ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខណៈល្បែងអនឡាញ (Online Game) ខុសច្បាប់មួយចំនួននៅតែបន្តកើតមានច្រើន ជាពិសេសតាមសហគមន៍មូលដ្ឋាន និងតាមបណ្ដាញសង្គមនានា ដែលករណីនេះបានធ្វើឱ្យពលរដ្ឋខ្លះផុងខ្លួន ជំពាក់បំណុលគេ ប្រើអំពើហិង្សាក្នុងគ្រួសារ និងធ្វើអត្តឃាតជាដើម។
ល្បែងអនឡាញកំពុងធ្វើឱ្យពលរដ្ឋខ្លះធ្លាក់ក្នុងបំណុល និងជួបវិបត្តិគ្រួសារ រហូតអ្នកខ្លះហ៊ានធ្វើអត្តឃាតដើម្បីបញ្ចប់បញ្ហា។
ពលរដ្ឋរស់នៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង លោក ស៊ិន ឃីម ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហាល្បែងអនឡាញបានផ្ទុះជាថ្មីទៀត បន្ទាប់ពីស្ងាត់មួយរយៈ។ លោកថា ល្បែងអនឡាញដែល អ្នកភូមិចូលចិត្តលែង មានដូចជា ជល់មាន់ ចាក់បៀរ អាប៉ោង កន្ទុយលេខ ប្រាក់កម្ចីអនឡាញ និង ល្បែងឡូតូ ជាដើម។ លោកថា ល្បែងអនឡាញទាំងនេះកំពុងរីកដុះដាល កាន់តែខ្លាំង នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ហើយធ្វើឱ្យអ្នកភូមិខ្លះជំពាក់បំណុលគេបាត់បង់ផ្ទះសម្បែង និងខ្លះទៀតមាន អំពើហិង្សាក្នុងគ្រួសារ ឈានដល់ការបែកបាក់គ្រួសារក៏មាន។
លោក ស៊ិន ឃីម៖«ប្រជាពលរដ្ឋគាត់ជាជនរងគ្រោះទេ ដោយសារតែមានការពង្វក់ចិត្ត ពង្វក់អារម្មណ៍ ងប់ងុលនៅតាមអនឡាញក្ដី នៅតាមបណ្ដាញសង្គមហ្នឹង។ ធ្វើឱ្យមានការប៉ះពាល់ច្រើន ទី១មានអំពើហិង្សា ទី៣អត្តឃាត ទី៣ធ្វើឱ្យមានជីវភាពរបស់ពលរដ្ឋរស់នៅតាមតំបន់កាន់តែក្រទៅៗ ហើយបាត់បង់ទាំងការងារ ខាតទាំងពេលវេលា បែកបាក់ទាំងគ្រួសារ»។
លោក ស៊ិន ឃីម រំលឹកថា កាលពីបីខែមុនម្ដាយមីងរបស់លោកបានបែកបាក់គ្រួសារ និងលក់ផ្ទះសម្បែងអស់ ដោយសារតែផុងខ្លួនកាន់តែជម្រៅ ជាមួយនិងល្បែងអនឡាញនេះ ចំណែកក្មេងៗសិក្សាមិនបានពេញលេញដោយសារតែគ្រួសារពួកគេ ជួបវិបត្តិហិរញ្ញវត្ថុ។ លោកបារម្ភថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនទប់ស្កាត់ ល្បែងអនឡាញនេះឱ្យមានប្រសិទ្ធភាពទេ វានឹងបន្តធ្វើឱ្យពលរដ្ឋជាច្រើនរងគ្រោះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា បុរសម្នាក់ ឈ្មោះ វុធន សុខចាន់ មានមុខរបរជាគ្រូបង្រៀន និងជានាយកសាលាបឋមសិក្សាសិរីជ័យមង្គល បានយកខ្សែរឹតកប្រពន្ធ និងកូន២នាក់ អាយុ៩ និង១០ឆ្នាំ ឱ្យស្លាប់នៅនឹងកន្លែងហើយ ក្រោយមកបានយកខ្សែចងកសម្លាប់ខ្លួនឯង។ ឃាតកម្មដ៏ឃោរឃៅនេះ សមត្ថកិច្ចខេត្តកណ្ដាលសន្និដ្ឋានថា ដោយសារតែពួកគេជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងជំពាក់ប្រាក់កម្ចីអនឡាញច្រើន រហូតគ្មានលទ្ធភាពសងក៏សម្លាប់ខ្លួនទាំងគ្រួសារ។
ពលរដ្ឋរស់នៅក្រុងបាវិត ខេត្តស្វាយរៀង លោក ហេង មនោរម្យ សង្កេតឃើញថា បញ្ហាល្បែងអនឡាញ និងកម្ចីអនឡាញបានក្លាយជាបញ្ហាមួយបង្កអសន្តិសុខសង្គមជាច្រើន ដែលបង្កើតឱ្យមានអំពើចោរកម្ម អំពើហិង្សា និងធ្វើឱ្យខាតបង់ពេលវេលារកស៊ីរបស់ពលរដ្ឋជាដើម។ ទន្ទឹមនឹងនោះ លោកថា ល្បែងអនឡាញកំពុងតែពង្វក់ឱ្យយុវជន ចាប់អារម្មណ៍សាកល្បង និងលែងកាន់តែច្រើន ដោយសារតែមានការផ្សព្វផ្សាយកាន់តែច្រើន ជាពិសេសលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) តេឡេក្រាម (Telegram) និងតិកតុក (Tiktuk) ជាដើម។
