ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ប្រារព្ធ​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​ជូន​លោក​បណ្ឌិត កែម ឡី

0:00 / 0:00

ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី រៀបចំ​ធ្វើ​មុន​គេ​បង្អស់​នៅ​តាម​ទីក្រុង​សំខាន់ៗ​មួយ​ចំនួន ដូចជា​ក្រុង​ស៊ីដនី (Sydney) និង​ម៉ែលប៊ន (Melbourne) ជាដើម។ អ្នក​ក្រុង​ស៊ីដនី បាន​រៀបចំ​ពិធី​បុណ្យ​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨ រីឯ​អ្នក​ក្រុង​ម៉ែលប៊ន ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃ​អាទិត្យ ទី​៩ តុលា។

លោក កែម ឡី បាន​បន្សល់​អនុស្សាវរីយ៍​ច្រើន​ណាស់​ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី និង​ដល់​អ្នក​នយោបាយ​អូស្ត្រាលី មួយ​ចំនួន ដែល​លោក​បាន​ជួប ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​កាល​ពី​ខែ​មេសា កន្លង​ទៅ។ នៅ​ថ្ងៃ​អាទិត្យ ទី​៩ តុលា នេះ ពួក​គេ​បាន​ជួបជុំ​គ្នា​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​ជូន​ដល់​លោក​បណ្ឌិត កែម ឡី។ ពួក​គាត់​ស្ទើរ​តែ​ទាំងអស់​គ្នា​ដែល​មាន​ចំនួន​ប្រមាណ​ជិត ២​ពាន់​នាក់ ពាក់​អាវ​យឺត​ពណ៌​ខ្មៅ​ដែល​មាន​រូប​លោក​បណ្ឌិត កែម ឡី និង​មាន​សរសេរ​ឃ្លា​មួយ​ដែល​ពួក​គាត់​ពេញ​ចិត្ត​ជាង​គេ គឺ "ជូត​ទឹក​ភ្នែក​របស់​អ្នក រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត"៖ «ខ្ញុំ​នៅ​ចាំ​សម្ដី​គាត់ "ជូត​ទឹក​ភ្នែក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត"។ ស្ដាប់​សម្ដី​នេះ​ហើយ​ធ្វើ​អោយ​កូន​ខ្មែរ​រំភើប»

អ្នក​ខ្លះ​ទៀត​ស្រឡាញ់​លោក កែម ឡី ដ្បិត​ពួក​គេ​យល់​ថា លោក​តែង​ផ្តល់​បទ​វិភាគ​ល្អៗ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​បង្កើន​បាន​នូវ​សមត្ថភាព​ក្នុង​ការ​ត្រិះរិះ​ពិចារណា៖ «ខ្ញុំ​ឈ្មោះ សុមីនា។ ខ្ញុំ​នឹក​ឃើញ​ដល់​គាត់ ដោយសារ​គាត់​វិភាគ​និយាយ​ចំៗ​ព័ត៌មាន​ក្នុង​សង្គម​ពិត​តែម្ដង»

ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ អ្នក​មុខ​អ្នក​ការ​អូស្ត្រាលី មួយ​ចំនួន ក៏​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ។

លោក​ប្រធាន​ព្រឹទ្ធសភា​នៃ​រដ្ឋ​វ៉ិកតូរីយ៉ា ដែល​កាល​ពី​ថ្ងៃ​សុក្រ ទី​៧ តុលា កន្លង​ទៅ បាន​ទៅ​ចូលរួម​ពិធី​ជប់លៀង​មួយ​ជាមួយ​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា សូម​កុំ​ច្រឡំ​ថា ការ​ដែល​ចូលរួម​ជាមួយ​លោក ហ៊ុន ម៉ាណែត នោះ​ជា​ការ​បញ្ជាក់​ថា លោក​គាំទ្រ​សកម្មភាព ឬ​គោល​នយោបាយ​របស់​អ្នក​អញ្ជើញ​នោះ​ឲ្យ​សោះ។ លោក​ថា តាម​ពិត​ការ​ចូលរួម​នោះ គឺ​ដើម្បី​ឆ្លៀត​ឱកាស​បញ្ជូន​សារ​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​ច្បាប់​ទម្លាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​វិញ​ទេ។

