អ្នក​ជំនាញ​ស្នើសុំ​ក្រសួង​ព័ត៌មាន​ឱ្យ​​ពិចារណា​ជា​មុន​សិន មុន​សម្រេច​ដក​ហូត​អាជ្ញាប័ណ្ណ​ស្ថាប័ន​កាសែត​ណា​មួយ

ស្លាកសញ្ញាក្រសួង​ព័ត៌មាន
ស្លាកសញ្ញាក្រសួង​ព័ត៌មាន (រូប៖ ពលរដ្ឋ)

0:00 / 0:00

អ្នក​ជំនាញ​ខាង​សារព័ត៌មាន​នៅ​កម្ពុជា មើល​ឃើញ​ថា ក្រសួង​ព័ត៌មាន​មិន​បាន​បំពេញ​តួនាទី​ឱ្យ​បាន​អព្យាក្រឹត្យ​នោះ​ទេ ទាក់​ទិន​នឹង​ការ​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​ស្ថាប័ន​កាសែត​មួយ​ចំនួន​ ដោយ​មិន​បាន​ពិនិត្យ​មើល​លើ​ផ្លូវ​ច្បាប់​ត្រឹមត្រូវ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​លោក​ ណុប វី​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​ដក​អាជ្ញាប័ណ្ណ​របស់​ក្រសួង​ព័ត៌មាន​គួរ​តែ​ចៀសវាង កុំ​ឱ្យ​មាន​ការ​ដក​ហូត​យក​អាជ្ញាប័ណ្ណ មាន​​លក្ខណៈ​ផុយ​ស្រួយ​ពេក​ ។​

លោក​បន្ត​ថា​ ក្រសួង​គួរ​តែ​សហប្រតិបត្តិការ​ជា​មួយ​អង្គការ​ សមាគម​សារព័ត៌មាន​ ដើម្បី​ឱ្យ​មាន​ការ​ចង​ក្រង​ក្រម​សីលធម៌​វិជ្ជាជីវៈ​រួម​មួយ​ ដើម្បី​ឱ្យ​អ្នក​សារ​ព័ត៌មាន​គ្រប់​ស្ថាប័ន​យក​ទៅ​អនុវត្ត​បាន​ ហើយ​ការ​ចង​ក្រង​នេះ​ គឺ​មាន​នៅ​ក្នុង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ តែ​មិន​ទាន់​បាន​លម្អិត​៖«​ ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​អង្គការ​ សមាគម​ជាង​៥០​ ហ្នឹង​ យើង​គួរ​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ទៅ​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​រួម​ ហើយ​យើង​ប្រកាស​ឱ្យ​អ្នក​សារព័ត៌មាន​លោក​ប្រើ​ប្រាស់​ជា​ទូទៅ។ នៅ​ក្នុង​ស្ថាន​ភាព​ហ្នឹង​ បើ​បង​ប្អូន​អ្នក​សារព័ត៌មាន​ណា​ដែល​លោក​មិន​បាន​អនុវត្តន៍​ មិន​បាន​ត្រឹម​ត្រូវ​ទេ យើង​អាច​ចេញ​ជា​ការ​ព្រមាន​ អាច​ហៅ​មក​ណែ​នាំ​ ឬ​មួយ​ប្រសិន​ជា​ស្ថាន​ភាព​ មាន​ការ​អនុវត្ត ន៍អាក្រក់​បំផុត​ យើង​អាច​ឈាន​ទៅ​ដល់​ការ​បញ្ចប់​វិជ្ជាជីវៈ​ សម្រាប់​រូប​គាត់​អ៊ីចឹង​ជា​ដើម»។

ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី១២ មីនា លុប​ចោល​អាជ្ញាប័ណ្ណ​គេហទំព័រ​ដែល​បាន​ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ឈ្មោះ «សាន​ព្រំ​ព័ត៌មាន» www.sanprum.nwes.com និង www.live-daily.com ដោយ​ចោទ​ថា បាន​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ការ​ពិត​ បង្ក​ភាព​ច្របូក​ច្របល់​ ចលាចល​ដល់​សង្គម។

