រដ្ឋាភិបាល​ដាក់​បម្រាម​ចេញ​ពី​ភ្នំពេញ និង​​ឆ្លង​ស្រុក-ខេត្ត ចាប់​ពី​ពាក់​កណ្ដាល​យប់​នេះ​តទៅ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​បិទ​ការ​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ និង​ហាម​ការ​ធ្វើដំណើរ​ឆ្លង​ស្រុក ឆ្លង​ខេត្ត ចាប់ពី​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃទី១០ មេសា ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជា ឱ្យ​រដ្ឋបាល​គ្រប់​រោងចក្រ កត់​ឈ្មោះ​កម្មករ ដែល​មិន​ព្រម​នៅ​ធ្វើការ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ ដើម្បី​ហាមឃាត់​កម្មករ​ទាំងនោះ មិន​ឱ្យ​ចូល​ធ្វើ​ការ​វិញ រយៈពេល​១៤​ថ្ងៃ ដោយ​គ្មាន​ប្រាក់​ឈ្នួល។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បម្រាប​បិទ​ការ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ និង​ហាម​មិន​ឱ្យ​ធ្វើដំណើរ​ឆ្លង​ស្រុក និង​ឆ្លង​ខេត្ត ហើយ​ហាម​មិន​ឱ្យ​រថយន្តឈ្នួល ដឹក​អ្នកដំណើរ​នៅ​កំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ ដោយសារ​កម្មករ​មិន​ពេញចិត្ត​នឹង​ការសម្រេច​របស់​លោក ក្នុង​ការ​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​។ នេះ​បើ​តាម​សារ​សំឡេង​លោក ហ៊ុន សែន ពេល​លោក​ថ្លែង​ទៅ ក្រុម​គណៈកម្មការ​ប្រឆាំង​កូវីដ​១៩ (Covid19) ហើយ​បាន​បែក​ធ្លាយ​នៅ​ថ្ងៃ​ទី​០៩ មេសា​។ លោក ហ៊ុន សែន និយាយ​ថា មូលហេតុ​ដែល​លោក​ចាត់វិធានការ​ដូច្នោះ ដោយសារ លោក​បាន​ទទួល​ដំណឹង​ថា កម្មករ​មិន​ព្រម​ស្ដាប់​បទបញ្ជា​លោក និង​មិន​ពេញចិត្ត​នឹង​ការសម្រេច​របស់​លោក ក្នុង​ការ​ហាមឃាត់​ការ​ឈប់​សម្រាក នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ៖ «ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ពី​ខេត្ត​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ គឺ​មិន​ឱ្យ​រថយន្ត​ចេញ​តែម្ដង​។ អ៊ីចឹង​រឿង​នេះ សំខាន់​ណាស់​។ បើ​បងប្អូន​មិន​ស្ដាប់​អ៊ីចឹង យើង​ក៏​មិន​អាច​ធ្វើ​ច្បាប់​បន្ទាន់​ដែរ​។ អ៊ីចឹង គឺ​សុំ​ឱ្យ​យកចិត្តទុកដាក់​ផ្ដល់​យោបល់​ឱ្យ​ខ្ញុំ​វិញ ហើយ​បើ​ផ្ដល់​យោបល់​បាន​ហើយ គឺ​សុំ​សម្ដេច​ក្រឡាហោម និង​ឯកឧត្ដម ប៊ិន ឈិន ធ្វើ​សេចក្ដីព្រាង​ឱ្យ​ខ្ញុំ ដើម្បី​ចុះហត្ថលេខា ចេញ​បទបញ្ជា ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចេញពី​ស្រុក ពី​ស្រុក​មួយ ទៅកាន់​ស្រុក​មួយ ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ ហើយ​រថយន្តឈ្នួល​ទាំងអស់ មិន​ឱ្យ​ធ្វើ​ដំណើរ ក្នុង​រយៈពេល​ហ្នឹង»។

ជុំវិញ​សំឡេង​បែក​ធ្លាយ​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់ ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃ​ទី​០៩ មេសា ដោយសារ ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ក៏បាន​ដាក់​កំហិត​ម្ដងទៀត នៅ​ថ្ងៃ​ទី​០៩ មេសា ថា កម្មករ និយោជិក​ទាំងអស់ ដែល​ស្ថិត​ក្រោម​ដែន​អនុវត្ត​នៃ​ច្បាប់​ស្ដីពី​ការងារ ត្រូវ​បន្ត​នៅ​ធ្វើ​ការ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន ដូច​ធម្មតា។ លោក​បញ្ជា​ឱ្យ​ខាង​រោងចក្រ កត់​ឈ្មោះ​កម្មករ ដែល​មិន​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ទាំងអស់ ផ្ដល់​ឱ្យ​អាជ្ញាធរ ដើម្បី​ចាត់វិធានការ ដាក់​ឱ្យ​នៅ​ដោយឡែក​ចំនួន​១៤​ថ្ងៃ។

