មន្ត្រី​សហជីព​ណាហ្គា​វើលដ៏​ថា ជំនួប​ចរចា​វិវាទ​ការងារ​គ្មាន​ដំណោះស្រាយ​​​ ព្រោះតែ​ក្រសួង​ការងារ​លម្អៀង​ទៅ​ក្រុមហ៊ុន

0:00 / 0:00

ជំនួប​ចរចា​ដោះស្រាយ​វិវាទ​ការងារ​រវាង​តំណាង​កម្មករ​សហជីព​ណាហ្គាវើលដ៏ (Naga world)​ តំណាង​ក្រុមហ៊ុន ​និង​ក្រសួងការងារ នៅ​រសៀល​ថ្ងៃទី៤ ខែឧសភា មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ។ ក្រសួង​ការងារ​​កំណត់​ពេលជួបគ្នាសារជាថ្មីទៀត នៅថ្ងៃទី១១ ខែឧសភា សប្ដាហ៍​ក្រោយ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថាមូលហេតុ​ដែល​ការ​ចរចា​គ្មាន​ដំណោះស្រាយ​នោះមកពី​ឆន្ទៈ​របស់​អ្នក​សម្រប​សម្រួល​ គឺ​ក្រសួង​ការងារ​នោះ​តែ​ម្ដង​ដែល​មាន​ភាព​​លម្អៀង​ទៅ​ភាគី​ក្រុមហ៊ុន។

កញ្ញា​ថាភាគី​ក្រុមហ៊ុន​នៅតែ​ប្រកាន់​ជំហរ​មិន​ទទួល​យក​បុគ្គលិក​កម្មករ​និយោជិក ជិត​២០០នាក់​​ ដែល​ស្នើ​សុំ​ត្រឡប់​ចូល​ធ្វើការ​វិញ​ជាដាច់​ខាត៖​ « ភាគី​ក្រុម​ហ៊ុន​ហ្នឹង​ គឺ ​នៅ​តែ​ ប្រកាន់​ជំហរ​ដដែល​ក្នុងការ​មិន​ព្រម​ទទួល​យក​កម្មករ​និយោជិក​ដែល​ស្នើ​សុំត្រឡប់​ចូល​ធ្វើការ​វិញ​ហ្នឹង ទោះបី​ជា​យើង​មាន​អ្នក​ដោះដូរ​ជំនួស​ពួកគាត់ ​យើង​យល់​ព្រម​កាត់​បន្ថយ​ម៉ោង​ការងារ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​បើសិន​ជា​យើង​ត្រឡប់​ចូល​ធ្វើការ​វិញ ក៏​ដោយ​​ក៏​ជំរើសទាំងអស់នេះ មិន​ត្រូវ​បាន​ពិចារណា​ដោយ​ក្រុមហ៊ុន​ទេ ព្រោះ​ដោយ​សារ​​​គេ​គ្មាន​ចេតនា​ក្នុងការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ទេ ហើយ​អ្នក​សម្របសម្រួល​ទៀត​​សោត​មិនមែន​សម្របសម្រួល​ទៅ​រក​ដំណោះ​ស្រាយ​ដែរ តែជា​ការ​សម្របសម្រួល​ឲ្យតែ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ចង់​បាន​ ជោគជ័យ​ទៅ​អនុវត្ត​ ផែនការ​ដែល ​ណាហ្គា​ ចង់​អនុវត្ត​គឺ​ធ្វើម៉េច​កាត់​សមាជិក ថ្នាក់ដឹកនាំ​សហជីព​ចេញ​ឲ្យ​បាន​ក្នុង​ពេល​ហ្នឹង»

ជំនួប​ចរចា​វិវាទ​ការងារ​លើកទី៧ដែលនៅមិនទាន់​មាន​ដំណោះស្រាយ​នេះ បាន​ជជែក​ដេញដោល​គ្នា​រយៈ​ពេល​២ម៉ោង​ ដោយមាន​តំណាង​បុគ្គលិកណាហ្គាវើលដ៏​ចំនួន៤នាក់ ​តំណាង​ក្រុមហ៊ុន​និង​តំណាង​ពី​ក្រសួង​ការងារ។ក្រសួង​ការងារ​កំណត់​ពេលជួបគ្នាសារជាថ្មីទៀត នៅថ្ងៃទី១១ ខែឧសភា សប្ដាហ៍​ក្រោយ។

នៅថ្ងៃ​ដដែល​នេះកូដករ​ណាហ្គាវើលដ៏​ជាង​១រយនាក់ (១១៨) ត្រូវ​បាន​អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់ ​បន្តឡោមព័ទ្ធ ​និង​រុញ​ច្រានបង្ខំ​កូដករ​ឲ្យឡើង​រថយន្ត​​ក្រុង មិនឲ្យ​ពួកគេទៅ​ជួបជុំ​តវ៉ា​ទាមទារ​​ដោះស្រាយ​​ការងារ ​ក្បែរអាគារ​ក្រុមហ៊ុន។

កូដករ​ណាហ្គាវើលដ៏​ម្នាក់​ កញ្ញា ស្រីពេជ្រ ថ្លែងថា ក្រោយ​អាជ្ញាធរ​និង​ជនស៊ីវិល​បង្ខំរុញ​ច្រាន​កូដករ​ឲ្យ​ឡើង​រថយន្ត​ដឹក​ចេញតាំង​ពី​ម៉ោង​ប្រមាណ​២​រសៀល រហូត​ដល់ម៉ោង៥ ល្ងាច ទៅតំបន់​ជាយៗ​ក្រុង​ហើយ​ដឹកកូដករ​ទៅ​ទម្លាក់​ចោល​នៅ​ក្បែ​រ​ទីលាន​ប្រជាធិបតេយ្យ រួច​ពួកគេ​រក​មធ្យោបាយ​ធ្វើដំណើរ​មក​ផ្ទះ​វិញ​ដោយ​ខ្លួន​ឯង។ កញ្ញា​ថា ថ្ងៃនេះ​នាងបាន​ដើរ​ទៅដល់​ខាងមុខ​ក្រុមហ៊ុន​តែ​ម្នាក់​ឯង។

ក្រុម​កម្មករ​កាស៊ីណូ​ណាហ្គាវើលដ៍ បាន​ចាប់ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​តាំង​ពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មក ពោល​គឺ​ជិត​៥ខែហើយ។ ពួកគេបន្តទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក ដែល​ត្រូវ​បញ្ឈប់ដែល​នៅ​សល់​រួម​និង​មេដឹកនាំ​សហជីព​ឱ្យ​ចូល​ធ្វើការ​វិញ ដោយទម្លាក់​ចោល​រាល់​បទ​ចោល​ប្រកាន់ និង​ធានា​សេរីភាព​សហជីព​នៅ​កន្លែង​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។