ក្រុមអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការសម្លាប់ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន រួមទាំងសកម្មភាពវាយប្រហារលើសមាជិកគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សដទៃទៀត។ ពួកគេចាត់ទុកការយាយីឥតស្រាកស្រាន្ត និងការសម្លាប់សកម្មជនទាំងនោះ គឺជាការរំលោភបំពានលើមូលដ្ឋានលទ្ធិប្រជាធិបតេយ្យ ដែលអាចប៉ះពាល់ផលដល់សន្តិភាព និងស្ថិរភាពប្រទេសនិងតំបន់។
ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៧ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោសចំពោះការសម្លាប់សកម្មជនគណបក្សប្រឆាំងលោក ស៊ិន ខុន ដែលតែងរិះគន់ទង្វើខុសឆ្គងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងចូលរួមតវ៉ារកយុត្តិធម៌សង្គមជាដើម។ សកម្មភាពទាំងនោះត្រូវបានសង្គមស៊ីវិលចាត់ទុកថាការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ខ្លួន ហើយធានាដោយគោលការណ៍សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ក្រុមអង្គការសង្គមស៊ីវិលដដែលលើកឡើងថា ការសម្លាប់សកម្មជនបក្សប្រឆាំងលោក ស៊ិន ខុន នេះ ទំនងក្រោមហេតុផលនយោបាយដែលរដ្ឋាភិបាលកម្ពុជាត្រូវតែស្វែងរកឃាតករ ឬជនដៃដល់យមមកផ្ដន្ទាទោសតាមច្បាប់។ សង្គមស៊ីវិលជំរុញឱ្យសហគមន៍អន្តរជាតិថ្កោលទោស ហើយទាមទារឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ស្នើឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការវាយប្រហារលើលោក ស៊ិន ខុន កាលពីថ្ងៃទី១២ ខែឧសភា និងការសម្លាប់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា។
ក្រុមអង្គការដែលចូលរួមធ្វើសេចក្តីថ្លែងការណ៍នេះ មានដូចជាអង្គការសុខភាពស្ត្រីកម្ពុជា (CWHO) វិទ្យាស្ថានព្រំដែនកម្ពុជា (CBI) សមាគមខ្មែរអូស្ត្រាលីសាជីវកម្ម (CAF) និងអង្គការសមាគមមួយចំនួនទៀត ដែលមកពីសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីជាដើម។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ មិនអាចទទួលយកបានឡើយ ព្រោះពួកគេមិនមានភស្តុតាង និងដាក់កំហុសលើរដ្ឋាភិបាល ហើយយកករណីនេះធ្វើជារឿងនយោបាយ។ លោកអះអាងថា កម្ពុជាគឺជាប្រទេសមានអធិបតេយ្យភាពត្រឹមត្រូវ ដោយមិនអាចបង្កើតក្រុមស៊ើបអង្កេតជុំវិញឃាតកម្មលើសកម្មជនបក្សប្រឆាំងតមតាមសំណើនេះបានទេ។ លោកជំរុញឱ្យសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធសហការជាមួយសមត្ថកិច្ច និងដាក់ភស្តុតាងទៅតុលាការវិញ៖ « ហ្នឹងគឺជាបុរេវិនិច្ឆ័យមួយដែលដិតដាមក្នុងខួរក្បាល ការគិតរបស់អង្គការទាំងនោះ ឱ្យតែអ្វីៗកើតឡើងគឺដាក់កំហុសមកលើរដ្ឋាភិបាល ហើយ រឿងហ្នឹងពិបាកនឹងទទួលណាស់ ហើយក្នុងរបបស៊ីវិល័យអង្គហេតុហ្នឹងគេមើលឱ្យច្បាស់មិនមែនអតីតសមាជិករបស់គាត់ស្លាប់ ឬក៏មានគ្រោះថ្នាក់កើតឡើងដោយសាររឿងនយោបាយនោះទេ »។
លោក ស៊ិន ខុន អាយុ ៣១ឆ្នាំ គឺជាយុវជនបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ កាលនៅមានជីវិត លោកតែងបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងភាពអយុត្តិធម៌សង្គមលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែ រហូតដល់ត្រូវបានគេគំរាមកំហែង និងវាយឱ្យរបួសធ្ងន់ធ្ងររួចម្ដងហើយ។ ទោះជារងការវាយដំយ៉ាងណាក្តី លោកនៅតែរក្សាជំហរនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ បញ្ចេញមតិរិះគន់បញ្ហានានា និងចូលរួមទាមទារឱ្យមានយុត្តិធម៌សង្គមដដែល។ ក្រោយមកលោក ស៊ិន ខុន ត្រូវបានជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតនៅលើដងខ្លួន បណ្ដាលឱ្យដាច់ជើងមួយចំហៀងត្រឹមភ្លៅ ស្លាប់នៅមាត់ទន្លេក្បែរវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ យប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា។
