អង្គការសង្គមស៊ីវិល ផ្នែកតម្លាភាព និងគណនេយ្យភាពសង្គម សំដែងក្ដីបារម្ភថា ប្រាក់អំណោយគ្រោះទឹកជំនន់ ផ្តល់ទៅឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពីក្រុមមនុស្សពាក់ព័ន្ធ នឹងការរំលោភសិទ្ធិដីធ្លី និងកាប់បំផ្លាញព្រៃឈើ នឹងអាចក្លាយជាថ្នូរឲ្យពួកគេទាំងនោះ បន្តសកម្មភាពល្មើសច្បាប់ទៅថ្ងៃមុនបន្តទៀត។ ក្តីបារម្ភនេះ កើតឡើងក្រោយពេលឈ្មួញរកស៊ីធំៗ សុទ្ធតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងឃាតកម្ម បានផ្តល់ថវិកាជាង ៦លានដុល្លារទៅឲ្យលោក ហ៊ុន សែន ដោយអះអាងថា ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ លោក ហ៊ុន សែន ថា ជំនួយទាំងនោះ ជាមោទនភាពរបស់កម្ពុជា។
សង្គមស៊ីវិលមិនចង់ឃើញ សប្បុរសជនឆ្លៀតឱកាសប្រើប្រាស់ឥទ្ធិពលអំណាច និងទឹកប្រាក់ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងគ្រាពលរដ្ឋកំពុងរងគ្រោះ ដោយទឹកជំនន់។
នាយកអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា លោកចង់ឲ្យថវិកាដែលរដ្ឋាភិបាលទទួលបានពីសប្បុរសជនដែលផ្ដល់ឲ្យរងគ្រោះដោយទឹកជំនន់ ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព គ្មានការរើសអើង និងដល់ដៃជនរងគ្រោះពិតប្រាកដ។ ទន្ទឹមនឹងគ្នានេះ លោកក៏បារម្ភថា សប្បុរសជនអាចប្រើប្រាស់ឥទ្ធិពលអំណាច និងទឹកប្រាក់ ដែលមានការស៊ុមគ្រលុំគ្នាជាប្រព័ន្ធ ដើម្បីទាញស្រូបយកផលប្រយោជន៍សាធារណៈមកជាប្រយោជន៍ផ្ទាល់ខ្លួន ក្នុងគ្រាដែលកម្ពុជាជាប្រទេសមួយមានប្រព័ន្ធគ្រប់គ្រងរដ្ឋនៅទន់ខ្សោយ៖ « នៅប្រទេសកម្ពុជាយើងឃើញថា បញ្ហានេះមិនលើកលែងទេ យើងឃើញមានករណីហ្នឹងច្រើនដែរ ការធ្វើការជាប្រព័ន្ធអាចធ្វើឲ្យបង្កការទាញយកផលប្រយោជន៍សាធារណមកជាប្រយោជន៍ផ្ទាល់ខ្លួន។ អ៊ីចឹងការធ្វើការប្រទាក់ក្រឡាគ្នារវាងមន្ត្រីធំៗ និងឧកញ៉ាច្រើនដែលយើងឃើញថាដោះដូរផលប្រយោជន៍គ្នាទៅវិញទៅមកដែលធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរដ្ឋមានការលំបាកខ្លាំង នៅក្នុងប្រទេសយើងមានបញ្ហាហ្នឹងហើយបញ្ហាហ្នឹងនៅតែបន្តយាយីធ្វើឲ្យប្រព័ន្ធនៃការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមានភាពខ្សោយលើសហ្នឹងទៀតបើសិនជាប្រព័ន្ធហ្នឹងរីកធំឡើង»។
ក្ដីបារម្ភនេះ នៅគ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ នៅយប់ថ្ងៃទី១៥ ខែតុលា ថ្លែងដោយមោទនភាពថា ក្នុងរយៈពេលតែ ២៤ម៉ោងសោះ បានទទួលបានជំនួយសប្បុរសធម៌ជាង ៦លានដុល្លារ ក្នុងនោះលោកទើបតែប្រើប្រាស់អស់ ៨០ម៉ឺនដុល្លារ។
ការលើកឡើងនេះ បន្ទាប់ពីគេដឹងថា រដ្ឋាភិបាលបានទទួលជំនួយសប្បុរសធម៌ពីគ្រប់ប្រភព និងអ្នកផ្តល់ជំនួយមួយចំនួន មានពាក់ព័ន្ធរឿងអាស្រូវបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរំលោភយដីធ្លីពលរដ្ឋដោយបំពាន និងខ្លះទៀតជាប់ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋ។ ជាឧទាហរណ៍លោក ទ្រី ភាព ជាមេឈ្មួញឈើដ៏ធំនៅស្រុកខ្មែរ ហើយត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើធនធានធម្មជាតិ និងអំពើពុករលួយនៅកម្ពុជា។ ចំណែក លោក លី យ៉ុងផាត់ លោក ពុង ឃាវសែ អ្នកស្រី ស៊ុយ សុផាន ក្រុមហ៊ុនដែលខុម (Delcom) និងក្រុមហ៊ុនសេវិនអេនជី (7NG) ជាដើម សុទ្ធតែជាតួអង្គជាប់ពាក់ព័ន្ធនឹងការរំលោភយកដីធ្លីពលរដ្ឋតាមរយៈគម្រោងវិនិយោគរបស់ពួកគេ។ ដោយឡែកលោក ថោង សារ៉ាត់ វិញ មានជាប់ពាក់ព័ន្ធនឹងរឿងក្តីឃាតកម្មលើ លោក អ៊ឹង ម៉េងជឺ ថៅកែហាងពេជ្រ កាលពីឆ្នាំ២០១៤។
