ប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភអំពីជនជាតិចិនបង្កហានិភ័យកាន់តែខ្លាំងដល់ពលរដ្ឋម្ចាស់ស្រុក ដោយសារអាជ្ញាធរអនុវត្តច្បាប់ធូររលុង។ ប្រតិកម្មនេះធ្វើឡើងក្រោយពីជនជាតិចិនបានបង្កជម្លោះជាមួយជនជាតិថៃ បណ្ដាលឱ្យផ្ទុះអាវុធនៅក្នុងហាងផឹកស៊ីមួយនៅក្រុងប៉ោយប៉ែតកាលពីថ្មីៗនេះ ហើយអាជ្ញាធរមិនបានចាប់ជនជាតិបរទេសទាំងនោះទេ បែរចាប់ពលរដ្ឋខ្មែរចំនួន ១១ នាក់ទៅវិញ។
ប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរថា មិនគួរបណ្ដោយឱ្យជនជាតិចិនបង្កបញ្ហាដល់ម្ចាស់ស្រុកបែបនេះឡើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតលោកស្រី ស សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែវិច្ឆិកាថា បញ្ហាជម្លោះនេះ ផ្ដើមចេញពីជនជាតិចិននិងថៃ គឺមិនមែនពលរដ្ឋដែលអាជ្ញាធរចាប់ខ្លួនទាំង ១១ នាក់នោះទេ។ ស្ត្រីវ័យ ៤៩ ឆ្នាំរូបនេះបញ្ជាក់ថា ចំណាត់របស់អាជ្ញាធរបែបនេះ ជាការធ្វើឱ្យជនជាតិចិនមិនអាចខ្លាចច្បាប់ ដែលពួកគេអាចនឹងបង្កបញ្ហាដល់ម្ចាស់ស្រុកបន្តបន្ទាប់ទៀត៖ «នេះជាករណីមួយដែលឱ្យយើងប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំងដោយសារតែគាត់នៅតែមានអាទិភាពខ្ពស់ ហើយនៅតែមានប្រៀប គ្មានច្បាប់ណាចាត់ចែងទៅលើពួកគាត់ឱ្យមានរបៀបរៀបរយទេ។ ដូច្នេះសូមឱ្យសមត្ថកិច្ចហ្នឹងធ្វើការស៊ើបអង្កេតហើយអនុវត្តច្បាប់ឱ្យមានតម្លាភាពដល់ពលរដ្ឋខ្មែរម្ចាស់ប្រទេសដែលគាត់រងគ្រោះ » ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ទៀតថ្លែងសុំមិនបញ្ចេញឈ្មោះនឹងសំឡេងថា ជនជាតិចិននៅក្រុងប៉ោយប៉ែតបង្កហានិភ័យកាន់តែខ្លាំងដល់ពលរដ្ឋនៅតំបន់ព្រំដែនថៃ។ ពលរដ្ឋរូបនេះ បន្តថា ការផ្ទុះអាវុធនៅក្នុងហាងផឹកស៊ីមួយនៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២០ ខែវិច្ឆិកានោះ កើតឡើងដោយសារជនជាតិចិនខឹងជនជាតិថៃ ចេញទៅធ្វើការងារជាមួយថៅកែផ្សេង។ ពលរដ្ឋរូបនេះបន្ថែមថា ជនជាតិចិន មានខ្នងបង្អែក មន្ត្រី ប៉េអឹម ៣នាក់ ស្លៀកពាក់ស៊ីវិល រួមមាន មេបញ្ជាការប៉េអឹមក្រុងសិរីសោភ័ណលោក យ៉ាន់ សុវណ្ណ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោក វណ្ណ លីហោ និងម្នាក់ទៀតមេបញ្ជាការរងប៉េអឹម ស្រុកស្វាយចេកលោក ឆាន សុផុន។ ប្រភពដដែលបន្តថា ពេលនោះជនជាតិចិនបានស្នើឱ្យសមត្ថកិច្ចខ្មែរចាប់ជនជាតិថៃឱ្យត្រឡប់មកធ្វើការឱ្យចិនវិញ ប៉ុន្តែជនជាតិថៃមិនព្រម ក៏ស្រាប់តែមេបញ្ជាការក្រុងសិរីសោភ័ណលោក យ៉ាន់ សុវណ្ណ បានដើរទៅគ្រៀកកជនជាតិថៃ នៅកន្លែងស៊ីផឹកនោះក៏មានការផ្ទុះអាវុធកើតឡើង។
