មន្ត្រីសង្គមស៊ីវិលផ្នែកទេសន្តរប្រវេសក៍ ស្នើដល់រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុននាំពលករចេញ ទៅ ធ្វើការនៅក្រៅប្រទេស គិតគូរពីការជំពាក់បំណុលនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម លើពលករចំណាកស្រុក។
មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍ នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃសុក្រថា ភាគច្រើនពលករចំណាកស្រុក ជំពាក់បំណុលវ័ណ្ឌក ដោយសារតម្រូវការចំណាយបង់ប្រាក់ច្រើន ដើម្បីអាចទៅធ្វើការនៅក្រៅប្រទេសបាន។ លោកចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយសម្រួលការចំណាយនានា រួមមានកំណត់តម្លៃថោកសម្រាប់ការធ្វើប័ណ្ណការងារ ដើម្បីកាត់បន្ថយបំណុលរបស់ពលករចំណាកស្រុក៖ « កាលណាទៅដោយសារចំណាយច្រើន ពួកគាត់គ្មានលុយផ្ទាល់ខ្លួនទេ គឺគាត់ត្រូវខ្ចីគេ ឬក្រុមហ៊ុនបង់មុន ដូចនេះត្រូវបង់គិតការប្រាក់ ម្ល៉ោះហើយត្រូវបង់សងវិញនៅប្រទេសទៅធ្វើការ។ ដូចនេះវាក្លាយជាការចំណាកស្រុកជំពាក់បំណុល ដែលនេះមានន័យថា ទាសករនៅសម័យទំនើប គាត់អត់មានសិទ្ធិសេរីភាពក្នុងការឲ្យគេគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ »។
ការលើកឡើងរបស់មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នេះ បន្ទាប់ពីអាជ្ញាធរថៃអនុញ្ញាតឲ្យពលករចំណាកស្រុកជាង ១៣ម៉ឺននាក់ រួមមានខ្មែរ ភូមា និងឡាវ ដែលកំពុងធ្វើការក្នុងប្រទេសថៃ អាចបន្តប័ណ្ណការងារបាន ២ឆ្នាំបន្ថែមទៀត ដែលនឹងផុតកំណត់នៅចុងខែវិច្ឆិកាខាងមុខ។
រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ស៊ូឆាត ជុំលីន (Suchat Chomklin) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា ការពន្យារប័ណ្ណការងារ ២ឆ្នាំបន្ថែមទៀតនេះ គឺដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងសម្រួលការងារដល់ពលករចំណាកស្រុកជាង ១៣ម៉ឺននាក់នោះ មកធ្វើការក្នុងប្រទេសថៃ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីនៃប្រទេសទាំងនោះ។
ប្រទេសថៃមានពលករបរទេសចុះឈ្មោះស្របច្បាប់ ជាង ២លាន៨សែននាក់ មកពីប្រទេសកម្ពុជា ភូមា និងឡាវ ដែលបម្រើការងារផ្នែកសំណង់ កសិកម្ម និងនេសាទ។
របាយការណ៍របស់ក្រសួងការងារបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ មានពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណមួយលាននាក់។ លោក ឌី ថេហូយ៉ា ឲ្យដឹងថា ស្ថានភាពជាក់ស្ដែង ពលករខ្មែរធ្វើការទាំងមានច្បាប់ និងខុសច្បាប់ នៅប្រទេសថៃ មានខ្ទង់ពីរលាននាក់។ លោកបន្តថា តាំងពីប្រទេសថៃ បិទព្រំដែន ចាប់ពីខែមីនាមក ពលករខ្មែរ ជាងមួយម៉ឺននាក់ បានលួចឆ្លងដែន ចូលទៅប្រទេសថៃ រកការងារធ្វើជាបន្តបន្ទាប់ តែភាគច្រើន ត្រូវថៃចាប់បានហើយបញ្ជូនត្រឡប់មកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។