ជនរងគ្រោះ និងសាច់ញាតិ ប្រារព្ធខួប៧ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅរោងចក្រយ៉ាកជីន (Yak Jin Cambodia) និងនៅតាមផ្លូវវ៉េងស្រេងដែលបណ្ដាលឱ្យកម្មកររោងចក្រ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន ហើយកម្មករ និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ទៀតរងរបួសព្រមទាំងត្រូវជាប់ពន្ធនាគារទៀតផង។ ជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្ស ទាមទារឱ្យរដ្ឋាភិបាល នាំខ្លួនទាហាន ឬកម្លាំងសមត្ថកិច្ច ដែលប្រើកាំភ្លើងបាញ់សម្លាប់កម្មករមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ និងសំណងដល់ជនរងគ្រោះ។
សមាជិកសហជីព សមាជិកសង្គមស៊ីវិលរួមទាំងជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះ ប្រមាណជា ៨០នាក់ បានជួបជុំគ្នានៅការិយាល័យផ្ទះសាមគ្គី នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ ដើម្បីប្រារព្ធពិធីរំលឹកខួប ៧ឆ្នាំ នៃការបាញ់ប្រហារពីសំណាក់កងកម្លាំងចម្រុះរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅលើកម្មករ-កម្មការិនីដែលកំពុងធ្វើកូដកម្ម កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករាឆ្នាំ២០១៤ នៅរោងចក្រយ៉ាកជីន និងនៅលើកំណាត់ផ្លូវវ៉េងស្រេង។
សាច់ញាតិជនរងគ្រោះ រំលឹកថា កាលពី៧ ឆ្នាំមុន គឺល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ជាពេលដែលពួកគេស្រក់ទឹកភ្នែក ស្រែកទ្រហោយំនិងឈឺចាប់បំផុតដោយសារតែសាច់ញាតិរបស់ពួកគេត្រូវបានស្លាប់ និងរបួសដោយសារគ្រាប់កាំភ្លើង និងការវាយដំទាំងកម្រោលរបស់កងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាល។ មកទល់ពេលនេះ ពួកគេនៅតែរងការឈឺចាប់ផ្លូវចិត្ត ដោយសារតែមិនមានការស៊ើបអង្កេតត្រឹមត្រូវ ហើយចំណែកកម្លាំងប្រដាប់អាវុធដែលជាឃាតកនោះ មិនត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់របស់កម្មករទាំងនោះទេ។
ម្ដាយជនរងគ្រោះម្នាក់វ័យប្រមាណ៦០ឆ្នាំ និយាយទាំងអួលដើមកថា កូនរបស់របស់គាត់ត្រូវទាហានបាញ់ស្លាប់កាលពី ៧ឆ្នាំមុន ក្នុងអាយុ ២២ឆ្នាំ ។ លោកស្រី ថា កូនរបស់គាត់ និងកម្មករដទៃទៀត គ្រាន់តែទាមទារប្រាក់ឈ្នួលដើម្បីរស់នៅសមរម្យប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាល មិនដោះស្រាយតាមការស្នើសុំ បែរជាប្រើទាហានបាញ់សម្លាប់កូនរបស់គាត់ ដោយចោទថា ជាបាតុកម្មខុសច្បាប់ចង់រំលំរដ្ឋាភិបាលទៅវិញ។ ម្ដាយជនរងគ្រោះរូបនេះ នៅតែបន្តអំពាវនាវឱ្យរដ្ឋាភិបាល