តុលាការ​សម្រេច​ឃុំខ្លួន​ម្ចាស់​ហ្វេសប៊ុក​ដែល​ចោទ​លោក ព្រាប កុល កិបកេង​លុយ​ជាង​៨០​លាន​ដុល្លារ

0:00 / 0:00

អ្នកឃ្លាំមើល​ស្នើ​ឱ្យ​តុលាការ​ស៊ើបអង្កេត​លើ​អ្នក​វិនិយោគ និង​ជា​អតីត​ប្រធាន​អង្គការ​ក្រៅរដ្ឋាភិបាល​គឺ​លោក ព្រាប កុល ដែល​រង​ការ​ចោទប្រកាន់​ថា កិបកេង​លុយ​គម្រោង​វិនិយោគ​ជាង ៨០​លាន​ដុល្លារ ហើយ​រត់​ទៅ​ចុះចូល​ជាមួយ​រដ្ឋាភិបាល ដើម្បី​បាន​រួចខ្លួន​។ ពួកគាត់​ថា ការ​ស៊ើបអង្កេត​នេះ គួរ​ធ្វើឡើង​ឱ្យ​មាន​តម្លាភាព ដើម្បី​បញ្ជាក់​ដល់​មហាជន​ថា ការ​ចុះ​ចូល​របស់​បុគ្គល​ណា​ម្នាក់ ក្នុង​ជួរ​រដ្ឋាភិបាល គឺ​មិនមែន​ជា​ការ​រក​ខ្នងបង្អែក ដើម្បី​បិទបាំង​ទោស​នោះ​ឡើយ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន លោក យ៉ង់ ប៉ាក់ ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បណ្ដោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​ហើយ ដើម្បី​បន្ត​ចំណាត់ការ​ស៊ើបសួរ​បន្ថែម តាម​នីតិវិធី​ច្បាប់ ក្រោយ​ពី​សាកសួរ និង​ពិនិត្យ​ភស្តុតាង។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​បណ្ដាញ​តេឡេក្រាម នៅ​ថ្ងៃទី​២៤ មករា ថា តុលាការ​បាន​ចោទ​លោក យ៉ង ប៉ាក់ ពី​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។

ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក សេង ហៀង នៅ​ថ្ងៃទី​១៩ ខែ​មករា បាន​ចេញ​ដីកា បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច នាំ​ខ្លួន​លោក យ៉ង ប៉ាក់ ដែល​តុលាការ​អះអាង​ថា គឺជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) មក​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តាម​ពាក្យបណ្ដឹង​របស់​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ព្រាប កុល ក្រោយពី​ម្ចាស់​គណនី​រូប​នេះ បង្ហោះ​សារ​កាលពី​ថ្ងៃទី​១៥ មករា ថា លោក ព្រាប កុល បាន​កិបកេង​លុយ​ក្រុមហ៊ុន​គ្រប់គ្រង​មូលធនវិនិយោគ​មួយ ហៅ​កាត់​ថា ស៊ី​.​អាយ​.​ស៊ី​(CIC) ប្រមាណ ៨០​លាន​ដុល្លារ​។​

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ព្រាប កុល ថ្លែង​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​ក្រុមហ៊ុន​គ្រប់គ្រង​មូលធនវិនិយោគ ប្រមាណ​ជាង ៨០​លាន​ដុល្លារ​អាមេរិក​ឡើយ​។ លោក ព្រាប កុល ថា កន្លងមក លោក​មិន​ធ្លាប់​មាន​ទំនាក់ទំនង​ការ​រកស៊ី​ជាមួយនឹង​លោក យ៉ង ប៉ាក់ ដែល​តុលាការ​បង្ហាញថា ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) នេះ​ទេ។

លោក ព្រាប កុល៖ «មក​ចោទ​គេ​ថា កេងប្រវ័ញ្ច​យក​លុយ​រាប់​សិប​លាន​ហ្នឹង គេ​យក​តាម​ណា​?ចេញ​តាម​គណនី​ធនាគារ​ណា​?ហើយ​យក​លុយ​សុទ្ធ​ហ្នឹង យក​ទៅ​ទុក​នៅឯណា?»។

