ក្រុមបុគ្គលិកផ្នែកល្បែង (Gaming Department) របស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងការងារ ដើម្បីទាមទារសុំប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លាររបស់ រដ្ឋាភិបាល ខណៈពួកគេកំពុងរងគ្រោះព្យួរការងារ។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលដោះ ស្រាយតាមការស្នើសុំរបស់ពួកគេ។
បន្ទាប់ពីក្រុមកម្មករក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមាណជិត ៣រយនាក់ ឈរតវ៉ាមួយសន្ទុះនៅខាងមុខ ក្រសួងការងារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ខាងតំណាងក្រសួងការងារ បានអនុញ្ញាតឲ្យតំណាង កម្មករ ៥នាក់ចូលជួបដាក់ញត្តិ និងពិភាក្សារយៈពេល ៥នាទី។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងថា ក្នុងជំនួបដ៏ខ្លីនោះ គឺតំណាងកម្មករ បានត្រឹមតែរៀបរាប់ប្រាប់អំពីគោលបំណងនៃការដាក់ញត្តិ និងទុក្ខលំបាករបស់កម្មករកាស៊ីណូ ជូនតំណាងក្រសួងការងារ ប៉ុន្តែមិនទាន់ទទួលបានការ ឆ្លើយតបជាវិជ្ជមាននៅឡើយទេ។ តំណាងកម្មកររូបនេះ រៀបរាប់ថា ប្រសិនទាំងរដ្ឋាភិបាល និងក្រុមហ៊ុន មិនជួយផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករកាស៊ីណូ ដែលកំពុងព្យួរការងារទេ គឺពួកគេមិនអាចរស់បានទេ ដោយសារគ្មានលុយទិញអាហារហូបចុក និងគ្មានលុយសងបំណុលធនាគារ៖ « ក្រុមហ៊ុនណាហ្គា វើលដ៍ ជាក្រុមហ៊ុនអ្នកមាន គួរតែចែករំលែកអម្រែករបស់រដ្ឋាភិបាលនៅក្នុងពេលនេះ ជាគំរូនៃថៅកែ ដែលមានក្រមសីលធម៌ និងគុណធម៌ ចំពោះបុគ្គលិកខ្លួន និងភាពអំណោយផលដែលរដ្ឋាភិបាលបានជួយគាត់កន្លងមក ។សម្រាប់រាជរដ្ឋាភិបាល ពួកយើងនៅតែសង្ឃឹមថា ក្នុងនាមជាពលរដ្ឋដែលបានបង់ពន្ធកន្លងមកនេះ ក្នុងពេល មានវិបត្តិនេះ សង្ឃឹមថា រដ្ឋាភិបាលមិនផាត់ពួកយើងចោល ខណៈពួកយើងបានព្យួរការងារប៉ះពាល់ដោយវិបត្តិនេះដូចកម្មករនៅក្នុងវិស័យរោងចក្រ និងវិស័យសណ្ឋាគារដែរ។ បើក្រឡេកមើល ទៅលើថវិកា ដែលសម្រេចមានប្រសាសន៍អំពីការត្រៀមដោះស្រាយវិបត្តិនេះ យើងគិតថា រដ្ឋាភិបាលអាចមានលទ្ធភាពឧបត្ថម្ភឲ្យបុគ្គលិកផ្នែកកាស៊ីណូទាំងអស់មិនថា តែណាហ្គានោះទេ » ។
អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា លោក និន វណ្ណៈ មានប្រសាសន៍ថា លោកបានទទួលញត្តិរបស់កម្មករ ណាហ្គា វើលដ៍ រួចហើយ និងកំពុងពិនិត្យមើល ប៉ុន្តែមិនទាន់សម្រេចបែបណានៅឡើយទេ៖ « ព្រឹកមិញនេះ បងប្អូនយកញត្តិមកដាក់ ដូចលោកបានជ្រាបអ៊ីចឹង ហើយក្រុមការងារកំពុងធ្វើការ។ អត់ទាន់សម្រេចនៅឡើយទេ ហើយយ៉ាងណាៗ យើងនឹងជម្រាបជូន » ។
រដ្ឋាភិបាល បានប្រកាសឲ្យក្រុមហ៊ុនកាស៊ីណូទូទាំងប្រទេសផ្អាកដំណើរការបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១ ខែមេសាមក ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាល មិនបានផ្តល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកកាស៊ីណូនោះទេ។ ចំណែកក្រុមហ៊ុន ណាហ្គា វើលដ៍ បានផ្តល់ប្រាក់ឧបត្ថម្ភ ៥០ភាគនៃប្រាក់ខែគោលជូនកម្មករចំនួន ២ខែពីខែមេសា និងខែឧសភា ប៉ុន្តែក្រុមហ៊ុន បានប្រកាសឈប់ផ្ដល់ប្រាក់ឧបត្ថម្ភចាប់ពីខែមិថុនានេះ ដោយអះអាងថា គ្មានលទ្ធភាព។ ក្រុមកម្មករ ក៏បានដាក់លិខិតស្នើសុំឲ្យក្រុមហ៊ុន ជួយបន្តផ្ដល់ប្រាក់ឧបត្ថម្ភដែរ តែក្រុមហ៊ុនមិនទាន់មានការឆ្លើយតបនៅឡើយ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែដល់ពេលបញ្ចេញកញ្ចប់ថវិកា បម្រុង និងពង្រីកវិសាលភាពផ្តល់ប្រាក់ឧបតម្ថដល់កម្មករក្នុងវិស័យផ្សេងទៀត ដូចជាកម្មករផ្នែក កាស៊ីណូ និងវិស័យសំណង់ជាដើម ព្រោះពួកគេ ត្រូវបានព្យួរការងារ និងគ្មានចំណូលដូចគ្នា៖ « តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការងារលោក ហេង សួរ នោះ គឺរដ្ឋាភិបាលត្រៀមនឹងចំណាយថវិកាប្រមាណពី ៦០លានទៅ ១០០លានដុល្លារ ដូច្នេះថវិកា នេះខ្ញុំថា វានឹងអាចយកមកប្រើប្រាស់ឆ្លើយតបនឹងបញ្ហាដែលជាសេចក្ដីត្រូវការ សេចក្ដីស្នើសុំរបស់កម្មករនិយោជិត តែគ្រាន់តែថា វិធានការនេះយើងស្នើឡើងកុំឲ្យមានភាពស្មុគស្មាញ និងមានការពន្យារពេលដូចដែលបានអនុវត្តនាពេលកន្លងមក » ។
ក្រុមហ៊ុន ណាហ្គា មានបុគ្គលិកសរុបទាំងអស់ ទាំងផ្នែកកាស៊ីណូ និងសណ្ឋាគារ ជិត ៩ពាន់នាក់ រួមទាំងបុគ្គលិកបរទេសផង ដែលមាន ម្ចាស់ជាជនជាតិម៉ាឡេស៊ី។ បុគ្គលិកផ្នែកល្បែងត្រូវបានព្យួរ ការងារទាំងស្រុង ចំណែកបុគ្គលិកផ្នែកសណ្ឋាគារ គឺមានត្រឹម២០ភាគរយដែល នៅអាចធ្វើការងារ បានខ្លះ។
ក្រុមកម្មករក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ប្រកាសថា ពួកគេនឹងបន្តតវ៉ាទៀត ប្រសិនបើរដ្ឋាភិ បាល មិនផ្តល់ប្រាក់ឧបត្ថម្ភជូនពួកគេ ៤០ដុល្លារតាមការស្នើសុំ៕