ស្វែងរកយុត្តិធម៌សម្រាប់កូនប្រុសជាទីស្រឡាញ់របស់ពួកគាត់៖ «ប៉ុន្មានឆ្នាំហើយ គ្មានម្តាយណាដែលកាត់ចិត្តពីកូនបានទេ។ ពួកគាត់ជាកម្មករទាមទារដំឡើងប្រាក់ខែនេះ មកពីរដ្ឋាភិបាលនិយាយអត់ទៀងត្រង់ ថា ដំឡើងឱ្យតែអត់ដំឡើង ដូច្នេះហើយទើបកម្មករនាំគ្នាទាមទារដំឡើងប្រាក់ខែ។ ដំឡើងឱ្យ ឬមិនឱ្យកុំបាញ់សម្លាប់អ៊ីចឹង។ ចុះបើគេសម្លាប់កូនខ្លួនឯងវិញ សួរថា ទឹកចិត្តយើងជាឪពុកម្ដាយ វាបែបណាដែរ មានកូនដូចគ្នា។ ខំចិញ្ចឹមកូនពីតូចដល់ពេលអាយុ២០ជាង កូនស្លាប់»។
រីឯប្រពន្ធជនរងគ្រោះម្នាក់ទៀតគឺកម្មការិនីរោងចក្រ លោកស្រី ឈី ផានិត និយាយបណ្ដើរយំបណ្ដើរថា ប្តីរបស់គាត់ ក៏ត្រូវបានទាហានបាញ់សម្លាប់ដែរ ដោយសារគ្រាន់តែចូលរួមទាមទារប្រាក់ឈ្នួល១៦០ដុល្លារ។ លោកស្រីបន្តថា ខ្លួនបានដាក់បណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីរកយុត្តិធម៌ជូនប្តីដែលស្លាប់ទៅដែរ ប៉ុន្តែលទ្ធផលគឺស្ងាត់ឈឹងតែម្ដង។ ស្ត្រីរូបនេះបញ្ជាក់ថា បំណងធំរបស់គាត់នៅពេលនេះ គឺចង់ឱ្យមានអ្នកទទួលខុសត្រូវក្នុងព្រឹត្តិការណ៍បាញ់បង្ក្រាបបាតុកម្មនៅផ្លូវវ៉េងស្រេង និងនាំឃាតកបាញ់សម្លាប់កម្មករយកទៅដាក់ទោសតាមច្បាប់៖ «ការបាត់បង់រយៈពេល៧ឆ្នាំមកនេះ មិនទាន់មាននរណាម្នាក់ ឬប៉ូលិស មន្ត្រីទាហានមួយណា មកទទួលស្គាល់ថា បានធ្វើទៅលើគ្រួសារយើងខ្ញុំទេ។ មកដល់ពេលនេះ អ្វីដែលគ្រួសារបស់នាងខ្ញុំទន្ទឹងចង់បាន គឺភាពយុត្តិធម៌ តែវាមិនទាន់មាន។ យើងខ្ញុំសូមសំណូមពរដល់បណ្ដាអង្គការទាំងក្នុងប្រទេស និងក្រៅប្រទេស សូមជួយរកយុត្តិធម៌ដល់បងប្អូនដែលស្លាប់ បាត់បង់ជីវិតផង»។
កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ កម្មករ-កម្មការិនីរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ានៅមុខរោងចក្រយ៉ាកជីន និងនៅកំណាត់ផ្លូវវ៉េងស្រេង ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ ប៉ុន្តែនៅពេលនោះ រដ្ឋាភិបាល មិនបានដោះស្រាយជូនកម្មករដោយសន្តិវិធីឡើយ។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ កងទ័ពឆ័ត្រយោង ៩១១ ដឹកនាំដោយលោក ចាប ភក្តី បានបើកប្រតិបត្តិការវាយបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករ រួមទាំងអ្នកការពារសិទ្ធិមនុស្សនៅមុខរោងចក្រយ៉ាកជីនបណ្ដាលឱ្យរបួសរាប់សិបនាក់ ហើយថែមទាំងចាប់ខ្លួនកម្មករ៧នាក់ និងអ្នកការពារសិទ្ធិមនុស្ស៣នាក់ គឺលោក ថេង សាវឿន លោក វ៉ន ពៅ និងលោក ចាន់ ពុទ្ធិស័ក្កិ ទៅធ្វើទារុណកម្ម និងដាក់គុកជិត៥ខែ។ មកដល់នៅថ្ងៃទី៣ ខែមករា