ប្រជាពលរដ្ឋជាង ២០គ្រួសារ នៅខេត្តបាត់ដំបងទទូចសាជាថ្មីដល់អាជ្ញាធរថ្នាក់ខេត្តចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលអ្នកមានម្នាក់ ដែលបិទផ្លូវមិនឱ្យពួកគាត់ឆ្លងកាត់ក្នុងរយៈពេលជាង ៤ឆ្នាំមកហើយ។ មន្ត្រីមូលដ្ឋានថាបញ្ហានេះ អាជ្ញាធរព្យាយាមសម្របសម្រួល និងធ្វើកិច្ចសន្យាជាច្រើនដងដែរ ប៉ុន្តែ ពុំមានប្រសិទ្ធភាព ដោយសារអាជ្ញាធរមូលដ្ឋានមិនមានសមត្ថកិច្ចគ្រប់គ្រាន់។
ប្រជាពលរដ្ឋជាង ២០គ្រួសារ នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ចោទលោក លី សារឿន ដែលរស់នៅជិតគ្នាសាងសង់ទ្វារ និងបិទផ្លូវមិនឱ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ជាញឹកញាប់ដោយគ្មានមូលហេតុ។
ពលរដ្ឋម្នាក់ គឺលោកស្រី ថង វ៉ាន់ស៊ុយ លើកឡើងថា ពលរដ្ឋប្រមាណ ២០គ្រួសារ ជួបការលំបាកក្នុងធ្វើដំណើរចេញចូលផ្ទះ ដោយសារលោក លី សារឿន បានបិទផ្លូវមិនឱ្យធ្វើដំណើរ ជាពិសេស នៅពេលយប់។ លោកស្រី ថង វ៉ាន់ស៊ុយ ឱ្យដឹងទៀតថា លោកស្រី និងពលរដ្ឋផ្សេងទៀត ចាប់ផ្ដើមមានវិវាទជាមួយ លោក លី សារឿន តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែអាជ្ញាធរភូមិ-ឃុំ មិនបានយកចិត្តទុកដាក់ដោះស្រាយការលំបាកនោះទេ។
លោកស្រី ថង វ៉ាន់ស៊ុយ៖ «បិទមិចបើប្រជាជននៅក្រោយគាត់ជាអ្នកក្រ គាត់មិនមែនជាអ្នកមានណាគាត់រកស៊ីមួយថ្ងៃ ខ្វះមួយថ្ងៃហ្នឹង នរណាទៅមានពេលដើរស្ដីជាមួយគាត់រហូតមានរឿងជាមួយគាត់រហូតបិទតែផ្លូវហ្នឹងឯង នរណា ក៏មិនបានទៅរកស៊ីណា ចាំតែរងគ្រោះពីគាត់»។
ពលរដ្ឋម្នាក់ទៀត លោកស្រី នៅ សំណាង ថ្លែងថា លោកស្រីបានព្យាយាមសម្របសម្រួលជាច្រើនដងជាមួយ លោក លី សារឿន ទើបចុងក្រោយលោកស្រីសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន។ លោកស្រី នៅ សំណាង ក៏ស្នើដល់អាជ្ញាធរថ្នាក់ខេត្តជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋឱ្យបានឆាប់រហ័ស។
