តុលាការខេត្តកណ្ដាលប្រកាសដាក់លក់ឡាយឡុងទ្រព្យសម្បត្តិដែលរឹបអូសបានក្នុងរោងចក្រពីរកន្លែងស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅចុងខែធ្នូនេះ ដើម្បីបង្វិលប្រាក់ដែលលក់បាន បើកឱ្យកម្មករជាង១ពាន់នាក់ ក្រោយពីថៅកែរត់ចោលជិត១ឆ្នាំមកហើយ ។ កម្មករ និងសហជីពដែលតាមដាននីតិវិធីនេះ រំពឹងថា បញ្ហានេះ នឹងអាចដោះស្រាយបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ទោះជាវិបត្តិជំងឺកូវីដ-១៩ កំពុងវាយលុកកម្ពុជាយ៉ាងណាក៏ដោយ។
អាជ្ញាសាលានៃសាលាដំបូងខេត្តកណ្ដាល លោក យឹម កេតធី កំណត់យកថ្ងៃទី២៩ ខែធ្នូ ខាងមុខ ជាពេលវេលា បើកដេញថ្លៃលក់សម្ភារៈក្នុងរោងចក្រ ឌីកនើធី នីតធើរ (Dignity Knitter Limited) និងរោងចក្រអេខូបេស (Eco Base) ក្នុងតម្លៃទឹកប្រាក់ចាប់ពី១លាន ៧សែនដុល្លារ (១ ៧៧៧ ០០០) អាមេរិក។ កម្មវិធីដេញថ្លៃនេះ នឹងធ្វើឡើងនៅសាលាដំបូងខេត្តកណ្ដាល។
សាធារណជនអាចពិនិត្យមើល ឯកសារលម្អិតនៃចលនវត្ថុ និងរបាយការណ៍ស្ដីពីការវាយតម្លៃ និងការចុះពិនិត្យមើលចលនវត្ថុជាក់ស្ដែង នៅក្នុងរោងចក្រ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ធ្នូ។
អ្នកនាំពាក្យតុលាការខេត្តកណ្ដាល លោក សូ សារិន ប្រាប់អាស៊ីសេរីថា ស្ថាប័នតុលាការរួមនឹងភាគីពាក់ព័ន្ធទាំងអស់ នឹងផ្ដល់ថវិកាជូនកម្មករនិយោជិក ទៅតាមនីតិវិធី ក្រោយពេលលក់បានប្រាក់ពីការដេញថ្លៃចប់សព្វគ្រប់៖ «យើងធ្វើលិខិតជូនដំណឹងដោយមានការចូលរួមពីក្រុមហ៊ុនគ្រប់ទាំងអស់ ទាំងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនខ្មែរចូលរួមដេញថ្លៃ។ នៅពេលបញ្ចប់នីតិវិធីលក់ឡាយឡុងហើយ យើងធ្វើការបែងចែកទៅតាមការស្នើសុំយ៉ាងណានោះ គឺនៅក្នុងនីតិវិធីរបស់តុលាការបន្ត។ សំខាន់ គឺយើងលក់សិន»។
តំណាងកម្មកររោងចក្រ លោក ភិន សុភា ឱ្យដឹងថា នេះជាដំណឹងល្អដែលកម្មករទាំងអស់ទន្ទឹងរង់ចាំ១ឆ្នាំមកហើយ ក្រោយពីថៅកែជនជាតិចិនហុងកុង រត់ចោលរោងចក្រ។ លោកបញ្ជាក់ថា ទឹកប្រាក់ដែលខាងតុលាការដាក់លក់ឡាយឡុងនេះ គឺអាចបើកឱ្យកម្មករបានគ្រប់គ្នា បើទោះបីជាមិនពេញលេញតាមការចង់បានរបស់កម្មករក៏ដោយ ។ លោករំពឹងថា ការដាក់លក់ទ្រព្យសម្បត្តិរោងចក្រទាំងពីរ នៅពេលខាងមុខ នឹងមានការចូលរួមច្រើនពីក្រុមហ៊ុនក្នុងស្រុក និងនៅក្រៅស្រុក៖ «ពាក់ព័ន្ធនឹងការលក់នេះ តម្លៃប៉ុននេះ គឺវាទូទាត់លុយឱ្យកម្មករពួកខ្ញុំទាំងពីររោងចក្រហ្នឹងគ្រប់ហើយ ក៏ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំខ្លាចថា នៅពេលដែលលក់ទៅប្រើពេលបន្ថែមទៀតអ៊ីចឹង ដោយសារកំឡុងពេលមានករណីរីករាលដាលនៃជំងឺកូវីដ១៩»។