កងកម្លាំងចម្រុះរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏បន្តបើកការបង្ក្រាបដោយបាញ់គ្រាប់កាំភ្លើងពិតទៅលើកម្មករនៅលើផ្លូវវ៉េងស្រេង បណ្ដាលឱ្យកម្មករ៤នាក់ស្លាប់ យុវជន ខឹម សុផាត បាត់ខ្លួនដល់សព្វថ្ងៃ និងរបួសជាង ៤០នាក់ព្រមទាំងចាប់ខ្លួនកម្មករជាង១០នាក់ថែមទៀត។ កម្មករទាំង ៤នាក់ ដែលស្លាប់នោះ មានឈ្មោះ លោក គឹម ផាលាភ លោក សាម រ៉ាវី លោក យាន រិទ្ធី និងលោក ផេង កុសល។ ចំណែកយុវជន ខឹម សុផាត ត្រូវបានគេឃើញត្រូវគ្រាប់ ហើយកម្លាំងប្រដាប់អាវុធ បានលើកគាត់ដាក់រថយន្តបើកចេញទៅ។
ការផ្ទះបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលហើយឈានដល់ការបង្ក្រាបដ៏ហិង្សានៅពេលនោះ កើតឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិ កំពុងធ្វើពហិកាមិនចូលប្រជុំសភា និងធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យចាស់ និងតាមដងផ្លូវមួយចំនួនក្នុងក្រុងភ្នំពេញពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសនៃលទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៣។ ការណ៍នេះហើយដែលធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និយាយភ្ជាប់ករណីទាំងពីរ គឺករណីតវ៉ារឿងសន្លឹកឆ្នោតរបស់បក្សប្រឆាំង និងករណីតវ៉ារឿងដំឡើងប្រាក់ឈ្នួលរបស់កម្មករនេះ ទៅជារឿងតែមួយហើយទម្លាក់ការទទួលខុសត្រូវឱ្យគណបក្សជំទាស់វិញ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយទូរស័ព្ទចូលច្រើនដង តែគ្មានអ្នកទទួល។ ចំណែក ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន កាលពីពេលថ្មីៗនេះ បានថ្លែងការពារអំពើហិង្សា និងការបាញ់បង្ក្រាបរបស់កងកម្លាំងសមត្ថកិច្ចទៅលើក្រុមកម្មករនិងអ្នកការពារសិទ្ធិមនុស្សថា គឺជាការអនុវត្តច្បាប់ត្រឹមត្រូវ ដែលជាភ័ព្វសំណាងរបស់កម្ពុជា។ ទន្ទឹមគ្នានេះ លោក ផៃ ស៊ីផាន បានចោទប្រកាន់ដោយគ្មានបង្ហាញភស្តុតាងថា គណបក្សប្រឆាំង គឺជាអ្នកញុះញង់ឱ្យកម្មករធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាល៖ «យើងធ្វើស្របតាមច្បាប់ដើម្បីធានានូវផលប្រយោជន៍សាធារណៈដែលភាគច្រើននោះ យើងមិនអនុញ្ញាតឱ្យពួកហ្នឹងវាយកម្ទេចអគាររបស់គេ ឬទ្រព្យសម្បត្តិរបស់ឯកជន ឬមិនមែនជាសិទ្ធិ ធ្វើការបំផ្លាញ ដូច្នេះអានេះយើងធ្វើ យើងចាត់ការ រឿងដទៃផ្សេងៗគេមិនពេញចិត្ត គេឡើងទៅតុលាការទៅ»។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការចោទប្រកាន់របស់ក្រុមលោក ហ៊ុន សែន មកលើគណបក្សសង្គ្រោះជាតិ គឺជាការគេចវេះពីការទទួលខុសត្រូវ។ ពួកគេពិនិត្យឃើញថា ការបង្ក្រាបនៅផ្លូវវ៉េងស្រេង និងនៅរោងចក្រយ៉ាកជីន