កម្មករ​រោងចក្រ Thai Ya Garment Industry ប្រមាណ ៧០០នាក់ ផ្ទុះ​ការ​តវ៉ា​ស្នើសុំ​កិច្ច​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​សំណង​តាម​លក្ខខណ្ឌ

0:00 / 0:00

កម្មករ​រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាស្ទ្រី (Thai Ya Garment Industry Co., LTD) ជិត ៧០០នាក់ មាន​ទីតាំង​នៅ​ភូមិ​ពោ​មង្គល ឃុំ​តា​ទែន សង្កាត់​ពញាឮ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី១៥ កក្កដា​នេះ នាំគ្នា​ហែ​ក្បួន​តវ៉ា​មកកាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ឲ្យ​ពួក​គេ​វិញ បន្ទាប់ពី​រោងចក្រ​នេះ​បាន​ជូនដំណឹង​បញ្ចប់​កិច្ចសន្យា​ការងារ កាលពី​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០២០។

ការ​ហែ​ក្បួន​តវ៉ា​របស់​កម្មករ​រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាស្ទ្រី ត្រូវ​បាន​អាជ្ញាធរ​រារាំង​នៅ​ចំណុច ផ្លូវ​លេខ៥ ភូមិ​ដួង សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​បិទ​ផ្លូវ​អស់​ជាច្រើន​ម៉ោង មិន​ឲ្យ​កម្មករ​បន្ត​ដំណើរ​ទៅមុខ​ទៀត​នោះ​ទេ។

តំណាង​កម្មករ​រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាស្ទ្រី លោកស្រី ស្រ៊ាង សុខហ៊ាង ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១៥ កក្កដា​ថា ដំបូង​ឡើយ​ថៅកែ​រោងចក្រ​បាន​សន្យា​ទូទាត់​សង​ជូន​កម្មករ​ចំនួន រួមមាន​ប្រាក់ឈ្នួល​ចុងក្រោយ​ដែល​មិនទាន់​បាន​បើក ប្រាក់​ឈប់សម្រាក​ប្រចាំ​ឆ្នាំ ដែល​នៅសល់ ប្រាក់​រំលឹក​អតីតភាព​ការងារ និង​ប្រាក់បំណាច់​អតីតភាព​ការងារ ហើយ​ថៅកែ​បាន​យល់ព្រម​ទូទាត់ប្រាក់​ជូនដំណឹង ៥០% ផង​ដែរ។ ប៉ុន្តែ នៅ​ថ្ងៃ​បន្ទាប់ ថៅកែ​រោងចក្រ​ក៏បាន​ប្តូរ​ចិត្ត​មិន​ទូទាត់​សង​ជូន​កម្មករ​នូវ​ប្រាក់​ជូនដំណឹង ៥០% នោះ​ទេ។ រហូតដល់​ថ្ងៃ​ទី៣ កក្កដា ថៅកែ​រោងចក្រ និង​កម្មករ​បាន​ព្រមព្រៀង​គ្នា​ទូទាត់​ជូន​កម្មករ​លើ៣ ចំណុច​ខាងលើ និង​ប្រាក់​ជូនដំណឹង ៣៥% ដោយ​កម្មករ​ទាមទារ​ឲ្យ​គណនា​រក​មធ្យមភាគ ១២ខែ​ចុង​ក្រោយ ចែក​នឹង ២៦ថ្ងៃ រួច​គុណ​នឹង​ចំនួន​ថ្ងៃ​ដែល​ជូនដំណឹង ប៉ុន្តែ​ថៅកែ​រោងចក្រ​មិនបាន​ទូទាត់​ទៅតាម​លក្ខខណ្ឌ​ដែល​កម្មករ​ចង់បាន​នោះ ទើប​កម្មករ​ផ្ទុះ​ការ​តវ៉ា​ជាថ្មី​ម្ដង​ទៀត​ដោយ​ទាមទារ ៥ចំណុច​ទៅតាម​គោលការណ៍​ច្បាប់​វិញ។

