អ្នកឃ្លាំមើល​ថា ក្រសួង​សង្គមកិច្ច​ពុំ​បាន​គាំពារ​ក្រុម​ជន​ងាយ​រងគ្រោះ ដោយសារ​អំពើពុករលួយ

0:00 / 0:00

អ្នកឃ្លាំមើល​ថា ដោយសារតែ​អំពើពុករលួយ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា មិន​បាន​គាំពារ​ជនរងគ្រោះ ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ឡើយ​។ ពលរដ្ឋ​លើកឡើង​ថា ប្រជា​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​នៅ​ក្នុង​សហគមន៍​របស់​លោក មិន​បាន​ទទួល​ប័ណ្ណ​សមធម៌​នោះ​ទេ ដោយសារតែ​ការ​ចែក​ប័ណ្ណ​នេះ ធ្វើឡើង​ដោយ​ប្រកាន់​និន្នាការ​នយោបាយ និង​បក្ខពួក​និយម។

អ្នកឃ្លាំមើល​ថា ដរាប​ណា​ស្ថានភាព​អំពើពុករលួយ​នៅតែ​ធ្ងន់ធ្ងរ ហើយ​មេដឹកនាំ​ប្រទេស​នៅតែ​រើសអើង​អ្នកនយោបាយ​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា នឹង​មិនអាច​គាំពារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត លើកឡើង​ថា ប្រជាពលរដ្ឋ​ក្រីក្រ អតីត​យោធិន និង​ជន​ងាយ​រងគ្រោះ ភាគច្រើន​មិន​អាច​ទទួល​បាន​ការ​គាំពារ ពី​រដ្ឋាភិបាល​ប្រកប​ដោយ​តម្លាភាព​នោះ​ឡើយ​។ លោក​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មិន​អាច​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ដោយសារ​កត្តា​សំខាន់ៗ​៣ ទី​១ រដ្ឋាភិបាល​នៅតែ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ជួយ​ជន​ក្រីក្រ ដោយសារ​អំពើពុករលួយ ទី​២ ដោយសារ​ការចែក​អំណោយ ឬ​ប័ណ្ណ​សមធម៌ ធ្វើឡើង​ដោយ​បក្ខពួក​និយម និង​រើសអើង​និន្នាការ​នយោបាយ និង​ទី​៣ គឺ​ដោយសារតែ​រដ្ឋាភិបាល​មិន​មាន​យន្តការ​ត្រួតពិនិត្យ ឬ​ហ៊ាន​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ។

លោក ម៉ែន ណាត៖ «ហើយ​គ្មាន​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​អី​ថា ឥឡូវ​ក្នុង​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​មាន​សមត្ថកិច្ច ជន​ពិការ​អីហ្នឹង ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ គ្មាន​ទេ​!គឺ​ថា រដ្ឋ​ហ្នឹង​រក​មធ្យោបាយ​ធ្វើ​ម៉េច គឺថា​បាន​ស៊ីដាច់ គឺ​គាត់​ចែក​លុយ​គ្នា​ស៊ី​ទៅ»។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​កម្ពុជា​នេះ ក្រោយពី​ក្រសួង​សង្គមកិច្ច បាន​លើក​ឡើង​ពី​សមិទ្ធផល​របស់​ក្រសួង នៅក្នុង​ពិធី​បូកសរុប​ការងារ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​។ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ជា សុមេធី ដែល​ជា​កូនប្រុស​ពៅ​របស់​លោក ជា ស៊ីម បាន​អះអាង​ថា ក្រសួង​សង្គមកិច្ច​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​បន្ទាន់ រាប់​រយ​លាន​ដុល្លារ​អាមេរិក ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​សែន​គ្រួសារ ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច នៃ​ការ​​រីក​រាលដាល​ជំងឺ​កូវីដ ១៩ គ្រោះ​ទឹកជំនន់ និង​ក្នុង​ពេល​រង​សំពាធ​សេដ្ឋកិច្ច​សកល​កាល​ពី​ដើម​ឆ្នាំ​២០២៣ ជាដើម។

