រដ្ឋាភិបាលឥណ្ឌាប្រកាសថា ពលករខ្លួនសរុបជាង ១៣០នាក់ ត្រូវបានសង្គ្រោះចេញពីការងារឆរបោកនៅក្នុងប្រទេសកម្ពុជា ឡាវ (Laos) និងប្រទេសមីយ៉ាន់ម៉ា (Myanmar) ក្រោយពីពួកគេបានចាញ់បោកភ្នាក់ងារផ្តល់ឱកាសការងារក្លែងក្លាយក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសថៃ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) របស់អាមេរិក កាលពីថ្ងៃទី៨ ខែតុលា។
ទីភ្នាក់ងារសារព័ត៌មាននេះបានស្រង់ប្រសាសន៍អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសឥណ្ឌាថា ពលករឥណ្ឌាមួយចំនួនត្រូវបានគេចាប់បង្ខាំងនៅក្នុងប្រទេសទាំងនេះ និងបង្ខំឱ្យប្រព្រឹត្តអំពើឆរបោកនៅលើប្រព័ន្ធអ៊ីនធឹណិត។ មន្ត្រីរូបនោះឱ្យដឹងថា ពលករជនជាតិឥណ្ឌាប្រមាណ ៨០នាក់ ត្រូវបានជួយសង្គ្រោះចេញពីប្រទេសកម្ពុជា និងឡាវ។ រីឯពលករឥណ្ឌាជិត ៥០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនចេញពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសឥណ្ឌាវិញ។
កាលពីថ្ងៃទី១៩ ខែកញ្ញា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានណែនាំឱ្យពលរដ្ឋខ្លួនដែលមានបំណងស្វែងរកការងារធ្វើនៅកម្ពុជា ឱ្យប្រុងប្រយ័ត្នចំពោះការឆរបោក ដោយត្រូវពិនិត្យមើលប្រវត្តិរបស់ក្រុមហ៊ុន អង្គការ ឬស្ថាប័នផ្តល់ការងារនៅកម្ពុជាទាំងនោះឱ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តធ្វើដំណើរមកកម្ពុជា។ ស្ថានទូតឥណ្ឌាថា មានការកើនឡើងនូវករណីដែលជនជាតិឥណ្ឌាជាច្រើននាក់បានធ្លាក់ខ្លួនចូលអន្ទាក់នៃអំពើ ឬភ្នាក់ងារជួញដូរមនុស្សតាមរយៈការសន្យាផ្តល់ឱកាសការងារធ្វើល្អនៅកម្ពុជា។
ទីភ្នាក់ងារសារព័ត៌មានអាមេរិក អេ.ភី រាយការណ៍ឱ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ជនជាតិម៉ាឡេស៊ីសរុប ២១នាក់ ត្រូវបានជួយសង្គ្រោះពីក្រុមឧក្រិដ្ឋជនជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា និងឡាវ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និយាយថា គិតមកទល់ពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានសង្គ្រោះពលរដ្ឋខ្លួនបានចំនួន ២៧៣នាក់ ក្នុងចំណោមពលរដ្ឋម៉ាឡេស៊ីសរុប ៤០១នាក់ ដែលត្រូវបានគេរាយការណ៍មកថា កំពុងបាត់ខ្លួននៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។