ក្នុង​សេចក្ដី​ជូនដំណឹង លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ បញ្ជាក់​ថា ក្នុង​ករណី​កម្មករ និយោជិក មិន​ព្រម​អនុវត្ត ហើយ​ឈប់សម្រាក​ដោយ​ឯកឯង នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​១៤ ថ្ងៃ​សិន មុន​ឱ្យ​ចូល​ធ្វើការ​វិញ​។ ការ​ដាក់​ឱ្យ​ដាច់ដោយឡែក​នោះ នឹង​ពុំ​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ឡើយ​។ ប៉ុន្តែ​បើ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឱ្យ​ឈប់ កម្មករ​ក៏​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​ដែរ តែ​ទទួល​បាន​ប្រាក់​ឈ្នួល​។ វិធានការ​ទាំងនេះ ត្រូវ​បាន​អះអាង​ថា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ (Covid-19)។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក (facebook) កាល​ពី​ថ្ងៃ​ទី​៨ មេសា ថា ដើម្បី​បង្ការ​ហានិភ័យ ក្រោយពេល​ចូលឆ្នាំ​និង​សំអាង​តាម​វិធានការ​ចត្តាឡឺស័ក​សុខាភិបាល ឬ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ សូម​រដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់​ឈ្មោះ​កម្មករ​និយោជិក បុគ្គលិក​ទាំងអស់ ដែល​អវត្តមាន​ក្នុងអំឡុងពេល​ចូលឆ្នាំ ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ និង​ដើម្បី​ត្រៀម​ធ្វើ​វិធានការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ តាម​ផ្ទះ​ជួល ចំនួន​១៤​ថ្ងៃ ដោយ​គ្មាន​ប្រាក់​ឈ្នួល​សិន ទើប​អនុញ្ញាត​ឱ្យ​ចូល​ធ្វើ​ការ​វិញ។

កម្មការិនី​ម្នាក់ ធ្វើការ​នៅ​រោងចក្រ W&D នៅ​ខណ្ឌ​មានជ័យ លោកស្រី សំ សុខស្រីមុំ និយាយ​ថា ដំបូង លោកស្រី មាន​បំណង ទៅលេង​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​។ តែ​នៅ​ពេល​ឃើញ​វិធានការ​របស់​ក្រសួង​ការងារ ចេញ​បម្រាប​មក លោកស្រី​លែង​ហ៊ាន​ឈប់សម្រាក​ហើយ​។​

លោកស្រី ថា កម្មករ​ខ្លះ ក៏​មិន​ហ៊ាន​ល្មើស​នឹង​បម្រាម​របស់​ក្រសួង​ការងារ​ដែរ ដោយ​បារម្ភ​ថា មាន​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​បាត់បង់​ប្រាក់ចំណូល នៅ​ពេល​រង​វិធានការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ១៤​ថ្ងៃ​។ ដូច្នេះ ក្រុម​កម្មករ​ខ្លះ សម្រេច​នៅ​បន្ត​ធ្វើ​ការងារ​ធម្មតា៖ «យើង​ចង់​ទៅលេង​ស្រុក​អ៊ីចឹង​។ បើ​ថា​មកវិញ ទោះ​ខ្លួន​យើង​មាន ឬក៏​មិន​មាន​ជំងឺ​ហ្នឹង​ក៏ដោយ ក៏​គេ​រក្សា​យើង ១៤​ថ្ងៃ​ទៀត​សិន​។ អា​ហ្នឹង បាន​ឱ្យ​ចូល​បាន ឱ្យ​ចូល​កន្លែង​ធ្វើការ​ហ្នឹង​បាន។ ដល់​ពេល​ឧបមា​ថា បើ​យើង​អត់​មាន ប៉ុន្តែ​ក៏​គេ​ឃុំ​យើង​១៤​ថ្ងៃ ដើម្បី​មើល​អ្នកជំងឺ​ហ្នឹង កកើត ឬក៏​មិន​កកើត​អ៊ីចឹង ធ្វើ​ឱ្យ​យើង​ខាត​ពេលវេលា​ដែរ ខាត​លុយកាក់​យើង​ដែរ​។ យល់​ល្អ យើង​នៅ មួយ​កន្លែង​សិន​ទៅ»។

