មន្ត្រីសង្គមស៊ីវិលដែលតាមឃ្លាំមើលរំលោភសិទ្ធិមនុស្ស យល់ថាក្រសួងធម្មការ គួរតែរកយុត្តិធម៌ចំពោះសាមណេរចំនួន ៩អង្គ ដែលរងអំពើហិង្សាវាយនឹងរំពាត់ តាមបទបញ្ជារបស់ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា ការសម្រេចព្រះទ័យវាយនឹងរំពាត់នេះដោយសារតែសាមណេរទាំងនោះបានធ្វើខុសធម៌វិន័យក្នុងព្រះពុទ្ធសាសនា ហើយអ្វីដែលព្រះតេជគុណធ្វើនេះ គឺដើម្បីចង់ឱ្យសាសនាព្រះពុទ្ធបានរុងរឿងប៉ុណ្ណោះ។
វីដេអូនៃអំពើហិង្សា ទៅលើសាមណេរចំនួន ៩អង្គ ដោយវាយនឹងរំពាត់ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក បណ្តាលឲ្យមានប្រតិកម្មជាខ្លាំងពីសាធារណជននិងពីសមត្ថកិច្ច។ អ្នកខ្លះគាំទ្រចំពោះទង្វើធ្វើទារុណកម្មរបស់ព្រះសង្ឃថា ជាការដាក់ពិន័យ និងមួយចំនួនទៀតមិនគាំទ្រដែលទាមទាររកយុត្តិធម៌ដល់សាមណេរ ដែលបានរងនូវអំពើហិង្សានោះ។
អ្នកសម្របសម្រួលអង្គការអាដហុកខេត្តសៀមរាបលោក ចាន់ ចំរើន មានប្រសាសន៍ថា បើទោះបីជាការវាយនឹងរំពាត់ ជាការដាក់ពិន័យដល់សាមណេរ ដែលបានប្រព្រឹត្តខុសវិន័យក៏ដោយ ក៏រាល់ទម្រង់នៃការប្រើប្រាស់អំពើហិង្សាជាការខុសច្បាប់។
លោកថា ក្រសួងធម្មការត្រូវតែជួយរកយុត្តិធម៌ចំពោះសាមណេរចំនួន ៩អង្គ ដែលរងអំពើហិង្សាវាយនឹងរំពាត់ ហើយព្រះគ្រូចៅអធិការវត្ត គួរតែត្រូវគេដកហូតពីតួនាទី ប្រសិនបើស្នាមរបួសនោះមិនមានលក្ខណៈធ្ងន់ធ្ងរ៖ «អាហ្នឹងស្ថិតនៅលើសមត្ថកិច្ចប្រសិនបើមានអ្វីកើតឡើងរហូតដល់ពិការ ឬគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ នោះព្រះរាជអាជ្ញាអាចចោទប្រកាន់។ ប្រសិនបើការប្រើអំពើហិង្សា ហ្នឹងវាមិនធ្ងន់ធ្ងរទេ នេះជាកិច្ចការរបស់សមត្ថកិច្ច តើបានកើតឡើងមានកម្រិតប៉ុណ្ណា។ ប៉ុន្តែវាជាគំនិតរបស់សង្គមស៊ីវិល យើងមិនគាំទ្រចំពោះបុគ្គលណាប្រើអំពើហិង្សាទេ ត្រូវតែមានវិធានការណាមួយហើយ»។
នៅក្នុងវីដេអូឃ្លីបដែលបានចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុកមានរយៈពេលចំនួនជាង ១នាទី បានបង្ហាញរូបភាពនៃការប្រើប្រាស់អំពើហិង្សាវាយនឹងរំពាត់ ដោយឱ្យសាមណេរក្រាបផ្កាប់មុខទៅនឹងកម្រាលឥដ្ឋ ហើយមានព្រះសង្ឃមួយអង្គ បានវាយនឹងរំពាត់យ៉ាងពេញទំហឹង។ ការវាយនោះមានព្រះសង្ឃផ្សេងទៀតជាអ្នករាប់ចំនួនរំពាត់ដែលបានវាយរហូតដល់គ្រប់ចំនួន ៥០ រំពាត់ទើបឈប់។

ភ្លាមៗក្រោយពីការបង្ហោះវីដេអូ ត្រូវបានគេចែកចាយតាមបណ្តាញសង្គម គណៈសង្ឃនាយកនៃប្រទេសកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចកាលពីថ្ងៃទី១៥ ខែមីនា បានចុះទៅដល់វត្តរាជបូណ៌ មានទីតាំងស្ថិតនៅក្រុងសៀមរាប។ អាជ្ញាធរ បានឱ្យព្រះតេជគុណ ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ធ្វើកិច្ចសន្យា បញ្ឈប់ការប្រើប្រាស់អំពើហិង្សាដល់សាមណេរទាំង ៩ អង្គនោះ។
នៅក្នុងកិច្ចសន្យាទាំង ៥ ចំណុចដែលអាស៊ីសេរីបានទទួល មានចំណុចមួយចំនួន ព្រះតេជគុណ ពិន សែម បានយល់ព្រមឈប់អប់រំភិក្ខុ និងសាមណេរ តាមបែបប្រើអំពើហិង្សាវាយដំចាប់ពីថ្ងៃនេះតទៅ ហើយ ព្រះតេជគុណ សូមកែប្រែនូវការអប់រំ ទូន្មានប្រដៅដល់ភិក្ខុ និងសាមណេរតាមបែបវិន័យព្រះពុទ្ធសាសនា និងអហិង្សាវិញ។
ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាបព្រះតេជគុណ ពិន សែម មានថេរដីកា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧ ខែមីនាថា ក្នុងចំណោមសាមណេរទាំង ៩អង្គ នោះ មានតែ ៣អង្គ ប៉ុណ្ណោះដែលបានរងការវាយនឹងរំពាត់។
ព្រះតេជគុណបន្តថា មូលហេតុដែលព្រះអង្គសម្រេចព្រះទ័យដាក់ទណ្ឌកម្មវាយនឹងរំពាត់នេះ គឺដោយសារតែសាមណេរអង្គនោះបានប្រព្រឹត្តខុស និងធម៌វិន័យរបស់ព្រះពុទ្ធ។ ប៉ុន្តែព្រះអង្គមិនបានបញ្ជាក់ថា ធ្វើខុសវិន័យនោះមានអ្វីខ្លះនោះទេ។ ព្រះអង្គបន្តថា ព្រះអង្គធ្វើនេះ គឺមានបំណងតែមួយគត់ គឺចង់ឱ្យសាសនាព្រះពុទ្ធរុងរឿង មិនត្រូវបានសង្ឃអង្គណាមកជាន់ឈ្លី ឬមានបំណងមកបំផ្លាញសាសនាឡើយ៖ «សម្រាប់អាត្មា ទូន្មាន ប្រៀនប្រដៅនេះមិនចាត់ជាអំពើហិង្សាទេ ពីព្រោះអ្នកប្រាជ្ញបណ្ឌិតក្នុងពុទ្ធសាសនាលោកបានប្រាប់ថា មាតាបិតាក្តី គ្រូបាអាចារ្យក្តី។ បានជេរស្ដីប្រដៅកូនក្តី ឬក៏វ៉ៃក្ដី លោកមិនចាត់ទុកជាអំពើទុច្ចរិតទេ ចាត់ទុកជាអំពើកុសល។ បើចេតនានៃការធ្វើ គឺដើម្បីកូនសិស្សនឹងល្អ លះបង់សេចក្ដីអាក្រក់ចេញ។ នេះតាមព្រះពុទ្ធសាសនាពរ»។

ទាក់ទិននឹងបញ្ហានេះ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា អ្វីដែលព្រះតេជគុណ ពិន សែម បានដាក់ពិន័យចំពោះសាមណេរ មិនខុសទេ ពីព្រោះតាមធម៌ដាក់ពិន័យរបស់ព្រះពុទ្ធ គឺអាចដាក់ពិន័យចំពោះសង្ឃអង្គណាដែលធ្វើខុស ដោយវាយនឹងរំពាត់ ឱ្យចម្លងធម៌ ជម្រះស្មៅនៅជុំវិញវត្ត និងបង្អត់ចង្ហាន់នៅពេលព្រឹកជាដើម។
ព្រះតេជគុណបន្តថា ចំពោះការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល ថាឱ្យសមត្ថកិច្ចគួរតែរកយុត្តិធម៌ដល់សាមណេរទាំងនោះ គឺជារឿងមិនត្រឹមត្រូវ៖ «សង្គមស៊ីវិលធ្វើអត់ត្រូវ សង្គមស៊ីវិលចេះធ្វើតែរឿងខុសអីចឹង។ ចំពោះចំណុចនេះអាត្មាអត់គាំទ្រទេ អាត្មានិយាយឱ្យត្រង់ ពីព្រោះយើងមិនដឹងកន្លែងណាអប់រំនៅក្នុងសាសនា កន្លែងណាអប់រំនៅក្នុងសង្គម។ សង្គមស៊ីវិលរឿងអយុត្តិធម៌ច្រើនណាស់ដោះមិនចេញទេ កន្លែងណាទន់ខ្សោយទៅដោះអាហ្នឹង»។
អ្នកនាំពាក្យក្រសួងធម្មការ និងកិច្ចការសាសនាលោក សេង សុមុន្នី មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយលោកបានបង្វែរសំនួរនេះទៅសួរខាងគណៈសង្ឃនាយក ពីព្រោះនេះជាភារកិច្ចរបស់គណៈសង្ឃនាយក។
អាស៊ីសេរីមិនអាចទាក់ទងទៅសម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត បានទេដោយទូរស័ព្ទមិនមានអ្នកទទួល។ ប៉ុន្តែនៅក្នុងកំណត់ហេតុ កាលពីថ្ងៃទី១៣ ខែមីនា ដោយមានការចូលរួមពីមន្ទីរធម្មការ និងសាសនាខេត្ត ស្នងការរងខេត្តសៀមរាប បានសន្និដ្ឋានថា ករណីវាយនឹងរំពាត់នេះជាអំពើប្រៀនប្រដៅ និងជាការដាក់ពិន័យរបស់ព្រះគ្រូចៅអធិការ ដល់ភិក្ខុ និងសាមណេរ ដែលប្រព្រឹត្តខុសវិន័យ មិនមែនជាអំពើហិង្សា ធ្វើទារុណកម្ម ឬទណ្ឌកម្មឃោរឃៅនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។