គេហទំព័រ​សារព័ត៌មាន​សាន​ព្រំ​ បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១១ ដោយ​បាន​យក​រូប​ថត​ជន​រង​គ្រោះ​ម្នាក់​មក​ផ្សាយ​ថា ជា​ជន​រងគ្រោះ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ តែ​តាម​ការ​ពិត​ជា​ជន​រង​គ្រោះ​ផ្សេង​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ចោទ​ថា គេហទំព័រ​មួយ​នេះ​បាន​សាង​កំហុស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បាន​យក​រូប​ថត​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ មក​ផ្សព្វ​ផ្សាយ កាល​ពី​ថ្ងៃ​ទី១១ មីនា​កន្លង​ទៅ​នេះ បាន​ប្រាស​ចាក​ទាំង​ស្រុង​ចំពោះ​វិជ្ជាជីវៈ​សារព័ត៌មាន៖«ដូច​លោក​បាន​ជ្រាប​ហើយ នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​របស់​គាត់ ហើយ​គាត់​បាន​បំភ្លៃ​អំពី​ការ​ពិត អំពី​ការ​រៀបចំ​ទុក​ដាក់ អំពី​អ្នក​ជំងឺ ដែល​គាត់​ទទួល​មរណភាព​ដោយ​សារ​កូវីដ​ហ្នឹង ដែល​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា ការ​រៀប​ចំ​ទុក​ដាក់​នោះ គឺ​មិន​សម​ស្រប​ទៅ​តាម​ក្រសួង​សុខាភិបាល​ជា​ដើម»។

ទីប្រឹក្សា​គេហទំព័រ សាន​ព្រំ​ព័ត៌មាន លោក​ ព្រំ សាន ប្រាប់​អាស៊ី​សេរី​ថា លោក​ពិត​ជា​ទទួល​ស្គាល់​​ថា​ រូប​ថត​ជន​រងគ្រោះ ដែល​បាន​ផ្សព្វផ្សាយ​នៅ​មិន​ត្រឹម​ត្រូវ​មែន។ លោក​ថា ពេល​ដែល​គេហទំព័រ​របស់​លោក​បាន​ផ្សាយ​ភ្លាម លោក​ក៏​ដឹង​ខ្លួន​ថា មាន​កំហុស​ដែរ ហើយ​លោក​បាន​ព្យាយាម​លុប​រូប​នោះ​ចេញ​វិញ​ដែរ៖«កន្លង​មក​អង្គភាព​របស់​​ខ្ញុំ​ធ្លាប់​មាន​បញ្ហា​ដែល​មិន​ប្រក្រតី ដែល​ក្រសួង​ចាត់​ទុក​ថា​ ខុស​វិជ្ជា​ជីវៈ​អ៊ីចឹង។ នៅ​ពេល​នេះ​គាត់​អាច​បូក​សរុប​ទៅ​ថា​ លើក​ទី១ ទី២ ទី៣ ទៅ។ អ៊ីចឹង​គាត់​សម្រេច​ថា លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​សាន​ព្រំ ​ចោល។ ខ្ញុំ​អត់​មាន​អី​តវ៉ា​ទេ។ បើ​ជា​ទស្សនៈ​បុគ្គល​ខ្ញុំ​គាំ​ទ្រ​ថា ឱ្យ​ហៅ​អប់រំ ឱ្យ​ហៅ​ព្រមាន​ លើក​ទី១ លើក​ទី២ លើក​ទី៣»។

ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៦ កុម្ភៈ ក៏​បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​ ស្ថាប័ន​កាសែត​អង្គរ​ធូដេ ​(Angkor Today) ដែល​គ្រប់​គ្រង​ដោយ​ជនជាតិ​ចិន។ ក្រសួង​បាន​​ចោទ​ប្រកាន់​ថា​ ស្ថាប័ន​នេះ​ បាន​​រំលោភ​ទៅ​លើ​កិច្ច​សន្យា​ ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ដែល​បាន​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ ខុស​ពី​ការ​ពិត​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ ពី​សាធារណជន​ និង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជា​មួយ​បរទេស​ និង​មុខ​មាត់​របស់​ប្រទេស​កម្ពុជា។

អង្គការ​អ្នក​សារព័ត៌មាន​ គ្មាន​ព្រំ​ដែន បាន​ចាត់​ទុក​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ដោយ​ការ​គំរាមកំហែង ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​ការ​បង្កើត​ច្បាប់​ថ្មី​ស្ដីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាដើម។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០២០ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី១៩ ខែ​មេសា ដោយ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ១៤៤ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៨០ប្រទេស ដោយ​ទទួល​បាន​ពិន្ទុ ៤៥,៤៦។

របាយការណ៍​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា រក​ឃើញ​ថា រយៈពេល ១០ខែ ឆ្នាំ២០២០ មាន​អ្នក​កាសែត ៥៩នាក់ រងគ្រោះ​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា ការ​ចាប់ខ្លួន ការ​ស្លាប់ និង​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ។

ក្នុងចំណោម​អ្នក​ទាំង ៥៩នាក់​នោះ មាន ២៧នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ពី​បទ៖ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជា​ដើម» និង​អ្នក​កាសែត ៧នាក់​ទៀត រង​អំពើ​ហិង្សា​ពី​ជន​មិន​ស្គាល់​មុខ។ ករណី​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ថា សេរីភាព​សារ​ព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន នៅតែ​បន្ត​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។