ជាមួយគ្នានេះ លោកឱ្យដឹងថា នៅតាមតូបលក់បាយ តូបកាហ្វេតូចៗ ឬនៅតាមផ្ទះអ្នកភូមិខ្លះ ក្នុងក្រុងបាវិត ឃើញមានបើកល្បែងអនឡាញលួចលាក់ខ្លះ និងបើកចំហខ្លះ ដែលមានទាំងមនុស្សចាស់ និងយុវជនចាក់ភ្នាល់លេង សើចសប្បាយ ហាក់ដូចជារឿងធម្មតា ដោយគ្មានអាជ្ញាធរណាចុះហាមឃាត់នោះទេ។ លោកថា ពលរដ្ឋខ្លះដែលផុងកាន់តែជ្រៅជាមួយនឹងល្បែងអនឡាញ លក់អស់ដីស្រែចម្ការ និងផ្ទះសម្បែង ។ល។
លោក ហេង មនោរម្យ៖«យើងមើលឃើញថាការលេងល្បែងរបស់ប្រជាពលរដ្ឋធូរមែនទែន មិនបាច់ទៅរកកន្លែងដូចមុនទេ គឺសូម្បីតែនៅក្នុងផ្ទះក៏អាចលេងបានដែរ ព្រោះអីល្បែងវិវត្តទៅជាល្បែងអនឡាញ មានតែទូរស័ព្ទមួយ ហើយមានលុយទៅ គាត់អាចលេងបានហើយ។ អ៊ីចឹងអ្នកខ្លះលងចាញ់ល្បែងអត់ដឹងខ្លួន ដោយសារការលេងល្បែងវាងាយស្រួលពេក។ មួយទៀត ម្ចាស់គេហទំព័រ ឬម្ចាស់ទីតាំង និងអ្នកដែលម្ចាស់ទីតាំងដែលបង្កើតអនឡាញហ្នឹង(អាជ្ញាធរពាក់ព័ន្ធ)គួរតែចាត់វិធានការ ផ្លូវច្បាប់ទៅលើពួកគាត់ទៅ បើមិនអ៊ីចឹង ទប់ស្កាត់អត់បានទេ»។
ក្រៅពីលេងល្បែងអនឡាញនៅតាមហាងបាយ ឬហាងកាហ្វេនៅតាមសហគមន៍របស់ខ្លួន ពលរដ្ឋខ្លះទៀត ចូលក្នុងក្រុមតេឡេក្រាម (Telegram) ដែលមានបុគ្គលិក ឬផ្នែកការងារ ល្បែងអនឡាញ ជាអ្នកចាំសម្របសម្រួលបញ្ចុះបញ្ចូល និងណែនាំពីរបៀបចាក់ភ្នាល់។ ចំណែកការលេងល្បែងខ្លះទៀត តម្រូវឱ្យមនុស្សម្នាក់ត្រូវបង្កើតគណនីមួយ ដើម្បីចូលជាសមាជិក ហើយការចូលជាសមាជិកនេះ នឹងទទួលបានឱកាសឈ្នះរង្វាន់ដូចជាឡាន ម៉ូតូ និងការទទួលបានកម្ចីអនឡាញ ជាដើម។គេកត់សម្គាល់ឃើញថា ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការល្បែងអនឡាញនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនរបស់ចិន និងវៀតណាម។
ពលរដ្ឋរិះគន់ថា បញ្ហារីកដុះដាលល្បែងអនឡាញជាហូរហែមកនេះ ដោយសារតែកង្វះការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ហើយនឹងកង្វះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដាក់ចេញដោយក្រសួងមហាផ្ទៃ។ ជាពិសេស គោលនយោបាយចំណុចទី៥ ដែលចែងថា អាជ្ញាធរមូលដ្ឋានត្រូវទប់ស្កាត់មិនឱ្យមានបទល្មើស លួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា។
ទោះជាយ៉ាងណា លេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃដដែលនេះថា រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ពុំដែលបន្ធូរបន្ថយក្នុងការទប់ស្កាត់បទល្មើសអនឡាញខុសច្បាប់នោះទេ ជាក់ស្ដែងលោកថា ចាប់តាំងពីខែកុម្ភៈ រហូតមកដល់ខែវិច្ឆិកានេះ សមត្ថកិច្ចបង្ក្រាបបានជិត ៦ (៦.០០០) ពាន់កន្លែងដែលជាបនល្បែងអនឡាញខុសច្បាប់ នៅតាមមូលដ្ឋាន និងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា សព្វថ្ងៃ ករណីដែលមានពលរដ្ឋរងគ្រោះដោយសារតែបញ្ហាល្បែងអនឡាញជំពាក់បំណុល និងធ្វើអត្តឃាតជាដើមនោះ គឺមានតិចតូចប៉ុណ្ណោះ។
