អ្នកឃ្លាំមើល​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ​ឲ្យ​​ត្រួត​ពិនិត្យ​ល្បែង​អនឡាញ ក្រោយ​មាន​អំពើ​ឃាតកម្ម​ក្នុង​គ្រួសារ

0:00 / 0:00

អ្នកឃ្លាំមើល​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ល្បែង​អនឡាញ បន្ទាប់​ពី​ជនរងគ្រោះ​ជា​ប្ដី ដែល​ផុង​ខ្លួន​ជ្រៅ​ក្នុង​ល្បែង​អនឡាញ និង​ជំពាក់​បំណុល​វ័ណ្ឌក​ដោយសារ​កម្ចី​អនឡាញ បាន​សម្លាប់​ប្រពន្ធ និង​កូន មុន​នឹង​ចង​ក​សម្លាប់​ខ្លួនឯង នៅ​ខេត្ត​កណ្ដាល ។

អ្នក​ឃ្លាំមើល​លើកឡើង​ថា អំពើ​ពុករលួយ និង​នីតិរដ្ឋ​ទន់ខ្សោយ ជា​មូលហេតុ​ផ្ដល់​ឱកាស​ឲ្យ​ឧក្រិដ្ឋជន​ប្រើប្រាស់​ប្រទេស​កម្ពុជា ជា​ទីតាំង​ប្រព្រឹត្ត​ល្បែង​អនឡាញ​ខុស​ច្បាប់។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា ថា ការ​បង្ក្រាប​ល្បែង​ស៊ីសង​តាម​អនឡាញ ហាក់បី​ដូចជា ការ​ចាប់​ក្ដាម​ដាក់​ចង្អេរ ព្រោះ​ថា ជនល្មើស​អាច​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​មាន​មូលដ្ឋាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​ប្រព្រឹត្ត​បទល្មើស ។ លោក​បន្ត​ថា ផ្នែក​មួយ​នៃ​ការ​រងគ្រោះ​ពី​អំពើ​នេះ គឺ​បណ្ដាល​មក​ពី​ជនរងគ្រោះ​ខ្លួន​ឯង​ដែរ ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​ល្បែង​អនឡាញ និង​កម្ចី​អនឡាញ ហើយ​អ្នក​ទទួល​ខុសត្រូវ​ធ្ងន់ធ្ងរ​ជាង​គេ នៃ​អំពើ​នេះ គឺ​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក វ៉ន ចាន់ឡូត៖«យើង​ឃើញ​ថា នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ហើយ ទើប​មាន​ការ​ចេញ​អន្តរាគមន៍​ម្ដងម្កាល។ ថ្វីត្បិត​តែ​បញ្ហា​នេះ វា​លេចឡើង​ម្ដងម្កាល ក៏​ប៉ុន្តែ​ផល​ជះ​របស់​វា មាន​លក្ខណៈ​ធំធេង ពីព្រោះ​ជន​រងគ្រោះ​នៅ​ពេល​ដែល​គាត់​បាន​លូក​ជើង​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ​នេះ ហើយ​គាត់​ពិបាក​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​គាត់​ត្រូវ​ដក​ខ្លួន​ចេញ ដោយ​របៀបណា ពីព្រោះ​ពេល​ខ្លះ​ជនរងគ្រោះ​គាត់​មាន​អារម្មណ៍​ថា​ខ្មាស​គេ ឬ​គាត់​គិត​ថា រឿង​នេះ គឺ​ជា​រឿង​ឯកជន​របស់​គាត់ គាត់​មិន​គួរ​បង្ហាញ​ទៅ​ឲ្យ​អ្នកណា​ដឹង​ទេ វា​អាច​ប៉ះពាល់​ទៅ​ដល់​មុខមាត់​កិត្តិយស​ជាដើម»។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជនរងគ្រោះ នៃ​ល្បែង​ស៊ីសង និង​កម្ចី​អនឡាញ នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បាន​សម្លាប់​ប្រពន្ធ​កូន​អស់​មួយ​គ្រួសារ មុន​នឹង​ផ្ដាច់​ជីវិត​ខ្លួនឯង កាល​ពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា។

អាជ្ញាធរ​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​ឃាតកម្ម​នេះ បង្ក​ឡើង​ដោយ ប្ដី ឈ្មោះ វុធន សុខចាន់ មាន​មុខ​របរ​ជា​គ្រូបង្រៀន និង​ជា​នាយក​សាលាបឋមសិក្សា​សិរី​ជ័យ​មង្គល បាន​សម្លាប់​ប្រពន្ធ ឈ្មោះ ទូច ស្រីហាច និង​កូនប្រុស​ចំនួន​២នាក់ មាន​អាយុ ៩ឆ្នាំ និង​១០ឆ្នាំ ហើយ​ក្រោយ​ពី​សម្លាប់​ប្រពន្ធ និង​កូន​រួច បុរស​ជា​ប្ដី បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង ។ អាជ្ញាធរ​ឲ្យ​ដឹង​ថា ក្រោយ​បាន​សាកសួរ​សាច់ញាតិ និង​ពិនិត្យ​ទូរស័ព្ទ​ជនរងគ្រោះ អាជ្ញាធរ​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ និង​ប្រពន្ធ​បាន​ផុង​ខ្លួន​ក្នុង​ល្បែង​អនឡាញ​ដូចជា ជល់​មាន់ ឡូតូ និង​កន្ទុយ​លេខ តាម​រយៈ​ការ​បង្កើត​គណនី (Account) ដោយ​ខ្លួន​ឯង ហើយ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់ ប្ដីប្រពន្ធ​នេះ ក៏​ជំពាក់​បំណុល​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រមាណ​៣ម៉ឺន​ដុល្លារ​សម្រាប់​សាងសង់​ផ្ទះ និង​ជំពាក់​បំណុល​អ្នក​ចងការ​ប្រាក់​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ទៀត ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា ។