លោកស្រី នៅ សំណាង៖ «ធម្មតាយើងមានការឈឺយប់ព្រលប់អីទៅ យើងត្រូវការទៅទិញអីៗ ទាល់តែមានសោ។ ចុះបើយើងឈឺ អត់មានអីត្រូវចេញមិនលំបាក ហើយដីហ្នឹងក៏មិនមែនជាដីរបស់គាត់ ផ្លូវរបស់គេដើររហូត បើដីគាត់ ក៏ពួកខ្ញុំអត់ទៅរករឿងគាត់អីដែរ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទង លោក លី សារឿន ដែលពលរដ្ឋចោទថា បានបិទផ្លូវសាធារណៈបានទេ នៅថ្ងៃទី៨ ខែវិច្ឆិកា។ វិទ្យុអាស៊ីសេរីនៅមិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានទេ នៅថ្ងៃដដែលនេះ។
ជំទប់ទីមួយឃុំជ្រោយស្ដៅ មកពីគណបក្សប្រជាជនកម្ពុជា លោក ទន់ សាវិត មានប្រសាសន៍បញ្ជាក់ថា លោក លី សារឿន ពិតជាបានបិទលើផ្លូវសាធារណៈមិនឱ្យពលរដ្ឋជាង ២០គ្រួសារផ្សេងទៀតឆ្លងកាត់មែន ហើយបញ្ហានេះ លោកថា អាជ្ញាធរព្យាយាមសម្របសម្រួល និងធ្វើកិច្ចសន្យាជាច្រើនដងដែរ តែគ្មានប្រសិទ្ធភាព។ លោក ទន់ សាវិត ថា អាជ្ញាធរឃុំនឹងលើកយកបញ្ហានេះ ស្នើទៅខេត្ត ដើម្បីឱ្យជួយអន្តរាគមន៍។
លោក ទន់ សាវិត៖ «ផ្លូវហ្នឹងខ្ញុំបានដោះស្រាយជាប៉ុន្មានលើករួចមកហើយ ផ្លូវហ្នឹងផ្លូវសាធារណៈទេ ផ្លូវជាប់វត្តជ្រោយស្ដៅហ្នឹងឯង ដោះស្រាយហាមមិនឱ្យគាត់បិទ ហើយទៅធ្វើកិច្ចសន្យាលើកក្រោយនេះ ក៏គាត់ទទួលស្គាល់ថា ឈប់បិទហើយ បើគាត់បិទទៀតនឹងទទួលខុសត្រូវតាមច្បាប់ហើយ ឥឡូវនៅតែគាត់បិទ»។
ទោះជាយ៉ាងណាក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង និងប៉ៃលិន លោក យិន ម៉េងលី លើកឡើងថា អាជ្ញាធរមូលដ្ឋានមិនគួរបណ្ដោយឱ្យពលរដ្ឋណាម្នាក់បិទផ្លូវសាធារណៈរហូតដល់រយៈពេលជាង ៤ឆ្នាំ ដោយគ្មានដំណោះស្រាយនោះទេ។
លោក យិន ម៉េងលី៖ «សួរទៅអាជ្ញាធរឃុំទៅ!ឱ្យឃុំធ្វើរបាយការណ៍មកហៅភាគីទាំងពីរមកយកកត្តាច្បាប់មកនិយាយ ហើយបែរជាអត់ រុញទៅរុញមក បញ្ហាអូសបន្លាយ ៤ឆ្នាំ ធ្វើឱ្យពលរដ្ឋខាតបង់បញ្ហាច្រើនណាស់លុយ ចុះឡើងៗ កាក់ខាតបង់ច្រើនណាស់ បញ្ហាសេដ្ឋកិច្ចយើងក៏ពិបាកផង អូសបន្លាយយូរមិនមែនជារឿងល្អ វាអាចចង់មិនចង់ ព្រួយបារម្ភខ្លាចមានហិង្សា ភាគីម្ខាងបិទ ភាគីម្ខាងទៅរុះរើរបងធ្វើឱ្យមានការប្ដឹងផ្ដល់រឿងព្រហ្មទណ្ឌ»។
លោក យិន ម៉េងលី លើកឡើងថា ត្រឹមតែអាជ្ញាធរមូលដ្ឋាន ក៏មានសមត្ថកិច្ចតាមផ្លូវច្បាប់គ្រប់គ្រាន់ក្នុងការហាមឃាត់មិនឱ្យលោក លី សារឿន បិទផ្លូវសាធារណៈ ហើយអាជ្ញាធរមិនគួរអូសបន្លាយរឿងនេះ ដែលអាចនាំឱ្យពលរដ្ឋឈានដល់ការប្រើអំពើហិង្សាដាក់គ្នានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។