ទាក់ទង​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការ​គោរព​ច្បាប់​នេះ​ដែរ អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​អូស្ត្រាលី និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋាភិបាល​ស្រមោល ដ្បិត​គណបក្ស​លោក​មិន​កាន់​អំណាច​ក្នុង​អាណត្តិ​នេះ​នោះ លោក ម៉ាក ដ្រេយហ្វឺស (Mark Dreyfus) មាន​ប្រសាសន៍​ថា លោក​បាន​ជួប​លោក កែម ឡី ហើយ​ថា​លោក​ស្ដាយ​ណាស់​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត ដ្បិត​លោក កែម ឡី ទើប​នឹង​ចាប់​ផ្ដើម​ឲ្យ​អន្តរជាតិ​ស្គាល់​លោក៖ «មរណភាព​នេះ​ជា​សោកនាដកម្ម ពីព្រោះ​លោក​ទើបតែ​ចាប់​ផ្ដើម​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ ចំពោះ​ការងារ​ដែល​លោក​ធ្វើ​នៅ​កម្ពុជា រាប់​ឆ្នាំ​មក​ហើយ។ តាម​រយៈ​ការងារ​ដូច​ជា​លោក កែម ឡី វា​ជា​កត្តា​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​កែទម្រង់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ជឿនលឿន​ទៅ​មុខ។ វា​ជា​សោកនាដកម្ម​ធ្ងន់ធ្ងរ​ដែល​លោក​ត្រូវ​បាត់បង់​ទៅ ប៉ុន្តែ​ខ្ញុំ​គិត​ថា គំរូ​ជីវិត និង​ការងារ​របស់​លោក​មិន​សាបសូន្យ​ទេ ពីព្រោះ​យុត្តិធម៌ យើង​មក​ទី​នេះ​ថ្ងៃ​នេះ គឺ​មក​រំលឹក​ខួប ១០០​ថ្ងៃ នៃ​មរណភាព​របស់​លោក។ ប្រជាពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ទូទៅ​ទាំង​ពិភពលោក​នឹង​នៅ​តែ​ចងចាំ​ការងារ​ដែល​លោក​បាន​ធ្វើ និង​នៅ​តែ​គំរូ​ល្អ​សម្រាប់​អ្នក​ដទៃ​ទៀត​ធ្វើ​តាម។ ខ្ញុំ​គិត​ថា នីតិរដ្ឋ​គឺ​មាន​សារសំខាន់​គ្រប់​ទីកន្លែង។ ក្នុង​នាម​ខ្ញុំ​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​នៃ​ស្រមោល ត្បិត​គណបក្ស​យើង​ខ្ញុំ​ពេល​នេះ​មិន​កាន់​អំណាច យើង​ត្រូវ​តែ​ធ្វើ​ការ​ឆ្ពោះ​ទៅ​សម្រេច​អោយ​បាន​នូវ​នីតិរដ្ឋ យុត្តិធម៌ ហើយ​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ដូច​ជា​ឃាតក​សម្លាប់​លោក កែម ឡី នៅ​កម្ពុជា ត្រូវ​តែ​បាន​នាំ​ខ្លួន​មក​កាត់​ទោស។ ប៉ុន្តែ​ករណី​ឃាតកម្ម​លោក កែម ឡី នៅ​មិន​ទាន់​មាន​យុត្តិធម៌​នៅ​ឡើយ​ទេ ដូច្នេះ​ខ្ញុំ​ជំរុញ​អោយ​រដ្ឋាភិបាល​អូស្ត្រាលី ធ្វើ​តាម​លទ្ធភាព​របស់​ខ្លួន ឬ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ធានា​ឲ្យ​បាន​ថា ក្រុម​គ្រួសារ​លោក កែម ឡី ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ»