ទោះជា​បែបនេះ​ក្ដី ម្ចាស់​គណនី​ឈ្មោះ ប៉ែន ជីវ័ន្ត ធ្លាប់​បាន​អះអាង​មុន​ការ​ចាប់ខ្លួន​ថា លោក​មាន​ភស្តុតាង ដែល​បញ្ជាក់​ថា លោក ព្រាប កុល ពិតជា​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​កិបកេង​លុយ​ជាង ៨០​លាន​ដុល្លារ ហើយ​ម្ចាស់​គណនី​រូប​នេះ បាន​បញ្ជាក់​ថា ខ្លួន​ក៏​ជា​ជនរងគ្រោះ​ម្នាក់ នៅក្នុង​ការ​វិនិយោគ​ជា​មួយ​ក្រុម​ហ៊ុន​ស៊ី​.​អាយ​.​ស៊ី (CIC) នេះ​ដែរ។

លោក ព្រាប កុល បាន​បញ្ចប់​អាណត្តិ​ជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា កាលពី​ខែ​មេសា ឆ្នាំ​២០២០ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ស្ថាប័ន​មួយ​នេះ អស់​រយៈពេល ៨​ឆ្នាំ​។ ក្រោយ​ចាក​ចេញពី​អង្គការ​ប្រឆាំង​នឹង​អំពើពុករលួយ ដែល​ជា​ស្ថាប័ន​ធ្លាប់​វាយតម្លៃ និង​ឱ្យ​ពិន្ទុ​ទាប ដល់​រដ្ឋាភិបាល​កម្ពុជា លើ​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ហើយ លោក ព្រាប កុល បាន​ងាក​មក​ផ្ដោត​លើ​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​វិញ ដោយ​លោក​បាន​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​។ ក្នុង​នោះ លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​គ្រូ​បង្គោល​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ទិញ លក់ ជួល ឯកទេស​លើ​វិស័យ​ដីធ្លី នៅ​ទូទាំង​២៤​ខេត្ត និង​រាជធានី (Century 21 Zillion Holding) ផងដែរ​។​

ក្រោយ​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​ហើយ លោក ព្រាប កុល បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវ​បាន​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី កាលពី​ខែឧសភា ឆ្នាំ​២០២៣ ដោយ​លោក​បន្ត​កាន់​តំណែង​នេះ តាំងពី​អាណត្តិ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ រហូតដល់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ា​ណែត។

ទាក់ទិន​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា តុលាការ​គួរ​បើក​ការស៊ើបអង្កេត ស្វែងរក​ភស្តុតាង​ឱ្យ​បាន​ច្បាស់លាស់​នៅក្នុង​ករណីនេះ ដើម្បី​ធានា​ពី​ការ​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​ការ​កាត់ក្ដី​ដោយ​យុត្តិធម៌​។​

លោក អំ សំអាត៖ «អ្នកប្ដឹង​មាន​សិទ្ធិ​ប្ដឹង​ទៅកាន់​តុលាការ ឬក៏​អាជ្ញាធរ​។ ក៏ប៉ុន្តែ ដើម្បី​ភាព​យុត្តិធម៌ ដើម្បី​ភាព​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ធានា​យុត្តិធម៌​នៅក្នុង​សង្គម ត្រូវ​បាន​ធានា​ដែរ​ថា ការ​ស៊ើបអង្កេត ការស្រាវជ្រាវ និង​ការសិក្សា​ទៅលើ​បញ្ហា​ទាំងអស់​ហ្នឹង គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព សំអាង​លើ​ភស្តុតាង គោលការណ៍​នៃ​ច្បាប់ ដើម្បី​កំណត់​ថា ជា​បទល្មើស ឬក៏​មិនមែន​ជា​បទល្មើស»។

ទោះជា​យ៉ាងណា កន្លង​មក ម្ចាស់​គណនី ប៉ែន ជីវ័ន្ត ជា​ញឹកញាប់ តែងតែ​បង្ហោះ​សារ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម ទាក់ទង​នឹង​ភាព​អយុត្តិធម៌​សង្គម និង​អំពើពុករលួយ​ជាដើម​។ ក្នុង​នោះ កាលពី​ថ្ងៃទី ១៨ ខែ​មករា ម្ចាស់​គណនី​រូប​នេះ​ក្រៅពី​បាន​បង្ហោះ​សារ ថា​លោក ព្រាប កុល បាន​កិបកេង​លុយ​ជាង ៨០​លាន​ដុល្លារ​ហើយ​នោះ លោក​ក៏បាន​បង្ហោះ​សារ ដោយ​បង្ហើប​ពី​ការ​ទម្លាយ​រឿង​របស់ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក យ៉ង់ សាំងកុមារ ដែល​បាន​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដែរ​នោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ប្រមាណ​ជាង ៣០​លាន​ដុល្លារ ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។