អ្នកវិភាគ និងអ្នកតាមដានកិច្ចការសង្គមរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាមឃាត់ការពង្រីកអាជីវកម្មបនល្បែងកាស៊ីណូស្របពេលអាជីវកម្មនេះ និងការឆបោកតាមអនឡាញកំពុងរីកដុះដាលដូចផ្សិតនៅកម្ពុជានោះ ប្រៀបបីដូចជាយកថ្នាំគ្មានគុណភាពទៅព្យាបាលជំងឺមហារីកដំណាក់កាលចុងក្រោយ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត សម្រេចឱ្យបិទការពង្រីកអាជីវកម្មបនល្បែងនៅទីតាំងខេត្តកែប និងខេត្តកំពត។
អ្នកឃ្លាំមើលបញ្ហាសង្គមទាមទារឱ្យរដ្ឋាភិបាលពិចារណាបិទអាជីវកម្មបនល្បែងកាស៊ីណូ និងបង្ក្រាបកន្លែងទីតាំងឆបោកតាមអនឡាញដែលជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់ហើយបន្តសំងំប្រព្រឹត្តអំពើឧក្រិដ្ឋនានានៅលើទឹកដីកម្ពុជា។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែកក្កដាថា បទល្មើសឧក្រិដ្ឋកម្មជាពិសេសការឆបោកតាមអនឡាញ ដែលមានប្រភពចេញពីវិស័យកាស៊ីណូនៅកម្ពុជាអាចធូរស្រាលទៅបាន លុះត្រាតែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្លាហានហ៊ានស៊ើបអង្កេត និងចាប់សាច់ញាតិ រួមទាំងបក្ខពួកខ្លួនដែលអាចជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងនេះដាក់គុក។ លោក គឹម សុខ សង្កត់ធ្ងន់ថា ការណ៍ដែលលោក ហ៊ុន ម៉ាណែត ចេញសេចក្ដីប្រកាសមិនអនុញ្ញាតឱ្យពង្រីកវិស័យបនល្បែងកាស៊ីណូនៅតាមខេត្តនាពេលនេះ អាចជាការលួងចិត្តប្រជាពលរដ្ឋប៉ុណ្ណោះ ដោយសារតែកន្លងមករដ្ឋាភិបាលឪពុករបស់គឺលោក ហ៊ុន សែន ជាអ្នកអនុញ្ញាតឱ្យអ្នកជំនួញភាគច្រើនជាជនជាតិចិនរកស៊ីល្បែងស៊ីសងនៅកម្ពុជាដោយសេរី ហើយលោកថា អំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មនានានៅកម្ពុជាកំពុងល្បឺរន្ទឺលើសកលលោក។
លោក គឹម សុខ៖«បញ្ហាល្បែងស៊ីសង កាស៊ីណូ ម៉ាហ្វីយ៉ានៅប្រទេសកម្ពុជាពាសពេញ និងជ្រៅពេកណាស់ទៅហើយវាប្រៀបដូចជាជំងឺមហារីកដំណាក់កាលចុងក្រោយទៅហើយ មិនមែនតែនឹកឃើញចេញសេចក្ដីប្រកាសតូចមួយ ធ្វើដូចយកចិត្តទុកដាក់នោះទេ ធ្វើអ៊ីចឹងដូចថ្នាំមួយគ្រាប់ទៅព្យាបាល ជំងឺមហារីកអ៊ីចឹង វាអត់បានការអីទេ។ ប្រសិនគេចង់ចាត់ការមែនទែន អ្នកដែលរកស៊ីខុសច្បាប់រឿងល្បែង មានព័ត៌មានអីទាក់ទងគេស៊ើបអង្កេតភ្លាម។ រដ្ឋាភិបាល ហ៊ុន ម៉ាណែត បានស៊ើបអង្កេតលោកឧកញ៉ា ហ៊ុន តូ ហើយឬនៅ? ដែលល្បីល្បាញក្នុងជំនួញបោកប្រាស់អនឡាញ។ ខ្ញុំមិនចោទថាលោក ឧកញ៉ា ហ៊ុន តូ ខុសទេ ប៉ុន្តែកំហុសរដ្ឋាភិបាលមិនហ៊ានស៊ើបអង្កេតឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញប្រជាពលរដ្ឋ ថា ការចោទប្រកាន់នានារបស់អ្នកស្រាវជ្រាវអន្តរជាតិលើឧកញ៉ា ហ៊ុន តូ ត្រឹមត្រូវដែរឬទេ?»។
