កម្មករជិត៤០នាក់ នៅរោងចក្រញូ ហ្វូម៉ា ខនធ្យូស(NEW FUMA COSTUME CAMBODIA CO.LTD) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២២ កក្កដា។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ ប្រាប់អាស៊ីសេរីថា កម្មករជិត ៤០នោះ បានទន់ដៃទន់ជើង ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ។ បន្ទាប់មកអាជ្ញាធរបានដឹង នឹងបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនមួយ នៅក្បែរនោះភ្លាមៗ។ ប៉ុន្តែលោកមិនដឹងចំនួនកម្មករជាក់លាក់ចំនួនប៉ុន្មាន ដែលដួលសន្លប់ទេ ព្រោះលោកបានប្រគល់កិច្ចការនេះ ឲ្យទៅអភិបាលរងខណ្ឌម្នាក់ ឲ្យនៅប្រចាំការមន្ទីរពេទ្យ តាមដានសុខភាពកម្មករ។
លោក ហែម ដារិទ្ធិ ថា ខាងមន្ត្រីជំនាញ មិនទាន់បង្ហាញមូលហេតុ នៃការដួលសន្លប់នេះទេ។ តែលោក ថា អាចដោយសារ សុខភាពកម្មករទន់ខ្សោយស្រាប់ ឬការដើរលេងហួសម៉ោងចូលដំណេកយប់ជ្រៅពេក ក៏ថាបាន។ អភិបាលខណ្ឌរូបនេះ ឲ្យដឹងថា គិតត្រឹមម៉ោង ៤ល្ងាច ថ្ងៃទី២២ កក្កដា កម្មការិនី ដែលទន់ដៃទន់ជើងទាំងនោះ បានចេញពីមន្ទីរពេទ្យវិញខ្លះហើយ។
រោងចក្រកាត់ដេរសំលៀកបំពាក់ ញូ ហ៊្វូម៉ា ខសធ្យូម (NEW FUMA COSTUME CAMBODIA CO.LTD) មានកម្មករសរុបជាង៦រយ(៦៣០)នាក់ មានទីតាំងស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។