អ្នក​ដែល​ធ្លាប់​តែ​ស្គាល់​លោក​តាម​តែ​រយៈ​សំឡេង មាន​ការ​គោរព​សរសើរ​លោក​បណ្ឌិត​ណាស់​តែ​ទៅ​ហើយ តែ​នៅ​ពេល​ដែល​បាន​ជួប​មុខ និង​បាន​និយាយ​សាសង​ដោយ​ផ្ទាល់ ដូចជា​អតីត​ចៅហ្វាយ​ក្រុង ជា យូហ៊ន នេះ​ជាដើម វា​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ស្ងើច​សរសើរ​លោក​បណ្ឌិត​ថែម​ទៀត៖ «ខ្ញុំ​មិន​គិត​ថា ខ្មែរ​យើង​មាន​អ្នក​ពូកែ​ដល់​ថ្នាក់​ហ្នឹង ដល់​ពេល​ជួប​បាន​ខ្ញុំ​ភ្នាក់​ខ្លួន។ គាត់ (កែម ឡី) មក​មើល​ទីស្នាក់ការ​សមាគម​ខ្មែរ​ធ្វើ គឺ​យើង​មាន​បម្រើ​មនុស្ស​ចាស់ ហើយ​គាត់​លើក​ថា ប្រទេស​នេះ​ល្អ​ណាស់ ពីព្រោះ​នៅ​កម្ពុជា អត់​មាន​បម្រើ​មនុស្ស​ចាស់​របៀប​ហ្នឹង​ទេ ហើយ​ចាស់ៗ​ហ្នឹង​រវល់​តែ​មើល​ចៅ។ ខ្ញុំ​ថា ចាស់ៗ​ច្រើន​មាន​កូន ពីព្រោះ​កូន​គេ​ចេញ​ទៅ​ធ្វើ​ការ​ប្រទេស​ក្រៅ​អស់​ហើយ ម៉ាឡេស៊ី កូរ៉េ ដូច្នេះ​ទុក​កូន​ហ្នឹង​អោយ​តា​យាយ​មើល»

សម្រាប់​លោក តាក់ ម៉េងហៀង ដែល​ជា​បេក្ខជន​ចៅហ្វាយ​ក្រុង​ជនជាតិ​ខ្មែរ​មួយ​រូប ឈរ​ឈ្មោះ​នៅ​ក្រុង​មួយ​នៅ​តំបន់​ជាយក្រុង​ម៉ែលប៊ន​នេះ អ្វី​ដែល​លោក​ចងចាំ​ពី​លោក កែម ឡី គឺ​ភាព​ក្លាហាន​ទាំង​ការ​និយាយ ទាំង​ការ​ហ៊ាន​ដេញដោល​សួរ​សំណួរ៖ «ខ្ញុំ​បាន​ចំណាយ​ពេល​ដ៏​ខ្លី​ជាមួយ​គាត់​ក្នុង​ប្រទេស​អូស្ត្រាលី​នេះ គឺ​លោក​បណ្ឌិត កែម ឡី បាន​សួរ​សំណួរ​ជា​ច្រើន​ចំពោះ​ខ្ញុំ ដែល​សំណួរ​ខ្លះ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន ដោយសារ​តែ​ខ្ញុំ​ពុំ​មាន​ព័ត៌មាន។ ប៉ុន្តែ​ចំណុច​សំខាន់​ដែល​ខ្ញុំ​រៀន​ពី​គាត់​គឺ ត្រូវ​ហ៊ាន​សួរ ហ៊ាន​ឆ្ងល់ និង​សន្ទនា»

ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី នៅ​ក្រុង​ម៉ែលប៊ន នា​ថ្ងៃ​អាទិត្យ នេះ ត្រូវ​បាន​សហគមន៍​ខ្មែរ​រៀបចំ​ឡើង​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​យ៉ាង​សមសួន ថ្វីត្បិតតែ​ពួក​គាត់​រស់នៅ​ឆ្ងាយ​ពី​មាតុភូមិ​កំណើត​ក៏ដោយ។

អ្នក​ចូលរួម​ទាំងឡាយ​ហាក់​មាន​សមានចិត្ត និង​សទ្ធា​ជ្រះ​ថ្លា​ណាស់។ ពួក​គាត់​សប្បាយ​ចិត្ត​នឹង​បាន​មក​ធ្វើ​បុណ្យ​រួម​គ្នា រំឭក​ដល់​មនុស្ស​ដែល​ពួក​គោរព និង​ស្រឡាញ់​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។