កាលពីថ្មីៗនេះ ជនសង្ស័យម្នាក់ឈ្មោះ សៀង ឆរ័ត្ន បានអះអាងថា រូបគេកាប់លោក ស៊ិន ខុន មកពីបញ្ហាគំនុំផ្ទាល់ខ្លួន។ ប៉ុន្តែចម្លើយសារភាពរបស់ជនសង្ស័យនោះ ត្រូវបានពលរដ្ឋ និងអ្នកប្រើហ្វេសប៊ុកមួយចំនួនរិះគន់ និងសង្ស័យថា ជាឆាកល្ខោន ព្រោះពួកគាត់យល់ថាករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះលោក ស៊ិន ខុន ជាមនុស្សស្លូតបូត ចូលចិត្តធ្វើការងារសង្គម និងមិនធ្លាប់មានគំនុំជាមួយអ្នកណាឡើយ។
បងស្រីបង្កើតយុវជនគណបក្សប្រឆាំង លោក ស៊ិន ខុន លោកស្រី ស៊ិន យ៉ុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែវិច្ឆិកាថា រហូតមកដល់ពេលនេះ ក្រុមគ្រួសារលោកស្រីមិនទាន់ទទួលដំណឹងពាក់ព័ន្ធទៅនឹងលទ្ធផលស្រាវជ្រាវ ឬស៊ើបអង្កេតពីសំណាក់សមត្ថកិច្ចនៅឡើយ។ បងស្រីជនរងគ្រោះរូបនេះបញ្ជាក់ថា លោកស្រីមិនរំពឹងថា អាជ្ញាធរផ្តល់យុត្តិធម៌ដល់ប្អូនប្រុសនោះទេ។ លោកស្រីយល់ថាមានតែការស៊ើបអង្កេតដោយឯករាជ្យតាមការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនេះទេ ទើបប្អូនប្រុសលោកស្រីទទួលបានយុត្តិធម៌ពិតប្រាកដ៖ « សោកស្តាយតែរហូតហ្នឹង ចងចាំក្នុងជីវិត ត្រាំត្រែងអ៊ីចឹងទៅធ្វើមិចបើគ្រួសារក្រចាត់ទុកជាមោឃៈ ធ្វើមិនលទ្ធភាពយើងអត់ អាហ្នឹងអ៊ីចឹងហើយខ្ញុំខំចង់ឱ្យមានការស៊ើបអង្កេត »។
ជុំវិញរឿងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់ថា លោកមិនមានសិទ្ធិបកស្រាយពាក់ព័ន្ធសំណុំរឿងឃាតកម្មលើសកម្មជនបក្សប្រឆាំងបានទេ ព្រោះវាគឺជារឿងសម្ងាត់ និងស្ថិតក្នុងដំណាក់កាល ស៊ើបអង្កេតនៅឡើយ ហើយលោករុញឱ្យទៅសួរស្ថាប័នអយ្យការវិញ។ លោកបន្តថា បើក្រុមគ្រួសារចង់ដឹងពីដំណើរការរឿងនេះ ពួកគេគួរពឹងពាក់មេធាវីដើម្បីសាកសួរទៅតុលាការ៖ « នាំពាក្យតែអាវុធហត្ថ ផុតដៃអាវុធហត្ថគឺខ្ញុំអត់ដឹងដែរ ព្រោះជាការស៊ើបអង្កេតរបស់គេ មន្ត្រីនគរបាលយុត្តិធម៌គេធ្វើការរបស់គេបញ្ជូនទៅ អ៊ីចឹងក្នុងនាមអ្នកនាំពាក្យពុំមានសិទ្ធិឆ្លើយពាក់ព័ន្ធករណីហ្នឹងទេ »។
វិទ្យុអាស៊ីសេរីមិនទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល ដើម្បីសុំការបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃ២៧ ខែវិច្ឆិកា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ចំណែកគ្រួសារលោក ស៊ិន ខុន វិញ ពួកគាត់សម្រេចមិនដាក់បណ្ដឹងនោះទេ ដោយសារជីវភាពក្រីក្រ និងគ្មានសង្ឃឹមបានទទួលយុត្តិធម៌ពិត។
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការវាយហារក្នុងទម្រង់ផ្សេងៗគ្នា ដូចជា ការយាយីតាមផ្លូវតុលាការ ការលបវាយ និងការសម្លាប់សកម្មជនបក្សប្រឆាំង និងសមាជិកសង្គមស៊ីវិល បានកើតមានឡើងជាបន្តបន្ទាប់។ ករណីភាគច្រើនត្រូវបានសាធារណជនរិះគន់ថា មិនមានយុត្តិធម៌ពិតប្រាកដឡើយ ហើយបង្កើតបានជាវប្បធម៌ និទណ្ឌភាព ដែលរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។