អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើពលរដ្ឋចាញ់បោកប្រាក់ក្រុមហ៊ុនឧកញ៉ា និងអតីតឧកញ៉ាមួយចំនួន នៅតែសម្ងំស្ងៀម មិនចេញតវ៉ាដូចបច្ចុប្បន្ន នោះពលរដ្ឋរងគ្រោះនឹងមិនទទួលបានដំណោះស្រាយសមរម្យឡើយ ខណៈគ្រប់សំណុំរឿងឆបោក សុទ្ធតែមានព័ត៌មានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចជាន់ខ្ពស់ក្នុងរដ្ឋាភិបាល។
ការលើកឡើងនេះ ធ្វើឡើងស្របពេលប្រជាពលរដ្ឋដែលចាញ់ការឆបោកប្រាក់ ក្រុមហ៊ុនរបស់អ្នកស្រី ឡេង ចាន់ណា ត្អូញត្អែរអំពីភាពយឺតយ៉ាវនៃដំណោះស្រាយ បន្ទាប់ពីក្រុមមេធាវីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលដឹកនាំដោយលោក គី តិច ជិតមួយឆ្នាំមកហើយ បានត្រឹមតែប្រាប់ពលរដ្ឋថា រង់ចាំអ្នករងគ្រោះទាំងអស់ទាំងជាង ១ម៉ឺន ២ពាន់នាក់ ដាក់ពាក្យបណ្ដឹងគ្រប់គ្នាសិន ខណៈពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាង ៣ពាន់នាក់រួចទៅហើយនោះ។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត លើកឡើងថា ការដាក់មេធាវីឱ្យជួយការពារក្ដីជូនប្រជាពលរដ្ឋរងគ្រោះ គ្រាន់តែជាការស្អំចិត្តពួកគាត់ កុំឱ្យធ្វើសកម្មភាពតវ៉ាជាសាធារណៈ ហើយឱ្យពលរដ្ឋចេះតែនៅរង់ចាំដំណោះស្រាយដែលគ្មានពន្លឺ ឬគ្មានប្រសិទ្ធភាព ឱ្យឆ្លើយតបនឹងការចង់បានយុត្តិធម៌របស់ពលរដ្ឋឡើយ។
លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋមិនងាយនឹងទទួលបានដំណោះស្រាយសមរម្យទេ ដោយលោកលើកហេតុផលថា អំពើឆបោកលុយរាប់រយលានដុល្លារ ពីសំណាក់ឧកញ៉ាមួយចំនួន និងអតីតឧកញ៉ាផ្សេងៗទៀត ដូចជា អតីតឧកញ៉ា ឡេង ចាន់ណា ជាដើម មានក្រុមអ្នកមានអំណាចជួយជ្រោមជ្រែងជាប្រព័ន្ធ ហើយមានបណ្ដាញអាជ្ញាធររដ្ឋនៅពីក្រោយខ្នង ចាំជួយសម្រួលដល់អំពើឆបោកទាំងនោះ។
លោក វ៉ន ចាន់ឡូត៖«ចេញធ្វើសកម្មភាពជាសាធារណៈប្រសិនបើនីតិវិធីតាមផ្លូវច្បាប់ធ្វើ ហើយមិនមានប្រសិទ្ធភាព ឬក៏អាជ្ញាធរមិនអើពើទៅនឹងបញ្ហារបស់ពួកគាត់។ អ្វីដែលខ្ញុំឱ្យតម្លៃចំពោះមុខមានតែការចេញតវ៉ាជាសាធារណៈរបស់ពលរដ្ឋដែលជាអ្នករងគ្រោះហ្នឹង។ ខ្ញុំជឿថា អាចមានប្រសិទ្ធភាព ហើយអាចនឹងឆាប់ទទួលបានដំណោះស្រាយ»។
ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City)របស់អ្នកស្រី ឡេង ចាន់ណា អស់លុយ ២៣ ម៉ឺនដុល្លារ ត្អូញត្អែរថា លោកនិងក្រុមគ្រួសារអស់លទ្ធភាពសងធនាគារហើយ ដោយសាររង់ចាំដំណោះស្រាយយូរពេក នៅស្របពេលដែលក្រុមហ៊ុនបានប្រកាសថា គ្មានលទ្ធភាពទូទាត់សងទៅហើយ។ លោកឱ្យដឹងថា លោករួមជាមួយម្ដាយ និងប្អូនរបស់លោក ដែលជំពាក់ធនាគារ ៣ស្ថាប័ន ថែមទាំងកម្ចីពីឯកជនសរុបជិត ២០ម៉ឺនដុល្លារ លក់អស់ពីខ្លួនទៅហើយតាំងពីចុងឆ្នាំ ២០២៣ម៉្លេះ ដើម្បីសងបំណុល ហើយពេលនេះ នៅសល់តែទ្រព្យដែលបញ្ចាំនៅធនាគារប៉ុណ្ណោះ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖«កាលថ្ងៃទី២៧ បីថ្ងៃមុនធនាគារហត្ថាបានយកលិខិតអញ្ជើញ ដើម្បីឱ្យខ្ញុំផ្ដិតមេដៃរកលុយសងគេ។ អាហ្នឹងគេថា លិខិតអញ្ជើញលើកទី១ គេឱ្យបង់លុយ ហើយថា មួយទៀតគេនឹងធ្វើលិខិតអ៊ីចឹងលើកទី២ បើសិនលិខិតអញ្ជើញលើកទី១ អត់លុយមានលុយបង់ ហើយបន្ទាប់មានលិខិតលើកទី៣ គឺមានការកោះហៅពីតុលាការ»។
លោកប្រាប់វិទ្យុអាស៊ីសេរីទៀតថា ពិតជាទ័លខ្លាំង បើនៅបន្តរង់ចាំ អត់ដំណោះស្រាយ តែបើតវ៉ា ខ្លាចមានការចាប់ខ្លួន។ លោកអះអាងថា ប្រជាពលរដ្ឋជាច្រើន ដែលចាញ់បោក ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ខ្លះរត់ចោលស្រុក ព្រោះទ័លច្រកពេក ហើយក៏មានអ្នកសម្លាប់ខ្លួនផង។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ក្រុមគ្នារបស់ខ្ញុំមេក្រុម ២៥ នាក់ហ្នឹង មួយមេរបស់ខ្ញុំមានទាំងអស់ ៥ លានដុល្លារ នៅ ២៤ក្រុមទៀត ព្រោះអីនៅក្នុងក្រុមហ៊ុនហ្នឹង គេចាត់ចែងឱ្យមានមេ ២៥រូប។ អ៊ីចឹងក្រុមខ្ញុំរបស់រៀងតូចជាងគេមានតែ ៥លានដុល្លារ ហើយក្រៅពីហ្នឹង មាន២០ ទៅ ៣០ លានដុល្លារមាន ២៤ក្រុមទៀត។ អ៊ីចឹងសរុបលុយទាំងអស់ចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា ចូលខ្ទង់ ៣០០លានដុល្លារ ហើយមានអ្នករងគ្រោះ ១ម៉ឺន ២ពាន់ ១រយនាក់តាមទិន្នន័យចៅហ្វាយខេត្តសៀមរាបបានប្រកាសមក»។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង បានបដិសេធដែលថា មានការយឺតយ៉ាវក្នុងការដោះស្រាយ ដោយលោកពន្យល់ថា ក្នុងមួយសប្ដាហ៍ៗ តុលាការមានចំណាត់ការរហូត និងម្យ៉ាងទៀត សំណុំរឿងឆបោករបស់ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា នេះ មានជនរងគ្រោះច្រើនរាប់ពាន់នាក់ ដែលកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។