លោក ជា សុមេធី ៖ «មោទនភាព​ដែល​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​សម្រេច​បាន​កន្លងមក គឺ​បាន​មក​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ឯកឧត្ដម លោកជំទាវ លោក​លោកស្រី មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ និង​កិច្ចសហការ​ល្អ​ពី​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី អង្គការ​ដៃគូ និង​សប្បុរសជន​នានា ដែល​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ»។

បន្ថែម​ពី​នេះ ក្រសួង​ក៏​បាន​លើកឡើង​អំពី​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ដែល​ផ្ដោត​ទៅ​លើ​កិច្ច​គាំពារ​មនុស្ស​ចាស់ជរា កុមារ​ក្រីក្រ គ្រួសារ​ក្រីក្រ និង​ការ​អប់រំ​បែប​វិជ្ជមាន ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​នៅក្នុង​គ្រួសារ​ផង​ដែរ។

ទោះជា​យ៉ាងណា ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ​លោក ឆៃ វ៉ិត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ថា ការចែក​ប័ណ្ណ​សមធម៌​នៅក្នុង​ឃុំ​របស់​លោក ធ្វើ​ឡើង​ដោយ​មិន​មាន​តម្លាភាព​នោះ​ឡើយ​។ លោក​អះអាង​ថា ដោយសារ​ការ​ប្រកាន់​និន្នាការ​នយោបាយ និង​បក្ខពួក​និយម គ្រួសារ​ក្រីក្រ​ពិតប្រាកដ​មួយចំនួន​មិន​បាន​ទទួល​ប័ណ្ណ​ក្រីក្រ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​នោះ​ទេ។

​លោក ឆៃ វ៉ិត៖ «ខ្ញុំ​គិតថា ខាង​ក្រសួង​សង្គមកិច្ច​ហ្នឹង គួរ​ចុះ​ត្រួតពិនិត្យ​មើល​សារ​ឡើងវិញ អំពី​ការ​ផ្ដល់​ប័ណ្ណ​សមធម៌​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ​ហ្នឹង ដើម្បី​កុំឱ្យ​ការ​ចាយវាយ​ថវិកាជាតិ​ហ្នឹង វា​មិន​បាន​ជួយ​ទៅ​ដល់​គ្រួសារ​ក្រីក្រ​ពិត​ប្រាកដ​ដូច​សព្វថ្ងៃ»។

អ្នកឃ្លាំមើល និង​ពលរដ្ឋ​លើកឡើង​ថា ដើម្បី​ជួយ​ជន​ក្រីក្រ និង​ពលរដ្ឋ​ងាយ​រងគ្រោះ ក្រសួង​សង្គមកិច្ច គួរតែ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ប័ណ្ណ​សមធម៌ និង​លក្ខខណ្ឌ​ទទួល​បាន​កិច្ច​គាំពារ​ពី​ក្រសួង​ជា​សាធារណៈ ជាជាង​បណ្ដោយ​ឱ្យ​មន្ត្រី​នៅ​តាម​មូលដ្ឋាន​ធ្វើ​ការងារ​ដោយ​មិន​មាន​តម្លាភាព និង​ប្រកាន់​បក្ខពួក។

ក្រៅ​ពី​បញ្ហា​ផ្ដល់​ប័ណ្ណ​ក្រីក្រ និង​ការ​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ដោយ​មិន​មាន​តម្លាភាព​នោះ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​នៅ​មិនទាន់​បិទ​ដំណើរ​មណ្ឌល​កែប្រែ​ព្រៃស្ពឺ ក្នុង​រាជធានី​ភ្នំពេញ ដែល​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ស្នើ​ឱ្យ​បិទ ដោយសារតែ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ជាប់ឃុំ​នៅក្នុង​មណ្ឌល​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។