លោក រស់ ភីរុណ៖«ប្រមុខរដ្ឋាភិបាលបាន គិតគូរបានល្អិតល្អន់ណាស់មានយន្តការក្នុងការអប់រំ ផ្សព្វផ្សាយនិងយន្តការក្នុងការតាមដាន ការអនុវត្តថែមទៀត ដើម្បីជំរុញដល់អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិហ្នឹង ឱ្យគាត់យកចិត្តទុកដាក់។ ជារួមយើងយល់ឃើញថា ការអនុវត្តរបស់ពួកគាត់មានការយកចិត្តទុកដាក់កម្រិតខ្ពស់ បើធៀបនឹងកាលដែលមិនទាន់ទទួលបានការណែនាំ មានការយល់ច្រឡំ ប៉ុន្តែយ៉ាងក៏អាជ្ញាធរមូលដ្ឋានរបស់យើងនឹងចាត់វិធានការតាមជាក់ស្ដែងថែមទៀតដែរ»។
យ៉ាងណាអ្នកឃ្លាំមើលនៅតែព្រួយបារម្ភថា វិធានការរបស់អាជ្ញាធរច្រើនធ្វើបានតែមួយប្រាវ ហើយនៅពេលពលរដ្ឋលែងសូវចាប់អារម្មណ៍ករណីនេះក៏ផ្ទុះឡើងវិញ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សង្កេតឃើញថា វិធានការបញ្ជាដោយផ្ទាល់មាត់ ពីសំណាក់រដ្ឋាភិបាលក្ដី និងការចេញនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃកន្លងមកក្ដី គឺពុំទទួលបានលទ្ធផលជាដុំកំភួន ដែលធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពផ្លូវចិត្តនោះទេ។ លោកថា ករណីបរាជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពនេះ គឺដោយសារមានអំពើពុករលួយជាប្រព័ន្ធ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា របស់អាជ្ញាធរមូលដ្ឋាន នៅមានកម្រិតដែលធ្វើឱ្យពិបាកទប់ស្កាត់បទល្មើសតាមអនឡាញ។
លោក សេក សុជាតិ៖«មានការឃុបឃិតជាមួយនឹងអ្នករស់ស៊ីទាំងអស់ហ្នឹង ដូចខ្ញុំនិយាយទាក់ទងជាមួយអំពើពុករលួយជាប្រព័ន្ធ ដែលមិនមានយន្តការណាមួយដែលអាចទៅបង្ក្រាបបាន។ ទី២ គេរុញចេញពីខាងនោះមក យកទៅប្រើប្រាស់នៅតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រព័ន្ធបច្ចេកវិទ្យាហ្នឹង មន្ត្រីមូលដ្ឋាន រឹតតែមិនមែនលទ្ធភាពទប់ស្កាត់ទៀត។ ដូចខ្ញុំបានលើក វានឹងធ្វើឱ្យប៉ះពាល់ទៅដល់ការអនុវត្តមិនមានប្រសិទ្ធភាពរបស់មន្ត្រីមានសមត្ថកិច្ចអីជាដើមនោះ។»
កាលពីថ្ងៃទី៩ ខែសីហា និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានបិទខ្ទប់ការចូលមើល គេហទំព័រ និងអាសយដ្ឋានអ៊ីនធឺណិត ដែលហៅថា អាយភី អេដដ្រេស (Internet Protocol Address) ពាក់ព័ន្ធនឹង សារនិងមាតិកាខុសច្បាប់ មានដូចជា ល្បែងស៊ីសងអនឡាញ រូបភាព និងវីដេអូអាសអាភាសកុមារ និងបោកបញ្ឆោត បានជាង ៧ពាន់(៧,៣២៣) គេហទំព័រ ដែលពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលយល់ថា បើរដ្ឋាភិបាលមិនចាត់វិធានការលើមន្ត្រីមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយទេនោះរដ្ឋាភិបាលនឹងមិនអាចលុបបំបាត់ល្បែងភ្នាល់តាមអនឡាញនេះឱ្យមានប្រសិទ្ធភាពនោះទេ។ លើសពីនេះទៀត យុវជនមួយចំនួនអាចនឹងឈ្លក់វង្វេងទៅនឹងល្បែងស៊ីសង បោះបង់ការសិក្សា ហើយភូមិឃុំ ក៏កាន់តែគ្មានសុវត្ថិភាព ប្រសិនបើវិស័យល្បែងស៊ីសងនៅតែបន្តបើកដំណើរការដោយគ្មានអាជ្ញាធរចាត់វិធានការឱ្យបានត្រឹមត្រូវដូចបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។