ម្ចាស់​ផ្ទះ​ជួល​ថា​ពួកគាត់​ក៏​ជា​ជន​រងគ្រោះដែរ​​ខណៈពលរដ្ឋ​បន្ត​សុំ​​ឱ្យ​​រដ្ឋ​​បញ្ចុះ​ថ្លៃទឹក​ភ្លើង​

0:00 / 0:00

ម្ចាស់ផ្ទះ​ជួល​មួយ​ចំនួន​ត្អូញត្អែរ​ថា ពួកគាត់​ក៏​កំពុង​ជួប​ការ​លំបាក និង​ប្រឈមបញ្ហា​បំណុល​ធនាគារ​ដូចគ្នា ដូច្នេះ​ពួក​គាត់​សំណូម​ពរ​ដល់​រដ្ឋាភិបាល កុំសង្កត់​ក​ពួកគាត់​បន្ថែម​ទៀត តែ​ត្រូវ​ជួយ​រក​ដំណោះស្រាយ​វិញ។

ម្ចាស់ផ្ទះជួលនៅ​ខណ្ឌដង្កោ រាជធានីភ្នំពេញលោក ហង្ស សាន ប្រាប់​អាស៊ីសេរីថា លោក​ជួល​ផ្ទះ​ឱ្យ​សិស្សសាលា កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋតាមខេត្ត​ដែល​មក​ធ្វើការ​នៅភ្នំពេញ ហើយ​ចំណូល​នេះ លោក​ប្រើ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បង់ទឹកភ្លើង និង​សង​បំណុល​ធនាគារ​ជាដើម។ លោកបន្តថា ការ​រីករាលដាល​ជំងឺកូវីដ​នេះ បាន​ធ្វើឱ្យ​គ្រួសារ​របស់​លោកលក់ដូរ​មិន​ដាច់ ហើយ​ថ្លៃ​ផ្ទះជួល​ប្រមូល​មិន​បានធ្វើឱ្យ​ចំណូល​គ្រួសារ​លោក​បាត់បង់​ស្ទើ​ទាំងស្រុង។ លោកថា ​រដ្ឋាភិបាល​ហាក់​មិន​បាន​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​ពលរដ្ឋទេ ប៉ុន្តែ​បែរជា​រកវិធី​សង្កត់ក​ប្រជាពល​រដ្ឋ​បន្ថែម​ទៅវិញ៖ «ឱ្យ​រដ្ឋាភិបាល​ជួយ​ទីមួយ ការបង់លុយ​ធនាគារ​ហ្នឹង បើសិន​​ជួយ​​មិន​​ឱ្យ​មាន​ការ​បង់​លុយ​ធនាគារ យើង​ក៏​អាច​ជួយ​ដល់​បង​ប្អូន​ដែលមក​ជួល​បន្ទប់​ដែរ អាហ្នឹង​ត្រូវតែ​តគ្នា​អ៊ីចឹង​បាទ ​វា​រួម​ទាំង​អស់​គ្នា​ហ្នឹង ត្រូវ​ជួប​បញ្ហា​លំបាក​ ទឹកភ្លើង​ យើង​នៅ​តែបង់​ពេញ​ដដែល»។

ចំណែក​ពលរដ្ឋ​អ្នកជួល​ផ្ទះវិញ ពួកគាត់ថា ស្ថានភាពនេះ​លំបាក​បំផុត ព្រោះចំណូល​ថយចុះ តែតម្រូវ​ការ​ចំណាយ​នៅតែ​ដដែល ឬខ្ពស់ជាង​មុនទៅ​ទៀត។

កម្មកររោងចក្រ​នៅ​សង្កាត់​ស្ទឹងមានជ័យលោក សុខ ជា ប្រាប់ថា ពួកលោកមិន​សូវ​មាន​ការងារ​ធ្វើទេ ហើយ​ក៏​មិន​បាន​ធ្វើការ​ថែម​ម៉ោង​ដែរ ដែល​ធ្វើឱ្យចំណូល​ត្រូវធ្លាក់ចុះ។ លោកថា ក្នុង​ស្ថានភាព​នេះ លោក​មិន​អាច​ទប់ទល់នឹង​ការ​ចំណាយ​ជា​ច្រើន​មុខ ដូចជា ម្ហូបអាហារ បង់​ថ្លៃ​បន្ទប់ជួល ទឹកភ្លើង និងបង់​ធនាគារ​នៅ​ឯស្រុកកំណើត​បានទេ។ លោក​គាំទ្រ​ដែល​រដ្ឋាភិបាល​ស្នើ​ឱ្យម្ចាស់ផ្ទះ​លើក​លែង​ការបង់ថ្លៃ​នៅ​ពេល​នេះ ប៉ុន្តែ​លោកថា រដ្ឋាភិបាល​ក៏ត្រូវជួយ​បន្ធូរបន្ថយ​ ឬ​កុំ​យក​ថ្លៃទឹកភ្លើង​តែម្តង នោះ​ទើប​អាច​សម្រាល​បន្ទុកជីវភាព​ប្រចាំថ្ងៃ​របស់​ពួក​លោក​បានខ្លះ៖ «បើ​បាន​ខាង​ម្ចាស់​ផ្ទះជួល​គាត់​បញ្ចុះ​តម្លៃ​ល្អ តែ​ម្ចាស់​ផ្ទះជួល​ខ្ញុំ​ អត់​ឃើញ​​ជូន​ដំណឹង​ថា ​ត្រូវ​តែ​បញ្ចុះ​អី​អត់​មាន​ទេ បើ​សិន​ម្ចាស់​ផ្ទះ​ជួលគាត់​អាច​គិត​ថា ​កូវីដ​ចឹង គាត់​ជួយ​បន្ធូរ​តម្លៃ​ផ្ទះ​ជួល ខ្ញុំ​គិតថា​ល្អ​ដែរ ព្រោះ​កម្មករ​ដូច​ពួក​ខ្ញុំហ្នឹង អត់​សូវ​មាន​ការងារ​ធ្វើទេ ចេញ​តែ​ម៉ោង៤»។

