ផ្ទៃដីខេត្តកណ្ដាលជាង៣០០ហិកតារត្រូវកាត់ចូលឱ្យរាជធានីភ្នំពេញគ្រប់គ្រង។ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៥ ខែតុលាថា ក្រុមជំនាញបានចុះសិក្សា និងវាស់វែងតំបន់ដែលត្រូវកាត់ចូលរាជធានីភ្នំពេញរួចហើយ។ លោកបញ្ជាក់ថា ទោះបីជា រដ្ឋាភិបាលមានការកែសម្រួលព្រំប្រទល់ថ្មីបែបនេះក្ដី ប៉ុន្តែមិនប៉ះពាល់អគារសាលាខេត្តកណ្ដាលសព្វថ្ងៃនេះទេ។
ការបញ្ជាក់បែបនេះរបស់អភិបាលខេត្តកណ្ដាល ក្រោយមានលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃ១៣ ខែតុលា ស្នើទៅប្រមុខរដ្ឋស្តីទីកែសម្រួលដីនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ លោក ហ៊ុន សែន ស្នើកាត់ដីទំហំ៣០២ហិកតារ ពីខេត្តកណ្ដាលទៅរាជធានីភ្នំពេញធ្វើជាការអភិវឌ្ឍទីក្រុងរណប។ លិខិតរបស់រដ្ឋាភិបាល បង្ហាញថា ត្រូវយកភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ និងសង្កាត់ចំនួន៤ទៀតស្មើនឹង៥ភូមិ ក្នុងនោះមានប្រជាពលរដ្ឋសរុប ៧៥៣នាក់។
ដោយឡែក ក្នុងលិខិតដដែលនោះ លោក ហ៊ុន សែន ស្នើសុំកាត់ផ្ទៃដីទំហំជាង ២ហិកតារ ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលវិញ ដើម្បីឱ្យផ្ទៃដីវត្តទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលតែមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។