គឺជាល្បិចកលរបស់គណបក្សកាន់អំណាច ដើម្បីមានលេសបន្តបង្ក្រាបបាតុកម្មរបស់បក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យនៅពេលនោះបន្តទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីការតវ៉ារបស់កម្មករ គឺគ្រាន់តែទាមទារដំឡើងប្រាក់ឈ្នួលគោលដើម្បីជីវភាពសមរម្យរបស់ពួកគាត់ ដូច្នេះមិនពាក់ព័ន្ធជាមួយនឹងគណបក្សប្រឆាំងឡើយ ហើយក្រោយការតវ៉ា និងការបង្ក្រាបនោះ រដ្ឋាភិបាល និងភាគីក្រុមហ៊ុនរោងចក្រ រួមទាំងសហជីព ក៏ចាប់ផ្ដើមចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករជារៀងរាល់ឆ្នាំ។ លោកបន្តថា រដ្ឋាភិបាល មិនត្រូវទាញភ្ជាប់ករណីតវ៉ារបស់ កម្មករទៅជារឿងនយោបាយ ហើយមិនផ្ដល់យុត្តិធម៌ជូនកម្មករដែលរងគ្រោះពីការវាយដំនិងបាញ់ប្រហារដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចឡើយ៖ «សំខាន់គឺការស៊ើបអង្កេតមួយដោយតម្លាភាពយុត្តិធម៌ ដើម្បីស្វែងរកយុត្តិធម៌ទៅដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងបាត់ខ្លួន ហើយនិងអ្នកដែលរងរបួសពីព្រឹត្តិការណ៍នោះ រកទៅថា តើអ្នកណាដែលបង្កឱ្យមានអំពើហិង្សានោះ តើអ្នកណាជាអ្នកប្រើប្រាស់នូវអាវុធក្នុងការបាញ់សម្លាប់ទៅលើកម្មករ - កម្មការិនីឱ្យស្លាប់និងរងរបួស ហើយ បាត់ខ្លួនហ្នឹង ហើយយកទៅផ្ដន្ទាទោសតាមច្បាប់។ នេះគឺជាការផ្តល់យុត្តិធម៌នៅក្នុងសង្គម ដល់ជនរងគ្រោះ និងលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព ដើម្បីកុំឱ្យព្រឹត្តិការណ៍ទាំងអស់នេះ កើត ឡើងជាបន្តទៅទៀត»។
ដំបូងឡើយ ក្រុមមន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ហ៊ុន សែន តែងតែឆ្លើយថា កំពុងស្រាវជ្រាវករណីបង្ក្រាបដោយហិង្សានោះ ប៉ុន្តែចាប់តាំងពីរបបក្រុងភ្នំពេញ រំលាយគណបក្សសង្គ្រោះជាតិ ហើយក្ដោបក្ដាប់អំណាចពេញក្នុងដៃ ស្រាប់តែក្រុមមន្ត្រីនាំពាក្យទាំងអស់នោះឆ្លើយថា រដ្ឋាភិបាល គ្មានកាតព្វកិច្ចទទួលខុសត្រូវ និងស្រាវជ្រាវករណីនេះទេ ហើយថែមទាំងចោទប្រកាន់ និងទម្លាក់ការទទួលខុសត្រូវឱ្យគណបក្សសង្គ្រោះជាតិថែមទៀត។
អង្គការសង្គមស៊ីវិល និងសាច់ញាតិជនរងគ្រោះ ចាត់ទុកថា ការបណ្ដែតបណ្ដោយឱ្យសមត្ថកិច្ចបាញ់សម្លាប់កម្មករហើយគ្មានទោសពៃរ៍នោះ ជាគំរូដ៏អាក្រក់សម្រាប់មនុស្សជំនាន់ក្រោយ។ ជនរងគ្រោះខ្លះទៀត ជឿថា ឃាតកសម្លាប់មនុស្សនៅផ្លូវវ៉េងស្រេង នឹងនៅតែរួចខ្លួន ដោយសារតែមេដឹកនាំរបបក្រុងភ្នំពេញ បានចេញមុខការពារ ប៉ុន្តែពួកគេ រំពឹងថា យុត្តិធម៌នឹងកើតមានប្រសិនបើមានការផ្លាស់ប្ដូររបបដឹកនាំសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។