ការលើកឡើង​របស់​ម្ចាស់​ផ្ទះជួល និង​ប្រជាពលរដ្ឋ​នេះ គឺ​នៅ​ក្រោយ​ពេលរដ្ឋបាល​រាជធានីភ្នំពេញ​ចេញ​សេចក្តីអំពាវនាវ​ទៅ​ម្ចាស់​ផ្ទះ ឬ​បន្ទប់ជួល នៅក្នុងរាជធានីភ្នំពេញ ឱ្យ​ពិនិត្យ​លទ្ធភាព​បញ្ចុះតម្លៃ ឬ​លើកលែង​ការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួល​បន្ទប់​ក្នុង​កំឡុង​ការរីករាលដាល​ជំងឺកូវីដ-១៩ រហូត​ដល់​ធូរ​ស្រាលឡើងវិញ។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រាប់​អាស៊ីសេរី​ដោយខ្លី​ថា ក្រោយពេលរដ្ឋបាលរាជធានីភ្នំពេញ​ចេញ​លិខិតអំពាវនាវ​នេះ ម្ចាស់​ផ្ទះជួលមួយ​ចំនួន បាន​បញ្ចុះ​តម្លៃ​ជួល​ផ្ទះ៖ «ការបន្ធូរបន្ថយ និង​ការយោគ​យល់​គ្នា ហើយ​មិនមែន​ជាលើក​ទីមួយ​ទេ តាំង​ពី​រដ្ឋបាល​រាជធានីភ្នំពេញ​យើង​បាន​អំពាវនាវ ទី​តាំង​ខ្លះ​ភ្លើង​ឆេះ​ក៏​យើង​អំពាវ​នាវ​​ដល់ម្ចាស់​ផ្ទះ​ជួល​ហើយ​គាត់​សហការ​ជាមួយ​នឹង​អាជ្ញាធរ​យើង ជាមួយ​កម្មករ​យើង អ្នក​ទាំងពីរ​នេះ​ គឺ​មិន​អាច​ខ្វះ​គ្នា​បាន មាន​ផ្ទះ​អត់មនុស្ស​​ជួល​​ក៏​អត់​បាន ពីរនាក់​នេះ​គាត់​យល់​គ្នា​ណាស់ គាត់​មាន​តម្រូវការបំពេញ​ឱ្យ​គ្នាទៅវិញ​ទៅមក»។

ទោះជាយ៉ាងណាលោក ឃួង ស្រេង មិន​បាន​និយាយ​ដល់​រឿង​បញ្ចុះថ្លៃទឹកភ្លើង​ដែល​ជា​សំណើ​របស់​ពលរដ្ឋ​នោះទេ រួច​លោក​ក៏​ចុច​ផ្តាច់​ទូរស័ព្ទ។

ទាក់ទងរឿងនេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍ថា ម្ចាស់​ផ្ទះ​ជួល​មួយចំនួន បាន​ខ្ចីលុយ​ពីធនាគារ ដើម្បី​សាងសង់​ផ្ទះ ឬ​បន្ទប់ជួល ហើយ​បើពួកគាត់​អាច​បញ្ចុះ​តម្លៃ ឬ​លើក​ពេល​បង់ថ្លៃ​ជួល​មួយ​រយៈពេល​មែន នោះជារឿងគួរ​ឱ្យ​គោរព​បំផុត។ ទោះជាយ៉ាងណា លោក​ទទូច​ឱ្យរដ្ឋាភិបាល​បញ្ចុះថ្លៃទឹក ភ្លើង លើក​លែង​ប្រមូលពន្ធ ឬភាស៊ី ការពន្យាពេល ឬ​បន្ធូរបន្ថយ​ការ​សង​បំណុល និង​ឧបត្ថម្ភ​ទុន​មួយ​ចំនួន ដល់​អ្នក​ប្រកបមុខ​របរ​ខ្នាត​តូច និង​មធ្យម ដើម្បី​ឱ្យពួក​គាត់​អាច​បន្ត​មុខ​របរ​នេះ និង​មាន​លទ្ធភាព​អនុគ្រោះ​ដល់​អតិថិជន​របស់ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។