ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលជាមិត្តភក្តិរបស់ប្តីលោកស្រីគឺលោក គង់ ម៉ាស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចំនួនពីររបស់ប្តីលោកស្រី ត្រូវគេលួចយកទៅប្រើប្រាស់ តាំងពីសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃពីរគ្រឿងរបស់លោក គង់ ម៉ាស់ មកម្ល៉េះ។
ភរិយាលោក គង់ ម៉ាស់ លោកស្រី កុល សាត បញ្ជាក់ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៤ ខែ មករាថា ប្តីលោកស្រីបានប្រាប់ឲ្យលោកស្រី ចូលទៅដូរលេខកូដសំងាត់ នៃគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលមានពីរគណនីនោះភ្លាមៗ ក្រោយអាជ្ញាធរបានចាប់ខ្លួនលោក និងបានដកហូតទូរស័ព្ទដៃលោកទាំងពីរគ្រឿងរួចមក។
ប៉ុន្តែ លោកស្រីថា ជាកុសល លោកស្រីមិនអាចចូលទៅដូរលេខកូដសំងាត់នោះទាន់។ ឥឡូវ គណនីហ្វេសប៊ុកទាំងនោះ ត្រូវបានគេលួចចូល (hack) ប្រើប្រាស់ និងគ្រប់គ្រងបាត់ទៅហើយ៖ «អាខោន (account) របស់គាត់ត្រូវគេ hack ចូលហើយ ដោយសារគាត់ប្រាប់លេខកូដសម្ងាត់ (passwords) មកខ្ញុំ ឲ្យខ្ញុំប្លុក(បិទ) ចោល។ ប៉ុន្តែ ពេលខ្ញុំចូលទៅបម្រុងប្លុក គេដូរ passwords បាត់ហើយហ្នឹង! ដូច្នេះរាល់ថ្ងៃហ្នឹង គេកំពុងតែប្រើហើយ!»។
អាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនលោក គង់ ម៉ាស់ ដែលជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង និងបញ្ជូនទៅដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី៣១ ធ្នូ ពីបទគឺបទ «រួមគំនិតក្បត់» ជាបទចោទដែលមន្រ្តីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ជារឿងនយោបាយ។
ក្នុងពេលដែលលោក គង់ ម៉ាស់ កំពុងជាប់ឃុំ និងទូរស័ព្ទទាំងពីរគ្រឿងរបស់លោក ត្រូវបានសមត្ថកិច្ចដកហូតទុកនោះ ស្រាប់តែគណនីហ្វេសប៊ុករបស់លោក ដែលត្រូវគេលួចគ្រប់គ្រងនោះ បានផ្ញើសារជាអក្សរទៅសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន ទំនងជាចង់ភ្ជាប់អ្នកដែលទទួលសារនោះ ឲ្យចូលក្នុងស៊ងនៃអង្គហេតុចោទប្រកាន់ ដើម្បីចាប់មនុស្សបន្ថែម។
ចៅសង្កាត់បឹងទំពុនទី២ ជាប់ឆ្នោតពីខាងគណបក្សសង្គ្រោះជាតិលោក លោក ជា ម៉ន បានទទួលសារជាសំណួរពីគណនីហ្វេសប៊ុកមួយរបស់លោក គង់ ម៉ាស់។ លោកថា អ្នកសរសេរសារនោះ ទំនងជាមានចេតនារកលេសភ្ជាប់រូបលោកទៅនឹងលោក គង់ ម៉ាស់ ដើម្បីចាប់ខ្លួនដែរ ព្រោះជាធម្មតាលោក គង់ ម៉ាស់ មិនដែលសរសេរសារបែបនេះ ក្រៅតែពីសួរសុខទុក្ខធម្មតានោះទេ៖ «បើសិនជាសំណួរហ្នឹងជាសំឡេង ខ្ញុំស្គាល់ គង់ ម៉ាស់ ហើយ។ សំឡេង គង់ ម៉ាស់ ខ្ញុំស្គាល់ច្បាស់ណាស់។ សំណួរហ្នឹងគឺការសរសេរជាអក្សរ សួរខ្ញុំថា បងម៉នប្រមូលកម្លាំងបានហើយឬនៅ ដើម្បីទៅទទួលមាតុភូមិនិវត្តន៍របស់ជំទាវ មូរ សុខហួរ។ មុនខ្ញុំទៅជាប់គុកធំ សរសេរអ៊ីចឹងទៀត ខ្ញុំចង់ឲ្យបងធ្វើការងារហ្នឹង ប្រមូលកម្លាំងដើម្បីទទួលគាត់»។
