អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេស ហុល្លង់ (Netherlands)ដែលមិនចាត់ការទៅលើបណ្ដឹងរបស់ ជនជាតិអ៊ុយហ្គ័រ ដែលនិរទេសខ្លួននៅក្រៅប្រទេស ពាក់ព័ន្ធនឹងរឿងកម្ពុជា ចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គ័រ ២២នាក់ ទៅឱ្យចិនកាលពីឆ្នាំ២០០៩។ លោកបន្តថា សេចក្ដីសម្រេចនេះជាការផ្ដល់យុត្តិធម៌មួយដល់កម្ពុជា ពីព្រោះថាកម្ពុជាមិនជាប់ពាក់ព័ន្ធនឹងរឿងក្ដីក្ដាំនេះទេ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីដើមសប្តាហ៍នេះរកឃើញថា តុលាការនេះរកមិនឃើញមានភស្តុតាងនៃការចាប់បញ្ជូនជនជាតិអ៊ុយហ្គ័រទៅចិនវិញនោះទេ។
ទាក់ទិននឹងបញ្ហានេះ នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កម្ពុជាគួរកុំធ្វើទង្វើណាមួយដែលអាចបណ្តាលឲ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា៖«ឆ្លងតាមរយៈនៃបទពិសោធន៍នេះខ្ញុំគិតថា កម្ពុជាយើងទៅអនាគត យើងចៀសវាងនៅ បញ្ហាទាំងអស់នេះ កុំឱ្យមានការកើតឡើងទៅទៀតពីព្រោះ ការកើតឡើងនៃបណ្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជាមួយនឹងអ្នកពាក់ព័ន្ធដូច្នេះ គឹវាមិនមែនជារឿងល្អប៉ុន្មានដែរទេ។ នេះជាមេរៀនដែលកម្ពុជា យើងត្រូវធ្វើយ៉ាងណាដើម្បីគេចកុំឱ្យជួបនូវបញ្ហាទាំងអស់នេះ។ ត្រូវធ្វើយ៉ាងណាគោរពនៅគោលការណ៍សិទ្ធិមនុស្ស ឬគោរពទៅតាមអនុសញ្ញា ស្ដីពីជនភៀសខ្លួនជាដើម។»
កាលពីខែធ្នូ ឆ្នាំ២០០៩ កម្ពុជាបានបញ្ជូនខ្លួនជនជាតិភាគតិច អ៊ុយហ្គ័រ២២នាក់ទៅប្រទេសចិនវិញ បើទោះបីជាពួកគេ ត្រូវទទួលស្គាល់ សិទ្ធិជាជនភៀសខ្លួនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដោយ។ តុលាការប្រទេសចិន បានកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគារពី១៦ឆ្នាំដល់មួយជីវិត បន្ទាប់ពីពួកគាត់ត្រូវបានបានបញ្ជូនចេញពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។