រីឯលោក គន់ គីម ដែលជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយវិញ ក៏មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រំលោភអំណាច និងកិបកេងទ្រព្យសម្បត្តិរដ្ឋដែរ រហូតដល់សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មរូបលោក និងសមាជិកគ្រួសារបីនាក់ទៀត តាមរយៈច្បាប់ Global Magnitsky Act។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា គ្មានអ្វីត្រូវអបអរសាទរនោះទេ នៅពេលបុគ្គល ឬក្រុមហ៊ុន ដែលមានប្រវត្តិមិនល្អ ផ្តល់ជំនួយសប្បុរសធម៌ឆ្លើយតបនឹងគ្រោះទឹកជំនន់នេះ។ លោកថា ជំនួយសប្បុរសធម៌មិនអាចបិទបាំង ឬធ្វើឱ្យពួកគេរួចផុតពីសំណាញ់ច្បាប់បានឡើយ ប្រសិនបើមានការអនុវត្តច្បាប់ដោយត្រឹមត្រូវ៖ « ទោះបីជាមានអ្នកណាចេញលុយចំណាយច្រើនជួយពលរដ្ឋនៅគ្រាមានអាសន្នក៏ដោយ យើងមិនចង់ឱ្យមានការយករឿងនេះទៅពាក់ព័ន្ធជាមួយការផ្តល់ឱកាសដល់ការរកស៊ីណាមួយដែលធ្វើឱ្យខូចខាតប្រយោជន៍សាធារណៈ » ។
លោក សន ជ័យ បន្ថែមថា គ្រោះទឹកជំនន់លើកនេះផ្តល់មេរៀនដល់រដ្ឋាភិបាលត្រូវតែគិតគូរឡើងវិញអំពីគម្រោងវិនិយោគទាំងឡាយដែលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិ ដូចជា ការលុបបឹងបួរធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ ជាដើម ព្រោះទាំងអស់នេះក៏ជាហេតុផលរួមចំណែកឱ្យមានគ្រោះធម្មជាតិនៅកម្ពុជាដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ថវិកាដែលទទួលបានពីសប្បុរសជន ត្រូវបានប្រើប្រាស់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវផ្តល់អាទិភាពសម្រាប់ការដោះស្រាយជាបន្ទាន់ទៅលើការសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។ បន្ថែមពីនេះ រដ្ឋាភិបាលនឹងពិនិត្យឡើងវិញចំពោះការជួសជុលផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជាច្រើន ព្រមទាំងដំណាំកសិកម្មជាច្រើនប្រភេទទៀត ដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីស្ដារឡើងវិញសេដ្ឋកិច្ចរបស់ប្រជាជនជាដើម។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៥ តុលាគ្រោះទឹកជំនន់បង្កប៉ះពាល់ពលរដ្ឋចំនួន ១៩ខេត្តក្រុងក្នុងនោះមានខេត្តពោធិ៍សាត់បាត់ដំបងប៉ៃលិនបន្ទាយមានជ័យ និងខណ្ឌដង្កោក្នុងរាជធានីភ្នំពេញរងគ្រោះធ្ងន់ធ្ងរជាងគេ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ថ្លែងថា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់លំនៅឋានពលរដ្ឋ ៤ម៉ឺនខ្នង (៤០.០០០) សាលារៀន ៤រយខ្នង (៤០០) លិចស្រូវជាង ១សែន ៣ម៉ឺនហិកតារ (១៣១.៣០០) និងខូចខាតផលដំណាំជាង ៦ពាន់ហិកតារ (៦.៣០០)។ លោកថា លើសពីនេះទៀត ទឹកជំនន់បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទំនប់ទឹកស្ពានផ្លូវថ្នល់ និងផ្លូវលំតាមជនបទជាច្រើនកន្លែងទៀត។
លោកថា គ្រោះធម្មជាតិលើកនេះបណ្ដាលឱ្យពលរដ្ឋ ១៣នាក់ស្លាប់ ក្នុងនោះមានកុមារ ៥នាក់ បានស្លាប់ដោយសារលង់ទឹក។ ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកភ្លៀងនៅតែបន្តវាយលុកបង្កើតឱ្យមានទឹកជំនន់ហក់ឡើងទៀត អមដោយព្យុះផ្ទួនៗគ្នារហូតដល់ថ្ងៃទី២០ ខែតុលាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។