ចំនួននិស្សិតកម្ពុជាដែលបានទៅសិក្សាតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ក្នុងឆ្នាំសិក្សា ២០១៩-២០២០។ របាយការណ៍ទើបនឹងចេញផ្សាយដោយការិយាល័យកិច្ចការអប់រំ និងវប្បធម៌ របស់ក្រសួងការបរទេសអាមេរិក ឲ្យដឹងថា ចំនួននិស្សិតកម្ពុជាកំពុងរៀននៅសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សានេះ មានរហូតដល់ជិត ៧៥០នាក់។ ចំនួននេះ កើនឡើងលើសឆ្នាំសិក្សាកន្លងទៅដល់ជាងជាង ៨%។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថា ចំនួននេះជានិន្នាការវិជ្ជមានក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) មានប្រសាសន៍ថា លោករីករាយដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិតប្រាកដនៃការសិក្សាផ្នែកឧត្តមសិក្សានៅសហរដ្ឋអាមេរិក។ លោកថា ការមាននិស្សិតកម្ពុជាសិក្សានៅសហរដ្ឋអាមេរិក គឺជាការល្អសម្រាប់ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក និងជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ផ្អែកតាមរបាយការណ៍ដដែលនេះ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សហរដ្ឋអាមេរិក គឺជាគោលដៅទី១ ក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិទៅសិក្សា ដោយមាននិស្សិតអន្តរជាតិសរុបជាង ១លាននាក់ ក្នុងនោះនិស្សិតមកពីប្រទេសចិន និងឥណ្ឌា មានចំនួនច្រើនជាងគេ។
និស្សិតកម្ពុជាដែលចង់ទៅរៀននៅសហរដ្ឋអាមេរិក អាចស្វែងយល់ពីឱកាសទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ស្ថានទូតសហរដ្ឋអាមេរិក និងនៅតាមបណ្ណាល័យរបស់ស្ថានទូត ដែលស្ថិតនៅតាមទីតាំងមួយចំនួន និងតាមសាលានានានៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។