អ្នកជំនាញ​និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្រាវជ្រាវ និង​បិទ​គ្លីនិក​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ទាំងអស់

0:00 / 0:00

អ្នក​ជំនាញ​ផ្នែក​សុខភាព និង​អ្នកឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត និង​បិទ​ទីតាំង​គ្លីនិក​ឯកជន​មួយចំនួន​ដែល​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដើម្បី​បង្ការ​កុំឱ្យ​មាន​ករណី​ពលរដ្ឋ​ស្លាប់​បន្ត​ទៀត។ ការ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​ខេត្តតាកែវ​បាន​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ជា​ម្ចាស់​គ្លីនិក​ឯកជន​មួយ​កន្លែង​ព្យាបាល​អ្នកជំងឺ​ខុស​បច្ចេកទេស​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់។

អ្នកជំនាញ និង​អ្នកឃ្លាំមើល​សោកស្ដាយ​ដែល​រដ្ឋាភិបាល​បណ្ដែតបណ្ដោយ​ឱ្យ​គ្លីនិក​មួយ​ចំនួន​អាច​បើក​ដំណើរ​ព្យាបាល​អ្នកជំងឺ​ខុស​វិជ្ជាជីវៈ​រហូត​ឈាន​ដល់​ករណី​មាន​មនុស្ស​ស្លាប់ និង​យក​ទៅ​សាកសព​ទៅ​ផ្លុង​ចោល។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៣ ខែ​វិច្ឆិកា ថា បញ្ហា​គ្រូពេទ្យ​មួយ​ចំនួន​គ្មាន​វិជ្ជាជីវៈ​ព្យាបាល​អ្នក​ជំងឺ​ដោយ​មិន​ស្គាល់​ពី​របៀប​ប្រើប្រាស់​ថ្នាំ​នៅ​បន្ត​កើត​មាន​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​លុប​បំបាត់​ចោល​នូវ​គ្លីនិក​ដែល​គ្មាន​អាជ្ញាប័ណ្ណ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ក្រៅពី​បញ្ហា​នេះ​ហើយ​នៅ​មាន​គ្រូពេទ្យ​មួយ​ចំនួន​ទទួល​ព្យាបាល​អ្នក​ជំងឺ​ខុស​ពី​ជំនាញ​របស់​ខ្លួន​ករណី​ដូចជា គ្រូពេទ្យ​ព្យាបាល​ជំងឺ​ធម្មតា ប៉ុន្តែ​បែរជា​ទៅ​វះកាត់​ក៏​ត្រូវ​ប្រឈម​នឹង​ជាប់​ទោស​ពី​៦ខែទៅ​ដល់២ឆ្នាំ​ដែរ។

លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖«ប្រសិនបើ​យើង​ជា​គ្រូ​ពេទ្យ​ធម្មតា​ហើយ​យើង​ទៅ​វះកាត់​ទេ​វា​អាច​ខុស​យើង​មិនមែន​ជា​ឆ្មប ហើយ​យើង​ទៅ​ធ្វើ​ជា​ឆ្មប​អាច​ខុស​កន្លែង​ហ្នឹង​ហើយ​ដែល​គេ​មាន​ពិន័យ។ ប្រសិនបើ​គេ​រក​ឃើញ យើង​ធ្វើ​ការ​ហួស​ដែន​កំណត់​នៃ​វិជ្ជាជីវៈ​របស់​ប្រសិនបើ​យើង​បើ​រក​ឃើញ​យើង​នឹង​អាច​មាន​ទោស​ព្រហ្មទណ្ឌ​ពី៦ខែ ទៅ​ដល់២ឆ្នាំទោស​និង​មាន​ពិន័យ​ជា​ទឹក​ប្រាក់​ពី ៥លានរៀល ទៅ​ដល់ ១០លានរៀល​អា​ហ្នឹង​គ្រាន់តែ​យើង​ព្យាបាល​ហួស​ដែន​កំណត់»។

ការ​លើកឡើង​របស់​អ្នក​ជំនាញ​នេះ​គឺ​ក្រោយ​ពេល​ដែល​តុលាការ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា បាន​ឃាត់ខ្លួន និង​ចោទ​ប្រកាន់​ជន​សង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុង​ហាក់ម៉ារីណា នៅ​ស្រុក​បាទី ករណី​ព្យាបាល​ខុស​បច្ចេកទេស​លើ​ស្ត្រី​ជា​អ្នក​ជំងឺ​ម្នាក់​ស្លាប់ និង​យក​សាកសព​ទៅ​ផ្លុង​ចោល​ក្នុង​ព្រៃ​ជាមួយ​និង​កូន​ជន​រងគ្រោះ​អាយុ​៣ឆ្នាំ។