ដោយសង្ស័យអំពីភាពមិនប្រក្រតីនៃអត្ថន័យរបស់សារនោះ លោក ជា ម៉ន បានអះអាងថា លោកបានតបបែបកំប្លែងលេងទៅវិញថា បើប្រមូលកម្លាំងទៅធ្វើកិច្ចការបរិស្ថានលោកនឹងធ្វើ។
ទោះជាយ៉ាងនេះក្ដី លោក ជា ម៉ន នៅតែគិតថា អ្នកដែលលួចគណនីហ្វេសប៊ុកលោក គង់ ម៉ាស់ ប្រើនោះ ច្បាស់ជាមានបំណងមិនល្អ និងប៉ុនប៉ងភ្ជាប់រូបលោក និងសកម្មជនគណបក្សសង្គ្រោះជាតិឯទៀត ឲ្យជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ណាមួយ ដែលអាជ្ញាធរអាចយកលេស ដើម្បីចាប់ខ្លួនមនុស្សបន្ថែមទៀត។
កន្លងមកមានករណីស្រដៀងគ្នានេះដែរ គឺក្រោយអាជ្ញាធរចាប់ដកហូតទូរស័ព្ទរដៃបស់សកម្មជនបរិស្ថាន សកម្មជនសង្គម និងអ្នកតវ៉ាមួយចំនួនទៀត ស្រាប់តែគណនីហ្វេសប៊ុករបស់ពួកគាត់ខ្លះ ត្រូវបានគេលួចគ្រប់គ្រង។ មានករណីខ្លះទៀត ក្រោយសមត្ថកិច្ចចាប់ខ្លួន និងដកហូតទូរស័ព្ទដៃអ្នកតវ៉ាហើយ ស្រាប់តែសំឡេងសន្ទនាគ្នាជាឯកជន ដែលមាននៅក្នុងទូរស័ព្ទដៃនោះ បានធ្លាក់ដល់ដៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកយកមកចាក់ផ្សាយជាសាធារណៈ គំរាមកំហែងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនៅក្នុងសារសំឡេងនោះ។ ក្រោយការចាក់ផ្សាយសំឡេងនោះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជាបន្តបន្ទាប់។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកនាំពាក្យពន្ធនាគារ ជុំវិញការលួចចូលប្រើគណនីហ្វេសប៊ុករបស់លោក គង់ ម៉ាស់ ដែលកំពុងនៅជាប់ពន្ធនាគារនោះបាននៅឡើយទេ។
លោក គង់ ម៉ាស់ មានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចំនួនពីរ មួយឈ្មោះ គង់ ម៉ាស់ (Kong Mas) និងមួយទៀតឈ្មោះ Kong Mas Freedom។
ដើម្បីសុវត្ថិភាព និងដើម្បីកុំឲ្យគេយកលេសដាក់បន្ទុកបន្ថែមលើលោក គង់ ម៉ាស់ និងអ្នកឯទៀត ភរិយារបស់លោក គង់ ម៉ាស់ លោកស្រី កុល សាត ស្នើឲ្យអ្នកទាំងស្គាល់លោក គង់ ម៉ាស់ ទាំងអស់តាមហ្វេសប៊ុកប្រយ័ត្នប្រយែង៖ «ខ្ញុំចង់ផ្ដាំផ្ញើទៅក្រុមការងាររបស់គាត់ ឬក៏ជាមិត្តភក្តិ ឬអ្នកដែលស្គាល់គាត់ជាហ្វ្រិន (friends) របស់គាត់ទាំងអស់ ចង់ឲ្យពួកគាត់ដឹង ពីបញ្ហារឿងទូរស័ព្ទគេចូល hack accounts ចូលយកទៅប្រើប្រាស់ ឲ្យដឹងព្រោះខ្លាចមានបញ្ហាអ្វីដល់ក្រុមការងាររបស់គាត់»។
អ្នកជំនាញខាងបច្ចេកវិជ្ជាព័ត៌មានវិទ្យា ធ្លាប់ប្រាប់អាស៊ីសេរីថា ការទាក់ទងគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក WhatsApp, Signal និង Telegram គឺជាមធ្យោបាយដ៏មានសុវត្ថិភាពបំផុត លើកលែងតែក្នុងករណី ដែលមានសមាជិកណាម្នាក់ក្នុងក្រុមសន្ទនា លួចបញ្ចេញសារសន្ទនា ទៅក្រៅ ឬទូរស័ព្ទដៃរបស់ម្ចាស់គណនី ធ្លាក់ទៅលើដៃអ្នកដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។