និយតករ​ទូរគមនាគមន៍​កម្ពុជា (ន.ទ.ក.) កាលពី​ថ្ងៃ​ទី៩ ខែសីហា បាន​ប្រកាស​បិទ​ខ្ទប់​ការ​ចូល​មើល គេហទំព័រ និង​អាសយដ្ឋាន​អ៊ីនធឺណិត ដែល​ហៅ​ថា អាយភី អេដដ្រេស (Internet Protocol Address) ពាក់ព័ន្ធ​នឹង​សារ និង​មាតិកា​ខុស​ច្បាប់ មាន​ដូចជា ល្បែង​ស៊ីសង​អនឡាញ រូបភាព និង​វីដេអូ​អាស​អាភាស​របស់​កុមារ ព័ត៌មាន​មិន​ពិត ក្លែងបន្លំ និង​បោក​បញ្ឆោត សរុប​ជាង ៧ពាន់ (៧.៣២៣) គេហទំព័រ និង​អាសយដ្ឋាន ឬ​អាយភី អេដដ្រេស។

គេហទំព័រ​ខុស​ច្បាប់​ទាំង​នោះ ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង ដែល​ប្រតិបត្តិករ ឬ​ម្ចាស់​កាស៊ីណូ ធ្វើការ​ផ្សព្វផ្សាយ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូចជា ហ្វេសប៊ុក (Facebook) តិកតុក (TikTok) និង​តេឡេក្រាម (Telegram) ជាដើម ដែល​ភ្ជាប់​ជាមួយ​តំណ​ភ្ជាប់ ឬ​លីង​ចូល​ទៅ​កាន់​គេហទំព័រ។ ក្រៅពី​នេះ ល្បែង​ខុស​ច្បាប់​ទាំង​នេះ បាន​ពង្រីក​ការ​ផ្សាយពាណិជ្ជកម្ម ដែល​ភ្ជាប់​ជាមួយ​វីដេអូ​របស់​សារព័ត៌​មាន​អនឡាញ ការ​ឧបត្ថម្ភ​ដល់​អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម និង​វីដេអូ​របស់​អ្នក​រក​លុយ​តាម​អនឡាញ (MMO) មួយចំនួន​ជាដើម។

ករណី​សម្លាប់​សាច់ញាតិ​ម្ដង​មួយ​គ្រួសារ ដោយ​សារ​កម្ចី​អនឡាញ និង​ល្បែង​អនឡាញ​នេះ ធ្លាប់​កើត​ឡើង​ដែរ នៅ​ប្រទេស​ថៃ កាល​ពី​ខែ​សីហា ឆ្នាំ២០២៣ ដោយ​ជនជាតិ​ថៃ​ម្នាក់ ឈ្មោះ សានិត ដក់ម៉ៃ (Sanit Dokmai) បាន​សម្លាប់​ប្រពន្ធ និង​កូន​ពីរ​នាក់ នៅ​ឃុំ​បាងកែវ (Bang Kaeo Subdistrict) ស្រុក​បាងភ្លី (Bang Phli District) ខេត្ត​សមុទ្រប្រាកាន (Samut Prakan) ដោយសារ​ជំពាក់​បំណុល​ធនាគារ និង​ចាញ់​បោក​កម្ចី​តាម​អនឡាញ ដែល​មាន​មេ​ក្លោង​ជា​ជនជាតិ​ចិន ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​១លាន​៧សែន​បាត ឬ​ជិត​៥ម៉ឺន​ដុល្លារ​អាមេរិក ។ សេចក្តី​រាយការណ៍ ឱ្យ​ដឹង​នៅ​ពេលនោះ​ថា ក្រុមហ៊ុន​កម្ចី​តាម​អនឡាញ​នោះ មាន​ទីតាំង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៃ​ប្រទេស​កម្ពុជា។

កន្លង​ទៅ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ក្រើន​រំលឹក​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ទៅ​ស្វែងរក​ប្រាក់​កម្ចី​ក្រៅ​ផ្លូវការ ឬ​កម្ចី​តាម​អនឡាញ ដែល​មាន​ការ​ប្រាក់​ខ្ពស់ និង​ហានិភ័យ​ខ្ពស់​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក បើ​ទោះជា​កម្ចី​ប្រភេទ​នេះ​មាន​លក្ខខណ្ឌ​ងាយស្រួល ទទួល​បាន​ប្រាក់​កម្ចី​ក៏ដោយ។ ធនាគារជាតិនៃកម្ពុជា​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ ទៅ​ស្វែង​រក​ប្រាក់​កម្ចី​ពី​ស្ថាប័ន ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ និង​មាន​ការ​ទទួលស្គាល់​ផ្លូវការ​ដោយ​អង្គការ​រដ្ឋ។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ក្រសួង​មហាផ្ទៃ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ឲ្យ​ផ្សព្វផ្សាយ​អប់រំ អំពី​ផល​ប៉ះពាល់​នៃ​កម្ចី​អនឡាញ និង​ល្បែង​អនឡាញ ព្រមទាំង​បង្ហាញ​ផ្លូវ​ដោះស្រាយ ពេល​ពលរដ្ឋ​ផុង​ជ្រៅ​ក្នុង​បំណុល​វ័ណ្ឌក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។