ចៅក្រម​ស៊ើបសួរ​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ ស៊ុន ម៉ារីណា ចំនួន ៤​បទ​ចោទ​រួមមាន មនុស្ស​ឃាត​ដោយ​អចេតនា ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល និង​លាក់​បំបាំង​សាកសព និង​ទារុណកម្ម និង​អំពើ​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់​ទោស។ ចំណែក​ជន​សង្ស័យ​ជា​ប្ដី​ឈ្មោះ ហៀង សុងហាក់ ជាប់​ចោទ​ពី​បទ ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល សម​គំនិត​ក្នុង​អំពើ​លាក់កំបាំង​សាកសព និង​សម​គំនិត​ក្នុង​អំពើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់​ទោស។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​តាកែវ លោក វ៉ី សំណាង និង​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៣ ខែ​វិច្ឆិកា។

ប៉ុន្តែ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សុខាភិបាល លោក ម៉ី សំបូរ កាលពីថ្ងៃទី២០ ខែ​វិច្ឆិកា បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​បន្ទន់​លើ​មន្ទីរពេទ្យ​ព្យាបាល​ឯកជន​ទាំងអស់​ដែល​កំពុង​ផ្ដល់​សេវា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ពិនិត្យ​មើល​លិខិត​អនុញ្ញាត ឬ​សញ្ញាប័ត្រ​វិជ្ជាជីវៈ ហើយ​បញ្ឈប់​មិន​ដំណើរ​រាល់​ទីតាំង​ផ្ដល់​សេវា​សុខាភិបាល ឬ​ឱសថ​ស្ថាន​ណា​ដែល​​គ្មាន​ច្បាប់​អនុញ្ញាត។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​បើក​ការ​ស៊ើបអង្កេត និង​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅ​លើ​ម្ចាស់​គ្លីនិក ឬ​ឱសថ​ស្ថាន​មួយ​ចំនួន​ដែល​បើក​ព្យាបាល​អ្នក​ជំងឺ​ខុស​ច្បាប់។ លោក​បន្ត​ថា ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន​គឺ​ទាល់តែ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ពុករលួយ និង​បោស​សំអាត​មន្ត្រី​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​ជា​មុន​សិន។

លោក ស៊ឹង សែនករុណា៖ «អំពើពុករលួយ​ហ្នឹង​ដែល​ទៅ​ដល់​ក្រសួង​សុខាភិបាល មន្ទីរ​សុខាភិបាល ខាង​ក្រសួង​សុខាភិបាល​ដែល​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ទាំងអស់​ហ្នឹង។ ទោះ​បី​ជា​សញ្ញាប័ត្រ​វិជ្ជាជីវៈ​អត់​ត្រឹមត្រូវ​យ៉ាង​ម៉េច​ក៏​ដោយ​ក៏​ធ្មេច​ភ្នែក​ផ្ដល់​ឱ្យ​សិទ្ធិ​ទៅ​បង្កើត​អ៊ីចឹង​ទៅ​ហើយ​គ្លីនិក​ហ្នឹង​ក៏​ទៅ​ដំណើរ​ព្យាបាល​គ្មាន​គុណភាព គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​គ្មាន​ការ​ទទួល​ខុសត្រូវ​ទៅ​លើ​សុខុមាលភាព​ប្រជាពលរដ្ឋ»។

នេះ​មិនមែន​ជា​លើកទី១​ទេ ដែល​គ្រូពេទ្យ​ឯកជន​ព្យាបាល​អ្នក​ជំងឺ​បណ្ដាល​ឱ្យ​ស្លាប់។ មាន​ករណី​គ្រូពេទ្យ​រដ្ឋ និង​ម្ចាស់​គ្លីនិក​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ការ​ធ្វេសប្រហែស ទុក​អ្នក​ជំងឺ​ចោល​រហូត​ដល់​ស្លាប់ និង​រារាំង​មិន​ឱ្យ​សាច់ញាតិ​យក​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជាដើម។ ករណី​ដូច​ជា​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​គ្រួសារ​របស់​អ្នកជំងឺ​បាន​ចោទ​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​ហៅថា​ពេទ្យ​រុស្ស៊ី បាន​ទុក​អ្នកជំងឺ​ចោល ជាច្រើន​ម៉ោង​ដោយ​គ្មាន​ការសង្គ្រោះ​បឋម គ្មាន​ពេទ្យ​ប្រចាំការ​គ្រប់គ្រាន់ និង​តម្រូវ​បង់លុយ​ជាមុន។

អ្នក​ជំនាញ និង​អ្នក​ឃ្លាំ​មើល​ផ្ដល់​យោបល់​ថា ដើម្បី​ពង្រឹង​គុណភាព​ក្នុង​វិស័យ​សុខាភិបាល និង​សេវា​ព្យាបាល​នៅ​តាម​ថ្នាក់​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​គួរតែ​លុប​បំបាត់​អំពើពុករលួយ ពង្រឹង​សីលធម៌ និង​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​គ្រូពេទ្យ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​ពេទ្យ​នៅ​ក្នុង​ស្រុក​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។