ចំណែក​អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ យល់ថា វិធានការ​កត់​ឈ្មោះ​កម្មករ ដែល​មិន​ព្រម ធ្វើការ​នៅ​ថ្ងៃ​ចូលឆ្នាំ​គឺជា​វិធានការ​តឹងរ៉ឹង​រឹតត្បិត​ពេក និង​ជា​ការ​ពិន័យ ដោយ​ប្រយោល​លើ​កម្មករ។ ថ្វី​ត្បិត សហជីព​រូប​នេះ មិន​ហ៊ាន​ផ្ដល់​ទស្សនៈ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​បែប​ណា តែ​លោក យល់ថា ការ​ចេញ​វិធានការ​របស់​ក្រសួង​ការងារ​កៀក​ពេលវេលា​ពេក​។ លោក​ចង់​ឱ្យ​ក្រសួង​ការងារ បន្ធូរបន្ថយ​វិធានការ​ខ្លះ ដើម្បី​កុំ​ឱ្យ​កម្មករ​យល់​ថា ជា​ការ​ដាក់​សម្ពាធ៖ «ប្រកាស​ហ្នឹង​ចេញ​ម្សិលមិញ ថ្ងៃ​០៨ ហើយ​ថ្ងៃ​០៩ ចេញ​ម្ដង​ទៀត វា​ហាក់បីដូចជា​កៀក​មែនទែន ព្រោះថា ថ្ងៃ​ចូលឆ្នាំ មានតែ​២​ថ្ងៃ​ទៀត​ហ្នឹង​។ អ៊ីចឹង យើង​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​តក់ក្រហល់ តក់ក្រហល់​ពេក ដែល​ធ្វើ​ឱ្យ​កម្មករ និយោជិក គាត់​មិនសូវ​សប្បាយចិត្ត ព្រោះ មាន​វិធានការ​ហ្នឹង​ (​ ចេញ​ )​ រាង​រយាល មានន័យថា រាង​វែង​បន្តិច​ទៅ​។ យើង​គួរ​ឱ្យ​សោកស្ដាយ​ដែរ ពីព្រោះ ថា ហានិភ័យ​វីរុស​ហ្នឹង កើត​នៅ​កន្លែង​ណាមួយ វា​ធ្វើ​ឱ្យ​រោងចក្រ​កន្លែង​ហ្នឹង​បិទ​តែម្ដង អ៊ីចឹង​ណា​។ អ៊ីចឹង​យើង​អត់​ចង់​ឱ្យ​មាន ហានិភ័យ​សម្រាប់​កម្មករ​ទេ»។

ចំណែក​ឯ​អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើល (NAGA World) អ្នកស្រី ឈុន សុខា សង្កេត​​ឃើញ​ថា ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ហាក់​លែង​សូវ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ដូច​មុន ក្រោយ​របាយការណ៍​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​ចំនួន​ឆ្លង​។ ប៉ុន្តែ លោកស្រី យល់ស្រប​នឹង​វិធានការ​របស់​ក្រសួង​ការងារ ក្នុង​ការ​ទប់ស្កាត់​ការ​ប្រមូលផ្ដុំ និង​ការ​ជួប​ជុំគ្នា នៅ​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​។ អ្នកស្រី អំពាវនាវ​ឱ្យ​កម្មករ អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​ការងារ ដើម្បី​ជៀសវាង​បញ្ហា​ប្រឈម​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩៖ «កាលៈទេសៈ​នេះ យើង​អត់​អំណោយផល​ទេ​។ អ៊ីចឹង សង្ឃឹមថា យើង​ទាំងអស់​គ្នា គឺ​យើង​យល់​ពី​ស្ថានភាព​ជំងឺ​ហ្នឹង​ទាំងអស់​គ្នា ដើម្បី​បញ្ចៀស​ជំងឺ​ហ្នឹង ឆ្លង​មក​លើ​ខ្លួន​យើង ហើយ​នឹង​រាតត្បាត​មកដល់​គ្រួសារ​យើង​ផង​ដែរ ហើយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចាត់វិធានការ​បែប​ហ្នឹង​ទៅ លើ​បុគ្គល ឬក៏​កម្មករ ដែល​គាត់​ព្យាយាម​ឈប់​ហ្នឹង ខ្ញុំ​គិត​ថា គេ​គ្រាន់តែ​ចង់​ធ្វើ​ដើម្បី​ការពារ​សុវត្ថិភាព​ពួកគាត់ មុននឹង​ពួកគាត់​ឈាន​ទៅ​ដល់​ក្រុម​គ្រួសារ​ពួកគាត់​ទេ​។ អ៊ីចឹង សម្រាប់​ខ្ញុំ ខ្ញុំ​នៅតែ​គិត​ថា យើង​គួរតែ​នាំគ្នា​ផ្អាក​កម្មវិធី ដូច​អ្វី​ដែល​សម្ដេច​បាន​និយាយ​អ៊ីចឹង»។

លោក ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ថា រដ្ឋាភិបាល​បានសម្រេច​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ឆ្នាំនេះ ហើយ​មិន​អនុញ្ញាត​ឱ្យ​មានការ​ឈប់សម្រាក​ឡើយ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​។ ទោះ​យ៉ាងណា លោក ហ៊ុន សែន សន្យា​ថា នឹង​សង​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ខ្មែរ​ចំនួន​៥​ថ្ងៃ សង​កម្មករ​គ្រប់​វិស័យ​វិញ និង​អះអាង​ថា វិធានការ​នេះ គឺ​ដើម្បី​ការពារ​ការ​រីក​រាលដាល ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។