លោក យិន ស្រាង៖«នៅពេលចៅក្រមស៊ើបសួរចប់ គេនឹងបញ្ជូនទៅចៅក្រមជម្រះ ហើយនៅពេលនោះ គេនឹងប្រកាសសាលក្រមសម្រេចពីសំណងហើយ។ នៅទេ គេកំពុងស៊ើបទេ នៅចៅក្រមស៊ើបសួរ ព្រោះសំណុំរឿងហ្នឹងវាច្រើន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរងការចោទប្រកាន់ថា ពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា បានចេញមុខផ្ដល់មេធាវី ការពារក្ដីឱ្យពលរដ្ឋរងគ្រោះ ដែលត្រូវក្រុមហ៊ុននេះ បោកលុយប្រមាណ ៣០០លានដុល្លារ។ ក្រៅពីលោក ហ៊ុន ម៉់ាណែត ក៏មានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល គឺលោក ស៊ាន បូរ៉ាត់ ម្នាក់ទៀតដែរ ដែលគេមើលឃើញជាប់ឈ្មោះក្នុងសំណុំរឿងអាស្រូវឆបោកនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពី លោក គី តិច ដែលជាប្រធានក្រុមមេធាវីរដ្ឋាភិបាល ទទួលបន្ទុកការពារក្ដីឱ្យពលរដ្ឋចាញ់បោក ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី បានទេ នៅថ្ងៃទី២១ ខែតុលា ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។ យ៉ាងណា លោក គី តិច ធ្លាប់ បានអះអាងប្រាប់សារព័ត៌មានគាំទ្ររដ្ឋាភិបាលថា បានជួបជនរងគ្រោះចំនួន ១៤លើកសរុបជាង ៤.០០០នាក់។
ប៉ុន្តែ ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃ ទី២១ ខែតុលា ថា ក្រុមមេធាវីរបស់លោក គី តិច បានត្រឹមតែសួរចោលពីព័ត៌មានរបៀបដាក់លុយរបស់ប្រជាពលរដ្ឋរងគ្រោះ ប៉ុន្តែគ្មានបានឃើញផលប្រយោជន៍អ្វីឡើយ។
លោកថា នៅចំពោះមុខវិបត្តិជំពាក់បំណុលធនាគារ និងការធ្លាក់ដុនដាបជីវភាព លោក និងពលរដ្ឋរងគ្រោះផ្សេងទៀត លេបថ្ម លេបគ្រួស យំស្ទើរតែខ្សោះទឹកភ្នែក ពីព្រោះពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាង ៣ពាន់នាក់ទៅហើយ បែរជាក្រុមមេធាវី គ្រាន់តែលើហេតុផលថា ឱ្យរង់ចាំអ្នករងគ្រោះទាំងអស់ ចំនួនជាង ១ម៉ឺន ២ពាន់នាក់ ដាក់ពាក្យបណ្ដឹងគ្រប់គ្នាសិន។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ដំណឹងអ្នកចូលទៅជួបមេធាវីចូលហើយមកក៏ ស្ងាត់ឈឹងមកវិញស្ងាត់ឈឹងអ្នកខ្លះ ៦ខែហើយរង់ចាំចូលទៅជួប ហើយអ្នកចូលទៅជួបចេញមកវិញ ដូចជា ស្ងាត់ទៅៗ អត់បានទទួលដំណឹងថា ត្រូវដោះស្រាយពីបញ្ហារឿងអ្នករងគ្រោះ កូនចៅអ្នករងគ្រោះត្រូវដោះស្រាយយ៉ាងណា អត់បានដោះស្រាយឱ្យហើយ ក៏មិនបានប្រាប់ថ្ងៃនេះខែនេះ ដោះស្រាយអីយ៉ាងម៉េច អត់ ឈឹងៗៗអត់មានឱ្យដំណឹងយ៉ាងម៉េចទេ»។
