្យនៅដាច់ដោយឡែក និងរៀបចំទីកន្លែងរក្សាគម្លាតឲ្យបានត្រឹមត្រូវផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។