មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ លោក កឹម ជាតិ ត្រូវ​បាន​ដក​ពី​តំណែង ករណី​ទារប្រាក់​ពី​ឈ្មួញ​នាំ​ចូល​ទំនិញ

ព្រះមហាក្សត្រ​បាន​បញ្ចប់​មុខ​តំណែង​លោក កឹម ជាតិ ពី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក្រោយពី​ក្រុមហ៊ុន​ឧកញ៉ា ដួង តិច បាន​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ចោទ​ថា លោក​ទារប្រាក់​ពី​ក្រុមហ៊ុន​លក់​ស្រា​ប្រមាណ ១០​ម៉ឺន​ដុល្លារ។

ក្នុង​ព្រះរាជក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​១៤ ធ្នូ ឆ្នាំ​២០២៣ ដែល​ឡាយ​ព្រះហស្តលេខា​ដោយ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​បញ្ចប់​មុខ​តំណែង លោក កឹម ជាតិ ពី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។ ការ​បញ្ចប់​តំណែង​នេះ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឱ្យ​បញ្ចប់​មុខ​តំណែង លោក កឹម ជាតិ នេះ បន្ទាប់ពី​លោក អ៊ូច សុភត្រា មេធាវី​ការពារ​ក្ដី​ឱ្យ​ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប (Chhivtimex Group) បាន​ដាក់​ពាក្យ​បណ្ដឹង​មក​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ។

ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី៦ ខែ​តុលា លោក អ៊ូច សុភត្រា ជា​មេធាវី ការពារ​ក្ដី​ឱ្យ​ក្រុមហ៊ុន ឈីវ ទីម៉ិច ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណ:កម្មាធិការ​បាន​ចុះ​ទៅ​ពិនិត្យ​ឃ្លាំង​ស្រា​របស់​កូនក្ដី​របស់​ខ្លួន និង​បាន​ចោទ​ក្រុមហ៊ុន នេះ​ថា មិន​ស្រប​ច្បាប់។

ប្រភព​ដដែល​ថា ក្រៅពី​ចោទ​នោះ លោក កឹម ជាតិ បាន​ទាមទារ​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​ធម្មតា​វិញ។

លោក អ៊ូច សុភត្រា ដែល​ជា​មេធាវី​បាន​ស្នើ​ឱ្យ​អគ្គាធិការដ្ឋាន នៃ​ក្រសួង​មហាផ្ទៃ​ចាត់វិធានការ​លើ​លោក កឹម ជាតិ ដោយ​ចោទ​ថា លោក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍​កូនក្ដី​របស់​ខ្លួន និង​ឱ្យ​លោក កឹម ជាតិ ប្រគល់​ស្រា​ចំនួន ៤៨​ដប ដែល​បាន​ដកហូត រួម​ទាំង​ប្រគល់​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​ឱ្យមក​ក្រុមហ៊ុន​វិញ​ផង​ដែរ។

អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃទី១៦ ធ្នូ ដោយ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ចំពោះ​រឿង​នេះ ដោយ​ថា នគរបាល​យុត្តិធម៌ កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត។

ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប របស់​ឧកញ៉ា ដួង តិច ដែល​ត្រូវជា​កូន​របស់​លោក ដួង ឈីវ ស្ថាបនិក​ក្រុមហ៊ុន ឈីវទិម៉ិច គ្រុប ដែល​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ជាច្រើន ដូចជា ការនាំចេញ​-​នាំចូល ការអភិវឌ្ឍន៍​វិនិយោគ​អចលនទ្រព្យ កសិកម្ម សំណង់ ទេសចរណ៍ ធានារ៉ាប់រង និង​ដឹកជញ្ជូន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។