អតីតឧកញ៉ា និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងពន្ធនាគារជាបន្តបន្ទាប់ ពាក់ព័ន្ធអំពើឆបោកទ្រង់ទ្រាយធំ រួមមានម្ចាស់ក្រុមហ៊ុន ប្រ៊ីលានស៊ីធី អ្នកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ជា សារ៉ន លោក ជា សារ៉ន ប្រធានក្រុមហ៊ុនស៊ីអាយស៊ី (CIC) លោក គុយ វ៉ាត ម្ចាស់ក្រុមហ៊ុនពិភពដីមាស លោក ហ៊ី គឹមហុង ជំនួយការលោក ហ៊ុន សែន គឺលោក ដួង តារា ដែលជាប់រឿងអាស្រូវបោកប្រាស់របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប និងទីប្រឹក្សាមួយរូបទៀតរបស់លោក ហ៊ុន សែន គឺលោក លី សាម៉េត។
ក្នុងចំណោមនេះ អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីឃុំខ្លួនមួយរយៈពេលខ្លី ខណៈលោក លី សាម៉េត សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនបាន រីឯឧកញ៉ា ឡេង ណាវ៉ាត្រា ដែលសម្បូររឿង អាស្រូវលក់ផ្ទះខ្យល់វិញ មិនត្រូវបានសមត្ថកិច្ចស៊ើបអង្កេតឡើយ ទោះបីជាមានការតវ៉ាជាហូរហែរបស់ពលរដ្ឋរងគ្រោះក៏ដោយ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា ប្រសិនបើនីតិវិធីតុលាការនៅតែពន្យារពេល នោះពលរដ្ឋកាន់តែរងគ្រោះ បន្ថែមទៀត ដូច្នេះ ពួកគាត់មានសិទ្ធិចេញមុខ ទៅតវ៉ាទាមទារដំណោះស្រាយនៅ ស្ថាប័នពាក់ព័ន្ធ។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងគាត់មានសិទ្ធិទាមទារតវ៉ា គាត់ទាមទារតវ៉ាទៅតាមស្ថាប័នដែលពួកគាត់មានសង្ឃឹមថា ជាស្ថាប័នអាចរកដំណោះស្រាយជូនពួកគាត់បាន បើពួកគាត់នៅតែសម្ងំ គាត់អត់មានប្រើសិទ្ធិពួកគាត់ ក្នុងការទាមទារតវ៉ា ច្បាស់ណាស់រឿងរ៉ាវរបស់ពួកគាត់មិនអាចដោះស្រាយបានទេ នៅតែបែបហ្នឹងឯង»។
ឧកញ៉ាដែលត្រូវបានឃុំខ្លួន ខ្លះក៏ត្រូវបានតុលាការរឹបអូសអចលនវត្ថុ និងបង្កកលុយក្នុងធនាគាររបស់ពួកគេដែរ ដោយតុលាការអះអាងថា ដើម្បីយកមកលក់ឡាយឡុងទូទាត់សងពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុន។ ប៉ុន្តែជាង ១ឆ្នាំមកហើយ ពលរដ្ឋរងគ្រោះអះអាងថា ពួកគាត់មិនបានទទួលព័ត៌មានដំណោះស្រាយពីតុលាការនៅឡើយទេ បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់មេធាវីជួយការពារក្ដីឱ្យក៏ដោយ។
អ្នកឃ្លាំមើលលើកឡើងថា ការប្រើពេលយូរឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ សមរម្យ ជូនពលរដ្ឋរងគ្រោះ មិនខុសអ្វីពីជ្រមុជពលរដ្ឋរងគ្រោះ ទៅក្នុង វិបត្តិក្រីក្រ ពីព្រោះតែអស់ទ្រព្យ និងដីធ្លី ដោយសារតែលក់សងបំណុលវ័ណ្ឌក ហើយស្ថានការណ៍បែបនេះ បើនៅតែអូសបន្លាយគ្មានដំណោះស្រាយ វាអាចធ្វើឱ្យមានចលនាតវ៉ា របស់ប្រជាពលរដ្ឋរងគ្រោះ នៅទូទាំងប្រទេស ដោយសារតែមិនអាច ទ្រាំបាននឹងវិបត្តិសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។