សេចក្ដីសម្រេចចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមិថុនា និងទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈថ្មីៗនេះ បង្ហាញថា ទីតាំងខេត្តកែប និងខេត្តកំពត ត្រូវបានរដ្ឋាភិបាលហាមឃាត់មិនអនុញ្ញាតឱ្យបន្តអាជីវកម្ម ឬប្រតិបត្តិការអាជីវកម្មបនល្បែងកាស៊ីណូនោះទេ លើកលែងតែអាជីវកម្មកាស៊ីណូរបស់ឧកញ៉ា សុខ គង់ លើភ្នំបូក និងកាស៊ីណូនៅតំបន់ព្រែកចាកជាប់ព្រំប្រទល់ប្រទេសវៀតណាមតែប៉ុណ្ណោះអាចបន្តដំណើរការបាន។ លោក ហ៊ុន ម៉ាណែត អះអាងថា ការសម្រេចបែបនេះ គឺដើម្បីលើកកម្ពស់ វប្បធម៌សាសនា ជំរុញការវិនិយោគខេត្តជាប់មាត់សមុទ្រ និងការពារសណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរណ៍។ ទោះជាយ៉ាងណា ក្នុងសេចក្ដីសម្រេចនេះ លោក ហ៊ុន ម៉ាណែត ពុំបានដាក់ចេញវិធានការណាមួយសម្រាប់ទប់ស្កាត់វិស័យបនល្បែងខេត្តព្រះសីហនុឡើយ ខណៈខេត្តជាប់មាត់សមុទ្រមួយនេះឈានមុខដែលសម្បូរដោយបនល្បែងកាស៊ីណូ និងឧក្រិដ្ឋកម្មនានា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបានទេកាលពីថ្ងៃទី២៨ ខែកក្កដា។
ចំណែកអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា ក្រសួងមហាផ្ទៃនឹងប្ដេជ្ញាបន្តស៊ើបអង្កេត និងចាត់វិធានការលើទីតាំងអាជីវកម្មកាស៊ីណូណាខុសច្បាប់។
លោក ទូច សុឃៈ៖«ចំពោះការផ្ដល់សិទ្ធិក្នុងការបើកកាស៊ីណូស្របច្បាប់ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃទេ អ៊ីចឹងក្រសួងមហាផ្ទៃនឹងតាមដាន រាល់ការបើកបនល្បែងស៊ីសង ឬបើកកាស៊ីណូដែលគ្មានច្បាប់គ្មានទម្លាប់ក្រសួងតាមសមត្ថកិច្ចរបស់ខ្លួន»។
ទោះជាយ៉ាងណា ការសម្រេចហាមប្រាមរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យអាជីវកម្មកាស៊ីណូបន្តពង្រីកតាមបណ្ដាខេត្តមួយចំនួននេះ គឺកើតមានឡើងស្របពេលអាជីវកម្មបនល្បែងកាស៊ីណូ នៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិមើលឃើញថា ការរីករាលដាលវិស័យកាស៊ីណូដូចផ្សិតនេះ ក៏អាចជាកត្តារុញច្រានឱ្យកើតមានបញ្ហាឆបោកតាមអនឡាញ និងបទឧក្រិដ្ឋកម្មនានា។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ការសម្រេចលោក ហ៊ុន ម៉ាណែត ហាមមិនឱ្យពង្រីកបនល្បែងតាមបណ្ដាខេត្តនឹងគ្មានប្រសិទ្ធភាពទេ ប្រសិនបើរដ្ឋាភិបាលមិនពិចារណាបិទទីតាំងវិស័យកាស៊ីណូនៅតំបន់ផ្សេងទៀត។ លោកបន្ថែមថា ក្រុមអ្នកជំនួញបនល្បែងនៅតែអាចបន្តរកស៊ីវិស័យកាស៊ីណូតាមរយៈការជ្រកក្រោមស្លាកវិស័យកាស៊ីណូផ្សេងទៀត ដែលរដ្ឋាភិបាលពុំបានបិទ។
