ជនជាតិ​ដើម​ភាគតិច ១២​ខេត្ត​​បារម្ភ​ពី​ក្រម​បរិស្ថាន​ថ្មី​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម និង​ដី​សមូហភាព

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច ១៧​អម្បូរ​មកពី​ខេត្ត​ចំនួន១២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ព្រួយបារម្ភ​ពី​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដែល​រដ្ឋសភា​ទើបតែ​អនុម័ត ថា នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ដំណើរការ​ចុះ​បញ្ជី​ដី​សមូហភាព។

ពួកគាត់​ទទូច​ឱ្យ​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់បញ្ចូល​ពាក្យ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជំនួស​ដោយ​សហគមន៍​មូលដ្ឋាន។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជិត ២​រយ​នាក់​(១៨៦) មកពី​ខេត្ត​១២ រួម​មាន​ខេត្ត​រតនគិរី ស្ទឹងត្រែង ក្រចេះ និង បន្ទាយមានជ័យ កោះកុង ជាដើម បាន​ពិគ្រោះ​យោបល់​គ្នា ក្នុង​បំណង​ប្រមូល​ធាតុ​ចូល ពាក់ព័ន្ធ​ក្តី​កង្វល់​រួម ប៉ះពាល់​ដល់​សិទ្ធិ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​របស់​ពួកគាត់ នៅ​គ្រា​ដែល​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ បាន​ចូល​ជា​ធរមាន កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣។

កិច្ចពិភាក្សា​នេះ ធ្វើឡើង​ក្នុង​សណ្ឋាគារ អង្គរសេនជូរី រីសត (Angkor Century Resort) ក្នុង​ក្រុង​សៀមរាប កាលពី​១៩ ធ្នូ មានការ​ចូលរួម ពី​តំណាង​ក្រសួង​មហាផ្ទៃ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​មក​ពី​ខេត្ត​រតនគិរី​លោកស្រី រម៉ាស សារ៉ន បាន​ថ្លែង ក្នុង​ពិធី​នោះ​ថា ការ​មិន​ប្រើ​ពាក្យ ជនជាតិ​ដើម​ភាគតិច ក្នុង​ក្រម​បរិស្ថាន និង​ធម្មជាតិ គឺជា​ការ​លុប​បំបាត់ ឈ្មោះ​ជនជាតិ​ដើម ឱ្យ​ចូល​ឡូកឡំ​ជាមួយ​សហគមន៍​ទូទៅ។

លោកស្រី​បារម្ភ​ថា ជនជាតិ​ដើម​ភាគតិច​នឹង​ទទួលរង​ភាព​អយុត្តិធម៌​ជា​ប្រវត្តិសាស្ត្រ បណ្តាល​មក​ពី ការ​បង្កើត​ច្បាប់​នេះ អាច​នឹង​ដកហូត​សិទ្ធិ​ដីធ្លី ធនធាន​ធម្មជាតិ តំបន់​ប្រពៃណី​វប្បធម៌ ជំនឿ​សាសនា និង​ព្រៃឈើ​របស់​ពួកគាត់។

លោកស្រី រម៉ាស សារ៉ន៖ «ជនជាតិ​ដើម​ភាគតិច​យើងខ្ញុំ សូម​ជំទាស់​លើ​ការ​បញ្ញត្តិ​ពី​ពាក្យ​ថា សហគមន៍​មូលដ្ឋាន ដាក់​ចូល​ក្នុង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​។ សហគមន៍​ជនជាតិ​ដើម​ភាគតិច មិន​អាច​ដាក់​ចូល​ក្នុង​សហគមន៍​មូលដ្ឋាន​បាន​ឡើយ ដោយហេតុ​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច មាន​វប្បធម៌ ជាតិ​ព័ន្ធុ ភាសា និង​ប្រពៃណី»។