ចំណែក ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ មានប្រសាសន៍ថា នេះជាសញ្ញាវិជ្ជមានមួយដំណាក់ទៀតដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់បញ្ហាជូនកម្មករទាំងពីររោងចក្រ បន្ទាប់ពីកម្មករនាំគ្នាតវ៉ា ដេកយាមសម្ភារៈក្នុងរោងចក្រអស់ជាច្រើនខែមក។
លោកយល់ថា រដ្ឋាភិបាល គួរអនុវត្តច្បាប់លើម្ចាស់វិនិយោគទុនបរទេសដែលមករកស៊ីនៅកម្ពុជា ក្នុងវិស័យកាត់ដេរឱ្យបានតឹងរ៉ឹង ដើម្បីឱ្យកម្មករទទួលបានផលប្រយោជន៍ការងារភ្លាមៗ ក្រោយរោងចក្របិទ ដោយមិនបង្អស់ពេលយូរ ធ្វើឱ្យកម្មករដើរតវ៉ាស្វែងរកដំណោះស្រាយពីក្រសួងការងារ និងស្ថាប័នតុលាការ៖ «អាចដែរជាប្រាក់ Severance Pay Fund គេហៅថាលុយសម្រាប់ទូទាត់នៅពេលមានរឿងហ្នឹងកើតឡើង។ វាអាចខាងរដ្ឋាភិបាលទទួលខុសត្រូវ ខាងប្រ៊ែន ខាងថៅកែរោងចក្រ។ យើងអាចមានជម្រើសពីរហ្នឹងក្នុងការដោះស្រាយ។ អ៊ីចឹង ! គួរតែមានជម្រើសល្អក្នុងការបង្ការ។ ហើយវាក៏ជាការលើកមុខមាត់របស់រដ្ឋាភិបាលដែរ ព្រោះរោងចក្របិទ កម្មករដឹងតែបានលុយតែម្ដង។ វាមានប្រសិទ្ធភាពហើយកម្មករក៏សប្បាយចិត្ត ហើយរដ្ឋាភិបាលក៏មានមុខមាត់ដែរ ។ តែបើអត់ទេ នៅតែមានរឿងបាតុកម្មក្ដុងក្ដាំង។ ខាងសហជីពខ្ញុំ សំណូមពរឱ្យមានអាហ្នឹងទៅ វាល្អ»។
កម្មកររោងចក្រ ឌីកនើធី នីតធើរ (Dignity Knitter Limited) និងរោងចក្ររោងចក្រ អេខូបេស (Eco Base) បានផ្ទុះការតវ៉ា កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយសារ ថៅកែរោងចក្របិទរោងចក្រភ្លាមៗ ដោយមិនទូទាត់សំណងតាមច្បាប់ការងារ ដូចជា មិនព្រមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ប្រចាំឆ្នាំ ជាដើម។
រោងចក្រទាំងពីរ មានថៅកែតែមួយជាជនជាតិចិនហុងកុង និងមានទីតាំងជាប់គ្នា ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ។ រោងចក្រទាំងពីរនេះកាត់ដេរសំលៀកបំពាក់ និងស្រោមជើង គឺប្រភេទចាក់ និង តម្បាញ ដែលមានកម្មករធ្វើការសរុបជាងមួយពាន់( ១,១២៦)នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។