ខ្មែរនៅប្រទេសកាណាដាជួបជុំគ្នាសម្ដែងមតិប្រឆាំងគម្រោងCLV

0:00 / 0:00

ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា​ជិត ១០០នាក់ ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី២៥ ខែ​សីហា​ ​នៅ​ខេត្ត អនធារីយ៉ូ (Ontario) ដើម្បី​សម្ដែង​មតិ ឬ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ស្ដាប់​សំណើ​របស់​ពលរដ្ឋ ដែល​បារម្ភ​ពី​ការបាត់បង់​ទឹក​ដី​ទៅ​ឱ្យ​វៀតណាម​ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ។

ក្រុម​អ្នក​ចូលរួម​បាន​លើក​បដា​ដែល​មាន​សរសេរ​អក្សរ​ជា​ភាសា​អង់គ្លេស​ថា No CLV ដែល​មាន​ន័យ​ថា​មិន​ត្រូវ​មាន​ទេ CLV ព្រម​ទាំង​មាន​បដា​ជា​ភាសា​ខ្មែរ​ថា​បញ្ហា​ខ្មែរ​ជា​បញ្ហា​រួម​របស់​យើង​ទាំង​អស់​គ្នា មិន​ទទួល​ស្គាល់​គម្រោង CLV និងរដ្ឋាភិបាល​ត្រូវ​ដក​ខ្លួន​ពី​គម្រោង​អភិវឌ្ឍន៍ CLV ជា​បន្ទាន់​ជាដើម។

អ្នក​រៀបចំ​កម្មវិធី លោក ប៊ុន យុគ ជា​ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា​ម្នាក់​មាន​ប្រសាសន៍​ថា ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា​ប្រឆាំង​នឹង​ការ​ចូល​រួម​របស់​រដ្ឋាភិបាល​ក្នុង​គម្រោង CLV ដោយ​បារម្ភ​ខ្លាច​បាត់បង់​ទឹកដី​ទៅ​ថ្ងៃ​អនាគត។

លោក ប៊ុន យុគ៖«ការ​ជួបជុំ​ថ្ងៃ​នេះ ដើម្បី​បញ្ចេញ​មតិ ដែល​យើង​មិន​ទទួល​ស្គាល់​ការ​រួម​ខេត្ត​ទាំង​៤ ជាមួយ វៀតណាម ឡាវ និង​កម្ពុជា។ យើង​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ពី​គម្រោង CLV»។

ការជួបជុំ​សម្ដែង​មតិ​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​១​រសៀល នៅ​ថ្ងៃ​ទី២៥ ខែ​សីហា និង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង​៤។ អ្នក​ចូល​រួម​បាតុកម្ម​មួយ​រូប លោក ឈឹម សំរេច បញ្ជាក់​ថា លោក​ចូលរួម​ការ​តវ៉ា​នេះ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ទឹក​ដី​កំណើត។

លោក ឈឹម សំរេច៖«ចូលរួម​បាតុកម្ម​គឺ​ចម្រុះ​ភាគច្រើន​ជា​ពលរដ្ឋ​មិនមែន​និន្នាការ​នយោបាយ​ទេ យើង​ជាម្ចាស់​ទឹក ម្ចាស់ដី។ យើង​ភ័យ​ព្រួយ​ក្នុង​នាម​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ក្នុង​នាម​ជា​អ្នក​ប្រជាធិបតេយ្យ។ យើង​ចង់​ឱ្យ​ប្រទេស​យើង​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដូច​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស»។

ការជួបជុំ​សម្ដែង​មតិ​ដូចគ្នា​នេះ​របស់​ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា​ បាន​ធ្វើ​ម្ដង​រួច​ហើយ​កាលពី​ថ្ងៃ​ទី ២៤ ខែសីហា នៅ​ខេត្ត កាល់ហ្គារី (Calgary) ដោយមាន​មនុស្ស​ចូល​រួម​ប្រមាណ ១០០​នាក់។

ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ដែល​ចូលរួម​ការជួបប្រជុំ​នៅ​ទីតាំង​ទាំង​២នេះ​មាន​ប្រសាសន៍​ថា ដល់ពេល​ហើយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ស្ដាប់​សំឡេង​ពលរដ្ឋ និង​មិន​ត្រូវ​យក​ពលរដ្ឋ​ខ្លួន​ឯង​ជា​សត្រូវ​ទេ។ ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ក៏​ត្រូវ​ងាក​មក​ដើរតាម​គន្លង​ប្រជាធិបតេយ្យ បើក​ឱ្យ​មាន​តំណាង​ពលរដ្ឋ​ពី​គ្រប់​ស្រទាប់ ដែល​ឈាន​ទៅ​បើក​លម្ហ​នយោបាយ និង​ការបោះឆ្នោត ដោយ​សេរី​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង។

អ្នកស្រី មូរ សុខហួរ៖«ទុក​យើង​ជា​ដៃ​គូ​ទៅ។ យើង​នឹង​ត្រឡប់​ទៅ​ប្រទេស​ជាតិ​យើង​វិញ ដែល​ជា​ជាតិ​មួយ ដែល​អាច​ថា​អភិវឌ្ឍ​ទាំង​អស់​គ្នា​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា។ យើង​អត់​មាន​បំណង​អ្វី​នៅ​ក្រៅ​ប្រទេស ហើយ​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទេ។ យើង​ចង់​មាន​នីតិរដ្ឋ យើង​ចង់​មាន​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ យើង​ចង់​ថា​កុំ​យក​អ្នក​ដឹកនាំ ដែល​ពលរដ្ឋ​មិន​ចង់​បាន​ដាក់​ឱ្យ​យើង​ជ្រើសរើស ហ្នឹង​មិនមែន​ជា​ជម្រើស​ទេ។ ត្រូវ​ឱ្យ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ​យុត្តិធម៌ ដែល​មាន​បេក្ខភាព ដែល​ពលរដ្ឋ​ជាម្ចាស់​ឆ្នោត​អាច​ទៅ​ជ្រើស​រើស​ដោយ​សេរី ទើប​ឈាន​ទៅ​មាន​ការអភិវឌ្ឍ ដែល​មាន​ចីរភាព​ពិត​ប្រាកដ ដែល​យក​ប្រទេស​ជាតិ​ជាធំ»។

ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស​បាន​ធ្វើ​បាតុកម្ម​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ថ្ងៃ​ទី ១១ ខែសីហា មក ដោយ​ចាប់​ផ្ដើម​ពី​ក្រុម​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េខាង​ត្បូង និង​ជប៉ុន ដើម្បី​ប្រឆាំង​នឹង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ CLV-DTA ។ បន្ទាប់​មក​ការវ៉ា​នេះ​បាន​បន្ត​ទៅ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក និង​កាណាដា។ គម្រោង​ការ​តវ៉ា​នេះ​នឹង​បន្ត​ទៅ​ទៀត មិនទាន់​បញ្ឈប់​នៅ​ឡើយ ដោយ​ក្នុង​នោះ​អ្នក​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បន្ត​បាតុកម្ម​នៅ​ថ្ងៃ​ទី៣១ ខែសីហា និង​នៅ​កូរ៉េខាងត្បូង​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី ១ ខែកញ្ញា ជាដើម។

ស្របគ្នា​នេះ​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក​ក៏​បង្កើន​ការ​ចាប់​ខ្លួន​យុវជន និង​អ្នក​មាន​ទស្សនៈ​មិន​ស្រប​នឹង​គម្រោង​នេះ ក្នុង​នោះ​ក៏​មាន​ការ​ចាប់ខ្លួន​យុវជន​ដែល​សកម្ម​ធ្វើ​ការងារ​សង្គម​ជា​ច្រើន​នាក់​ផ្សេងទៀត ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ដោយ​ចោទ​ថា​មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល។ ការ​ផ្ទុះ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នេះ កើត​មាន​ក្រោយ​ពេល​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ចាប់​អ្នក​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចំនួន​៣នាក់ និង​សកម្មជន​សង្គម​ម្នាក់ ដែល​បាន​និយាយ​រិះគន់​គម្រោងCLV​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។