ទាក់ទងនឹងបញ្ហានេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកអន្តោប្រវេសន្ត លោក អេង លីហួ ប្រាប់វិទ្យុអាស៊ីសេរីថា ការដែលផ្ទុះអាវុធនោះកើតឡើងជាជម្លោះរបស់ក្រុមក្មេងទំនើង គឺមិនមែនជម្លោះជនជាតិចិននិងថៃនោះទេ។ លោកបន្តថា មន្ត្រីកងរាជអាវុធហត្ថបានចាប់ខ្លួន ក្មេងទំនើងចំនួន១១នាក់ បញ្ជូនទៅតុលាការហើយ ។ ចំណែកការចាត់វិធានការលើជនជាតិចិនវិញ លោកបញ្ជាក់ថា សមត្ថកិច្ចមានវិធានការតឹងរ៉ឹង ដោយមិនអនុញ្ញាតបរទេសណាម្នាក់បង្កបញ្ហានៅខេត្តបន្ទាយមានជ័យនោះឡើយ៖ «ការផ្ទុះអាវុធមានប៉ុន្តែគ្រាន់ថា យើងសម្លឹងមើលទៅយើងគាត់ថា គាត់ជាជនបរទេស ប៉ុន្តែតាមពិតមិនមែនទេ ជាក្មេងទំនើង ហើយគាត់នៅតំបន់ហ្នឹងភាគច្រើនគាត់ចេះថៃគាត់និយាយថៃ។ តាមពិតគាត់ជាខ្មែរទេ វាអត់មានពាក់ព័ន្ធទេ អីចឹងគ្រាន់ថា ក្មេងទំនើងពេលដែលគាត់ជួបជុំគ្នា ហើយសុទ្ធតែការដែលជួបជុំគ្នាផឹកហូបទៅក៏គាត់ប៉ះគ្នាអីចឹង។ដល់ពេលសមត្ថកិច្ចទៅបង្ក្រាបដូចថាការផឹកស្រវឹងប៉ះពាល់ជាមួយសមត្ថកិច្ចអីចឹងទៅ។ អីចឹងធម្មតាទេសមត្ថកិច្ចត្រូវតែបង្ក្រាបហើយអាអីចឹងៗនោះ »។
ទោះជាយ៉ាងណា វីដេអូឃ្លិបនៅក្នុងហាងផឹកស៊ីមួយនៅក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅ បង្ហាញថា មានមនុស្សប្រមាណ៣០នាក់កំពុងតែអង្គុយផឹកស៊ីជុំគ្នា ហើយមានបុរសមាឌដំបងម្នាក់ពាក់អាវស ដែលគេសង្ស័យថា ជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ លោកយ៉ាន់ សុវណ្ណ បានដើរសំដៅ ទៅគ្រៀក កជាជនជាតិថៃ ហើយក៏មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងហាងនោះ។ ពលរដ្ឋឱ្យដឹងថា ការផ្ទុះអាវុធនេះបណ្ដាលឱ្យមេបញ្ជាការរងប៉េអឹម ស្រុកស្វាយចេក លោក ឆាន សុផុន រងរបួស។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីប៉េអឹមទាំង៣នាក់ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
ប៉ុន្តែមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ប៊ន ប៊ិន បានប្រាប់សារព័ត៌មានក្នុងស្រុក (ប្រមាញ់ជាយដែន) ជម្លោះនោះកើតចេញពីក្រុមក្មេងទំនើងមានគ្នាប្រមាណ៣០នាក់ គឺមិនមែនក្រុមមន្ត្រីប៉េអឹមនោះទេ។
