លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៣ ខែមីនា បានបញ្ជាឲ្យបិទចរាចរណ៍មនុស្សដែលចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេងៗ។
តាមរយៈសារសំឡេង ដែលចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន អះអាងថា ការធ្វើដូច្នេះ គឺជាវិធានការបន្ទាន់មួយ ដើម្បីទប់ទល់ស្ថានការណ៍ចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលចេះតែកើនឡើងជាលំដាប់រៀងរាល់ថ្ងៃ ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ។ លោកបន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើយ៉ាងណាកាត់បន្ថយ ឬរារាំងចលនាមនុស្ស កុំឲ្យធ្វើដំណើរក្រៅខេត្តនេះ។
ទោះជាយ៉ាងនេះក្ដី លោក ហ៊ុន សែន ថាលោកមិនអាចបញ្ជាឲ្យបិទខេត្តព្រះសីហនុទាំងស្រុងបានទេ ព្រោះទុកឲ្យរថយន្តដឹកទំនិញនៅចេញចូលបាន ហាមតែរថយន្តដឹកអ្នកដំណើរ៖« ឥឡូវហ្នឹងបញ្ហាសំខាន់ កុំឲ្យរីកចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង។ អ៊ី ចឹងរកវិធីដោះស្រាយបញ្ហាហ្នឹង តាមរយៈការរៀបចំរបៀបណា ដើម្បីកុំឲ្យរថយន្ត វាមានរថយន្តអ្នកធ្វើដំណើរ។ ឥឡូវរកវិធីទៅ សំខាន់រកវិធីដើម្បីខ្ទប់មាត់ច្រក ហាមឃាត់រថយន្ត សំខាន់ពលរដ្ឋចិនមួយចំនួន ដែលធ្វើការនៅទីនោះ ក្រែងលោមានអ្នកទាំងនោះ ដែលយើងមិនទាន់បានពិនិត្យ។ អ៊ីចឹងសូមធ្វើកិច្ចការងារហ្នឹង ឲ្យបានម៉ត់ចត់ ដើម្បីចៀសវាងការចម្លងទៅកន្លែងផ្សេង។ ការចម្លងភាគច្រើន គឺទាក់ជាមួយក្រុមពួកកាស៊ីណូ ពួកស្អីៗហ្នឹង ហើយពួកហ្នឹងច្រើនតែធ្វើដំណើរ។ ដូច្នេះត្រូវរកវិធីទប់ស្កាត់ឲ្យហើយ»។
ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ចម្លងសហគមន៍លើកទីបី កាលពីថ្ងៃទី២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនា ខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ជាជនជាតិចិនចំនួនជិត ៥០នាក់ (៤៧)។ ក្នុងអំឡុងពេលពីរសប្តាហ៍ចុងក្រោយនេះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍លើកទីបីនោះមានសរុប ៣៧៤នាក់ ក្នុងនោះ ២៨៥នាក់ ជាជនជាតិចិន។តួលេខនេះគឺគិតទាំងករណីចម្លងថ្មីចំនួន ៣៤នាក់ នៅថ្ងៃទី០៣ ខែមីនា ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។