លោក សេក សុជាតិ៖«យើងដឹងហើយការធ្វើសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលទាក់ទងបញ្ហារសើប ឬបនល្បែងនេះ នៅពេលដែលមានឈ្មួញរត់ការ ហើយមានតម្លៃខ្ពស់ ការផ្តល់ និងការអនុញ្ញាតនៅតែបន្តមាន។ បញ្ហាការទប់ស្កាត់ទៀតសោត ក៏វាមិនអាចទៅរួចដែរ ព្រោះគេអាចប្រើប្រាស់ទីតាំងដែលមានស្រាប់ ប្រព្រឹត្តបានដូចគ្នា គ្រាន់តែគេមិនបង្កើតថ្មី តែគេអាចអនុវត្តរឿងហ្នឹងនៃបនល្បែងស្របច្បាប់ដែលមានស្រាប់។ មធ្យោបាយ បណ្ដុះបណ្ដាលអ្នកជំនាញ ហើយអនុវត្តច្បាប់ ឱ្យបានច្បាស់លាស់ ហើយរដ្ឋាភិបាល ត្រូវប្ដេជ្ញាចិត្តលុបបំបាត់ ហើយដកហូតបំបាត់ អាជ្ញាប័ណ្ណបនល្បែងទាំងអស់ហ្នឹង ទោះបីជាមានហើយក៏ដោយក៏ត្រូវតែដកចេញដែរព្រោះដើម្បីទប់ស្កាត់ការប្រព្រឹត្តណាដែលនាំឱ្យខូចមុខមាត់ កិត្តិយស សេចក្ដីថ្លៃថ្នូររដ្ឋាភិបាល និងសង្គម»។
រដ្ឋាភិបាលកម្ពុជាកំពុងល្បីសុះសាយខាងប្រព្រឹត្តអំពើពុករលួយ និងជាប់ឈ្មោះជាប្រទេសដែលមានស្ថានភាពនៃអំពើជួញដូរមនុស្សកាន់តែអាក្រក់ ៣ឆ្នាំជាប់គ្នារបស់ក្រសួងការបរទេសអាមេរិក ដោយសារអំពើពុករលួយ និងការសមគំនិតពីសំណាក់ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅតែរីករាលដាលខ្លាំងដដែល។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) កាលពីដើមឆ្នាំ២០២៤ បង្ហាញថា កម្ពុជាវ៉ាដាច់ទីក្រុងម៉ាកាវដែលល្បីជាតំបន់សម្បូរដោយបនល្បែងកាស៊ីណូ។ ក្នុងឆ្នាំ២០២៣ កាស៊ីណូទទួលបានអាជ្ញាប័ណ្ណរកស៊ីនៅកម្ពុជាបានកើនឡើងជិត ២រយកាស៊ីណូ (១៧៤) ខណៈនៅទីក្រុងម៉ាកាវមានកាស៊ីណូត្រឹម ៣០កាស៊ីណូតែប៉ុណ្ណោះ គិតត្រឹមចុងឆ្នាំ២០២២។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ បានសម្ដែងកង្វល់ចំពោះការរីករាលដាលវិស័យល្បែងកាស៊ីណូ និងល្បែងអនឡាញខុសច្បាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅពិភពលោកដែលបង្កឱ្យកើតមានឧក្រិដ្ឋកម្ម ហើយក្រុមឧក្រិដ្ឋជនបន្តពង្រីកការធ្វើពាណិជ្ជកម្មបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារតាមរយៈការជួញដូរគ្រឿងញៀន លាងលុយកខ្វក់ និងជួញដូរមនុស្សជាដើម។ ប្រភពដដែល ប៉ាន់ស្មានថា នៅទូទាំងពិភពលោក ទីផ្សារបនល្បែងអនឡាញផ្លូវការនឹងរីកដុះដាលក្នុងទំហំទឹកប្រាក់ច្រើនជាង ២០០ ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០ ក្នុងនោះ តំបន់អាស៊ីប៉ាស៊ីហ្វិកមានចំណែកកំណើនទីផ្សារនេះធំជាងគេ គឺស្មើនឹងប្រមាណ ៣៧ភាគរយ ក្នុងចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។