ឆ្លើយតប​រឿង​នេះ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​មកពី​គណបក្ស​កាន់អំណាច លោក ប៊ុន ថាឫទ្ធិ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា លោក​នឹង​ព្យាយាម​ធ្វើ​កិច្ច​ការងារ​នេះ នៅ​កម្រិត​ស្ថាប័ន​រដ្ឋសភា តាម​ភារកិច្ច​របស់​លោក ហើយ​លោក​លើកទឹកចិត្ត​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខិតខំ ធ្វើ​កិច្ច​ការងារ​ស្នើសុំ​បន្ត​ទៀត តាម​មធ្យោបាយ​ផ្សេងៗ​ដោយ​ត្រូវធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ក្រោម​ជាតិ ជាដើម។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគមយុវជន​ជនជាតិដើម​ភាគតិច លោក នុត សុគន្ធា ថ្លែង​ក្នុង​ពិធី​នោះ​ថា កិច្ច​ពិគ្រោះ​យោបល់​នេះ ក្នុង​បំណង​ចង់​ប្រែ​ច្បាប់ ដែល​ពាក់ព័ន្ធ​ជនជាតិ​ដើម​ភាគតិច ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ណាមួយ​មក​លើ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។

លោក​ជំរុញ​រដ្ឋសភា និង​រដ្ឋាភិបាល ត្រូវ​លើក​កម្ពស់​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច ប្រកប​ដោយ​ប្រសិទ្ធភាព និង​និរន្តរភាព។

លោក នុត សុគន្ធា៖ «សហគមន៍​ចូលរួម​ក្នុង​ហ្នឹង​មាន​ចំនួន ១៩៦​នាក់ យើង​បាន​ព្រមព្រៀងគ្នា​ថា យើង​ចង់​បាន ពាក្យ​ជនជាតិ​ដើម​ភាគតិច គាំទ្រ​សិទ្ធិ​របស់​ពួក​យើង ក្នុង​នាម​ជនជាតិ​ដើម​ភាគតិច»។

ក្រោយ​កិច្ចពិភាក្សា​នេះ ក្រុម​ជនជាតិ​ដើម​ភាគតិច​មកពី ១២​ខេត្ត ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​បារម្ភ​ថា សេចក្តី​ថ្លែងការណ៍​បន្ត​ថា ដី​ក្នុង​តំបន់​សហគមន៍​ដែល​មាន​ចែង​ក្នុង​មាត្រា ៣៦៤ នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺ​ក្រសួង​បរិស្ថាន​គ្មាន​ឆន្ទៈ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ទទួល​បាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដី​សមូហភាព​នោះ​ទេ។

indeginous1.jpg
សិក្ខាសាលាថ្នាក់ជាតិដែលធ្វើឡើងមានការ​ចូលរួម ពី​តំណាង​ក្រសួង​មហាផ្ទៃ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ​នៅ​ក្រុង​សៀមរាប កាលពី​១៩ ធ្នូ ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មាត្រា ៣៦៤ នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ចែងថា ការ​កំណត់ និង​បែង​ចែង​តំបន់​គ្រប់គ្រង​មាន ៤ តំបន់ រួមមាន តំបន់ តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍ ដែល​ចែង​ពី​ការគ្រប់គ្រង​ប្រើប្រាស់​អនុផល​ធនធានធម្មជាតិ ដី​ព្រៃ​អភិរក្ស និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន មាន​សកម្មភាព ធ្វើ​លំនៅឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​។ រីឯ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ និង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​នោះ ត្រូវ​មាន​ការ​ឯកភាព​ពី​ក្រសួង​បរិស្ថាន។

ប្រការ​នេះ​ធ្វើ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បារម្ភ​ថា ពួកគាត់​អាច​នឹង​ប្រឈម​បាត់បង់​ទីតាំង តំបន់​ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ ដោយសារ​ក្រុមហ៊ុន​ឈូស​ឆាយ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សហគមន៍ និង​កន្លែង​ប្រតិបត្តិ​ជំនឿ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​មាន​បំណង​ចង់​កែប្រែ គោលបំណង​ពី​ការ​អភិរក្ស ទៅជា​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច ស្នើ​ឱ្យ​ដាក់បញ្ចូល​គោលការណ៍​ជូនដំណឹង ពិគ្រោះ​យោបល់​ឱ្យ​បាន​ពេញលេញ និង​ការព្រមព្រៀង​ជាមុន ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច គ្រប់​ដំណើរ​ការ​បង្កើត​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ។

លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ជាប់​គាំង ក្នុង​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ការចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌ របស់​សហគមន៍​ជនជាតិ​ដើម ស្រប​តាម​ការ​ចង្អុល​បង្ហាញ​លើ​ស្ថានភាព​ជាក់ស្តែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។