លោកស្រី ស្រ៊ា​ង សុ​ខហ៊ា​ង បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ជាច្រើន​នាក់​បាន​បិទ​ផ្លូវ​រារាំង​ក្រុម​កម្មករ​មិន​ឲ្យ​បន្ត​ដំណើរ​ទៅមុខ​ទៀត​នោះ​ទេ ហើយ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពញាឮ លោក ថន សុវណ្ណា បាន​ចេញ​មក​ជួប​កម្មករ ដោយ​សន្យា​ជួយ​រក​ដំណោះស្រាយ​ជូន​នៅ​ល្ងាច​នេះ ហើយ​ឲ្យ​ក្រុម​កម្មករ​ត្រលប់​ទៅ​ចាំ​នៅ​រោងចក្រ​វិញ៖ «បើ​សិន​ជា​គាត់​អាច​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​បាន​៣​កញ្ចប់ និង​៣៥% បី​កញ្ចប់​ហ្នឹង​ គឺ​យក​ប្រាក់​ខែ​​មធ្យម​ភាគ យក​មក​គិត​ឲ្យ​ពួក​ខ្ញុំ​​បាន អញ្ចឹង​ពួក​ខ្ញុំ​ជា​កម្មករ​ក៏​ព្រម​ទទួលយក​ដែរ ព្រោះ​ពួក​ខ្ញុំ​អត់​ចង់​បន្ត​វែង​ឆ្ងាយ​​អី​ច្រើន​ដែរ។ បើ​សិន​ជា​គាត់​ធ្វើ​អត់​បាន​ដល់​គោល​ការណ៍​អ្វី​ដែល​ពួកខ្ញុំ​ទាមទារ​សំណូមពរ​ដោះ​ស្រាយ​តាម​ដែល​ថា​ កិច្ច​ព្រម​ព្រៀង​ហ្នឹង​ទេ អញ្ចឹង ខ្ញុំ​នៅ​តែ​បន្ត​ការ​ទាមទារ​ហ្នឹង​ទៀត។ ថ្ងៃ​នេះ ខ្ញុំ​ហែរ​អត់​ដល់​ផ្ទះ​សម្តេច​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដល់»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​អ្នកនាំពាក្យ​មួយ​នៃ​ក្រសួង​ការងារ លោក សេង សក្តា ដើម្បី​សាកសួរ​អំពី​ការ​ដោះ​ស្រាយ​ជម្លោះ​ការងារ​នៃ​រោងចក្រ​នេះ​បានទេ នៅ​ថ្ងៃ​ទី១៥ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ចំណែក​ចៅហ្វាយខេត្ត​កណ្ដាល​រូប​ទៀត គឺ​លោក គង់ សុភ័ណ ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថ្លែង​ថា ការ​ទូទាត់ប្រាក់​សំណង​របស់​ថៅកែ​រោងចក្រ​ ថៃ យ៉ា ហ្គាមេន អ៊ិនដាស្ទ្រី ដោយ​យក​ប្រាក់ខែ​គោល​របស់​កម្មករ​មក​គណនា​នេះ គឺ​ធ្វើឲ្យ​កម្មករ​ខាត​អត្ថ​ប្រយោជន៍​ច្រើន ដែល​ជាហេតុ​ធ្វើឲ្យ​កម្មករ​ផ្ទុះ​ការ​តវ៉ា​នេះ។ លោក​ថា កន្លង​មក ក្រសួង​ការងារ​បាន​ចុះ​ទៅ​សម្រប​សម្រួល និង​ផ្សះ​ផ្សារ​រវាង​ភាគី​ក្រុមហ៊ុន និង​កម្មករ លើ​កិច្ច​ព្រមព្រៀង ប៉ុន្តែ​ខាង​ថៅកែ​មិន​ព្រម​អនុវត្ត​តាម ហើយ​មួយ​វិញទៀត គឺ​ដោយសារ​ការ​ចេញ​សេចក្ដី​ជូនដំណឹង​របស់ក្រ​សួង​ការងារ​ទាក់ទង​នឹង​ប្រាក់​ជូន​ដំណឹង និង​ប្រាក់​សងជំងឺចិត្ត​ដែល​ធ្វើឲ្យ​កម្មករ​រោងចក្រ​ខាង​បង់​អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង៖ «ក្នុង​ករណី​​ដែល កម្មករ​ដែល​គាត់​មិន​អាច​ទទួល​យក​បាន ហើយ​និយោជក​ហ្នឹង​គាត់​មិន​អនុ​វត្ត​នូវ​កាតព្វកិច្ច​ផ្អែក​ទៅ​តាម​កំណត់​ហេតុ​នៃ​កិច្ច​ព្រម​ព្រៀង ក្រសួង​គាត់​ត្រូវតែ​មាន​វិធាន​ការ​ធ្វើ​ម៉េច​ជំរុញ​ឲ្យ​​និយោជក​ហ្នឹង គាត់​ត្រូវ​អនុ​វត្ត​នូវ​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់ អាហ្នឹង​ដែល​ជា​រឿង​មួយ​ដែល​សំខាន់ ព្រោះ​ថា កម្មករ គាត់​​មិន​ជា​អ្នក​ដែល​គាត់​យល់​អំពី​ផ្នែក​ច្បាប់ហ្នឹង​ឲ្យ​បាន​ទូ​លំ​ទូលាយ​ទេ ក្នុង​ករណី​ដែល​និយោជក គាត់​មិន​បាន​អនុ​វត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ក្រសួង​ហ្នឹង​​ហើយ​ដែល​ជា​អ្នក​ដើរ​តួរ​សំខាន់​នៅ​ក្នុង​ការ​សម្រប​សម្រួល​ផ្សះ​ផ្សារ ដើម្បី​ឲ្យ​​ក្រុមហ៊ុន​ហ្នឹង គាត់​អនុវត្ត​នូវ​លក្ខ​ខណ្ឌ​សម​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់»

កម្មករ​រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាស្ទ្រី គ្រោង​នឹង​បន្ត​ការ​តវ៉ា​ដាក់​ញត្តិ​ទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ជា​បន្ត​ទៅទៀត​ឲ្យ​ទាល់​តែ​បាន ប្រសិនបើ​ខាង​មន្ត្រី​ដែល​ពាក់ព័ន្ធ និង​ថៅកែ​រោងចក្រ​មិនព្រម​ដោះស្រាយ​ជូន​ពួក​គេ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។