អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅក្នុងប្រទេសហ្វាំងឡង់ លោក គឹម សុខ មានប្រសាសន៍នៅថ្ងៃទី១២ មករាថា ប្រទេសចិនមិនចង់ឱ្យមេដឹកនាំណាម្នាក់នៅក្នុងប្រទេសកម្ពុជា មានជំហរងាកចេញពីចិនទេ ប្រសិនបើនៅថ្ងៃអនាគត លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន ស្នងតំណែងពីឪពុក។
លោក គឹម សុខ បន្តថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងមន្ត្រីស្ថានទូតចិន ទំនងជាចិនចង់ស្ទង់មើលជំហររបស់លោក ហ៊ុន ម៉ាណែត ថា តើរវាងចិន និងវៀតណាម គាត់នៅជាមួយភាគីណាប៉ុន្មានភាគរយ ហើយនៅពេលអនាគត ពេលដែលលោក ហ៊ុន ម៉ាណែត ទទួលមរកតអំណាចពីលោក ហ៊ុន សែន ហើយនោះ តើលោក ម៉ា ណែត នៅជាមួយភាគីណាពិតប្រាកដ៖ «ពីព្រោះតាមខ្ញុំកត់សំគាល់ ទីប្រឹក្សានៃស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន មានតួនាទីសំខាន់មួយគឺ ស្ទង់នៃនិន្នាការ ជំហរ និងគោលនយោបាយនៃមេដឹកនាំប្រទេសជាមិត្ត ដើម្បីចិនអាចកំណត់នៅគោលនយោបាយ អនាគតជាមួយប្រទេសចិនជាមួយប្រទេសជាមិត្ត ដូចជាកម្ពុជាជាដើមហ្នឹង » ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថា រដ្ឋាភិបាលរក្សាទំនាក់ទំនងល្អជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ដោយមិនលំអៀងទៅរកប្រទេសណាមួយទេ។
លោកថា លោកមិនឱ្យតម្លៃទៅលើការវិភាគគ្មានមូលដ្ឋានជាក់លាក់នោះទេ ដោយសារជំនួបនេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន ម៉ាណែត ជូបជាមួយទីប្រឹក្សាស្ថានទូតចិន។ លោកបន្តថា ជំហររបស់កម្ពុជាគឺ រក្សាទំនាក់ទំនងល្អជាមួយគ្រប់បណ្ដាប្រទេសទាំងអស់៖ «ចំពោះគោលនយោបាយការបរទេស របស់កម្ពុជាគឺ បានបង្ហាញកំណត់ច្បាស់លាស់ គឺអ៊ីចឹង គ្មានយកអ្នកណាជាសត្រូវទេ គឺស្ថិតនៅក្នុងអព្យាក្រឹត្យ និងឯករាជ្យ។ យើងមិនអនុញ្ញាតឱ្យខ្លួនយើងនៅក្រោមឥទ្ធិពលនៃបក្សសម្ព័ន្ធ ណាមួយឡើយ។ នេះជាគោលជំហរកិច្ចការបរទេសរបស់កម្ពុជា » ។
គេហទំព័រគណបក្សប្រជាជនកម្ពុជា បានផ្សាយកាលពីថ្ងៃទី១២ មករាថា លោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានអនុញ្ញាតឲ្យលោក វ៉ូ ឈុនប៉ីង (Wu Chuanbing) ទីប្រឹក្សាស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ចូលជួប ដើម្បីពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អរវាងយុវជននៃប្រទេសទាំងពីរ។
អាស៊ីសេរីមិនអាចសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមពីលោក ហ៊ុន ម៉ាណែត អំពីលទ្ធផលនៃជំនួបនោះបានទេ។ ប៉ុន្តែលោកមានប្រសាសន៍នៅក្នុងគេហទំព័ររបស់គណបក្សប្រជាជនថា ជំនួបនោះគឺដើម្បីលើកស្ទួយទំនាក់ទំនងរវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រីកទំនាក់ទំនងរវាងកម្ពុជាចិនលើគ្រប់វិស័យ។ លោក ហ៊ុន ម៉ាណែត បានស្នើសុំភាគីចិនឱ្យផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា។
លោក វ៉ូ ឈុនប៉ីង (Wu Chuanbing) ទីប្រឹក្សាស្ថានទូតចិនប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះ គឺជាគុណតម្លៃដ៏ល្អសម្រាប់ប្រជាជនទាំងពីរ។ លោកថា តាមរយៈផ្លែផ្កានៃទំនាក់ទំនងនេះ ប្រទេសទាំងពីរបានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគយល់ឃើញថា ចិនមិនចង់ឱ្យកម្ពុជាដើរចេញពីគន្លងរបស់ខ្លួន ហើយងាកទៅចាប់ដៃជាមួយប្រទេសវៀតណាមទេ ព្រោះចិនចង់គ្រប់គ្រងកម្ពុជាផ្ដាច់មុខ។
លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំជើងព្រួលដំឡើងឋានន្តរសក្ដិជាបណ្ដើរៗ។ កាលពីចុងឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន ម៉ាណែត ទទួលបានតួនាទីខ្ពស់មួយទៀតនៅក្នុងបក្ស គឺជាអនុប្រធានគណៈចលនាមហាជន ដែលជាសេនាធិការដ៏សំខាន់ ក្នុងការឃោសនាផ្សព្វផ្សាយអំពីគោលនយោបាយ ធ្វើយ៉ាងណាឱ្យមហាជនយល់ដឹង ជឿជាក់ និងដើរតាមការដឹកនាំរបស់ឪពុក ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។
តាមរយៈការជួយជ្រោមជ្រែងពីឪពុកនេះដែរ លោក ហ៊ុន ម៉ាណែត កាន់តួនាទីជាច្រើននៅជួរគណបក្ស និងរដ្ឋ ក្នុងនោះ លោកគឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក។ ចំណែកក្នុងបក្សវិញ លោកជាសមាជិកគណៈអចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំកំពូលទាំង ៣៤នាក់ របស់គណបក្សកាន់អំណាច។ ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត គឺជាប្រធានយុវជនបក្សទៀតផង។
លោក ហ៊ុន សែន បានប្រកាសកាលពីខែមិថុនាថា លោកកំពុងជួយជ្រោមជ្រែងលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជានាយករដ្ឋមន្ត្រី។ ប៉ុន្តែលោកថា លោក ហ៊ុន ម៉ាណែត ត្រូវរង់ចាំយ៉ាងហោចណាស់ ក៏ ១០ឆ្នាំទៀតដែរ ព្រោះពេលនេះលោកកំពុងកាន់អំណាចនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។