យ៉ាងណាសារព័ត៌មានថៃ ចុះផ្សាយកាលពីថ្ងៃទី២៣វិច្ឆិកាថា ជម្លោះ នៅក្នុងហាងផឹកស៊ីនោះកើតឡើងដោយបក្សពួករបស់ក្រុមជនជាតិចិនបង្កហិង្សាលើជនជាតិថៃ៤នាក់។ ប្រភពដដែលឱ្យដឹងថា ពេលនោះបក្សពួករបស់ចិន ម្នាក់បានក្រៀកកជនជាតិថៃ ដោយសារខឹងថៃចេញពីក្រុមហ៊ុនរបស់ពួកគេ។បច្ចុប្បន្នជនជាតិថៃទាំង៤នាក់ត្រូវបានអាជ្ញាធរថៃជួយអន្តរាគមន៍បញ្ជូនត្រឡប់ទៅប្រទេសថៃវិញហើយ។
ជុំវិញរឿងនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធិ មានប្រសាសន៍ថា អាជ្ញាធរគួរតែចាត់វិធានការទៅលើជនជាតិចិន និងមន្ត្រីប៉េអឹមដែលចាប់ក្រៀកជនជាតិថៃនោះផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ គឺមិនមែនចាប់ពលរដ្ឋខ្មែរដែលផឹកស៊ីនៅនោះឡើយ៖ «មួយទៀតបង្កភាពអយុត្តិធម៌ ជនជាតិគេដែលបង្កបទល្មើសនៅស្រុកខ្មែរហើយ អត់ចាប់បាន មកចាប់បានតែខ្មែរគ្នាឯង អាហ្នឹងវាអយុត្តិធម៌មែនទែន។អាហ្នឹងវាដោយសារគេមានមន្ត្រីទូតមកជួយការពារជនជាតិគេហើយ មួយទៀតមានអ្នកកាងមន្ត្រីខ្មែរហ្នឹងក៏ស៊ុមគ្រលុំគ្នាជាមួយអ្នកដែលប្រព្រឹត្តបទល្មើសហ្នឹង។ចង់និយាយថាបានទទួលផលប្រយោជន៍មួយចំនួនអីចឹងទៅដល់ពេលអ្នកហ្នឹងធ្វើអំពើផ្ដេសផ្ដាសមិនហ៊ានចាប់គេ អាហ្នឹងពាក់ព័ន្ធផលប្រយោជន៍បានជាអត់ចាប់ហ្នឹង »។
មន្ត្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋសង្កេតឃើញថា ជនជាតិចិននៅក្នុងប៉ោយប៉ែតភាគច្រើនប្រកបមុខរបរបើកល្បែងកាស៊ីណូតាមអនឡាញ ដើម្បីបោកប្រាស់ជនជាតិចិន ពលរដ្ឋខ្មែរនិងថៃ។ ពួកគេបន្តថា បច្ចុប្បន្នយ៉ាងហោចណាស់មានជនជាតិចិន ថៃនិងជនជាតិផ្សេងទៀតជាង ១ ម៉ឺននាក់ (១០.០០០) ស្នាក់នៅក្រុងប៉ោយប៉ែត ហើយជនជាតិទាំង គឺចិនបង្កបញ្ហាច្រើនជាងគេ។ កាលពីថ្ងៃទី២៣ ខែតុលា ប៉ូលិសខេត្តបន្ទាយមានជ័យបានចាប់ខ្លួនជនជាតិចិន ២ នាក់ ជាមេការ ជនជាតិបង់ក្លាដេស (Bangladesh) ២នាក់ និងជនជាតិថៃ ១៤ នាក់នៅក្នុងបូរីសានហូក្រុងប៉ោយប៉ែត ពាក់ព័ន្ធនឹងការចាប់ពង្រត់និងបង្ខាំងពលរដ្ឋខ្មែរនិងថៃ។ ប៉ូលិសបានបញ្ជូនជនបរទេសទាំង ៤ នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។ ចំណែកជនជាតិថៃ ១៤ នាក់ត្រូវបានអាជ្ញាធរខ្មែរបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ។
ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលជឿជាក់ថា ប្រសិនបើអាជ្ញាធរខ្មែរនៅតែគ្មានវិធានការតឹងរ៉ឹងលើជនជាតិចិនដូចសព្វថ្ងៃនោះក្រុងប៉ោយប៉ែតអាចនឹងក្លាយជាកន្លែងជនជាតិចិនប្រព្រឹត្តបទឧក្រិដ្ឋដែលបង្កហានិភ័យដល់ម្ចាស់ប្រទេសជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។