ក្រុមហ៊ុនទូទាត់ប្រាក់ឌីជីថលដ៏ធំរបស់ត្រកូល «ហ៊ុន» ឈ្មោះ «ហួយវ័ន ផេ» (Huione Pay) កំពុងប្រតិបត្តិការអាជីវកម្មទូទាត់ និងប្តូរប្រាក់ឌីជីថលក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ ឱ្យក្រុមចោរព័ត៌មានវិទ្យា ឬ ហែកឃឺ (Hacker) កូរ៉េខាងជើង (North Korea)។
ក្រុមចោរព័ត៌មានវិទ្យា ឬហែកឃឺឈ្មោះ «ឡាហ្សារឹស» (Lazarus) ដែលសង្ស័យថាមានមូលដ្ឋាននៅប្រទេសកូរ៉េខាងជើង កំពុងលាងលុយកខ្វក់តាមរយៈការផ្លាស់ប្ដូរទូទាត់សាច់ប្រាក់ឌីជីថលក្នុងតម្លៃទឹកប្រាក់រាប់រយលានដុល្លារតាមកម្មវិធីរបស់ក្រុមហ៊ុន «ហួយវ័ន ផេ (Huione Pay)» ដែលបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ គឺជាម្ចាស់ភាគហ៊ុនម្នាក់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters)របស់អង់គ្លេស កាលពីថ្ងៃទី១៥ ខែកក្កដា បានរាយការណ៍ថា ក្នុងចន្លោះខែមិថុនា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទំហំទឹកប្រាក់ឌីជីថល ឬ Cryptocurrency ដែលមានតម្លៃជាង ១សែន ៥ម៉ឺនដុល្លារ (១៥0,000ដុល្លារ) ត្រូវបានក្រុមចោរព័ត៌មានវិទ្យា ឬ ហែកឃឺ (hackers) កូរ៉េខាងជើង ឈ្មោះ ឡាហ្សារឹស ប្រតិបត្តិការផ្ទេរចូលតាមរយៈក្រុម «ហួយវ័ន ផេ (Huione Pay)»។
ជាមួយគ្នានេះ ក្រុមអនាមិកបណ្ដាញសង្គមអ៊ិច (X) និងជាពាណិជ្ជកររូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដែលគេស្គាល់ថា ជាអ្នកលាតត្រដាងការលួចបន្លំ និងការឆបោកតាមអនឡាញ ឈ្មោះ «ហ្សាចអ៊ិចប៊ីធី ( ZachXBT)» ឱ្យដឹងដែរថា ក្នុងខែកក្កដា ចំនួនទឹកប្រាក់ច្រើនជាង ៣៥លានដុល្លារ ក្នុងចំណោមទឹកប្រាក់ឌីជីថលជាង ៣រយលានដុល្លារ ($305M DMM Bitcoin) ត្រូវបានក្រុមហែកឃឺប្រតិបត្តិការលាងលុយកខ្វក់តាមកម្មវិធីទីផ្សារអនឡាញឈ្មោះ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) ដែលត្រូវបានបង្កើតឡើងដោយសម្ព័ន្ធក្រុមហ៊ុន «ហួយវ័ន គ្រុប (Huione Group)»។
កម្មវិធីទីផ្សារអនឡាញឈ្មោះ «ហួយវ័ន ហ្គារេនធី (Huione Guarantee)» កំពុងត្រូវបានក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមមានទាំងកម្ពុជាផង។ កម្មវិធីនេះ អនុញ្ញាតឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់។
កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យា Blockchainឈ្មោះ « អេលីបទីក (Elliptic)» ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) បានលាតត្រដាងថា បងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ គឺជានាយកមួយរូបនៃក្រុមហ៊ុន ហួយវ័ន ផេ។ ក្រុមហ៊ុន ហួយវ័ន ពាក់ព័ន្ធយ៉ាងសកម្មនឹងប្រាក់ចំណេញបានមកពីអំពើលាងលុយកខ្វក់ពីការឆបោកតាមអនឡាញនៅជុំវិញពិភពលោក។ យ៉ាងហោចណាស់ទឹកប្រាក់ជាង ១១ពាន់លានដុល្លារត្រូវបានគេចរាចរតាមរយៈកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុន ហួយវ័ន។
វិទ្យុអាស៊ីសេរី កំពុងព្យាយាមទាក់ទងបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ដើម្បីសុំការពន្យល់ជុំវិញការរកឃើញដែលថាលោកអាចជាប់ពាក់ព័ន្ធនឹងអាជីវកម្មលាងលុយកខ្វក់ និងឆបោកតាមអនឡាញរបស់ក្រុមហ៊ុន ហួយវ័ន ផេ នេះ។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន ហួយវ័ន ផេ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានដែរ កាលពីថ្ងៃទី១៧ ខែកក្កដា។
ទោះយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ហួយវ័ន ផេ ដែលអះអាងថា ក្រុមហ៊ុនពុំបានដឹងថាខ្លួនបានទទួលលុយដោយប្រយោលពីក្រុមចោរព័ត៌មានវិទ្យានោះទេដោយសារតែប្រតិបត្តិការផ្ទេរប្រាក់នោះត្រូវបានគេធ្វើឡើងច្រើនដង។ ក្រុមហ៊ុននេះ ក៏បដិសេធមិនបកស្រាយអំពីមូលហេតុដែលខ្លួនទទួលបានលុយទាំងនេះទេ។ ក្រុមហ៊ុន ហួយវ័ន ផេ បញ្ជាក់ថា អភិបាលកិច្ចរបស់លោក ហ៊ុន តូ ក្នុងក្រុមហ៊ុននេះ គឺមិនពាក់ព័ន្ធនឹងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនឡើយ។ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បញ្ជាក់ថា ខ្លួនពុំមានភស្តុតាងដែលបញ្ជាក់ថា លោក ហ៊ុន តូ ឬក្រុមគ្រួសារត្រកូល«ហ៊ុន» បានដឹងឮអំពីប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ឬ គ្រីបតូ ទាំងនេះឡើយ។
រីឯ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងដើម្បីសុំការបកស្រាយជុំវិញរឿងនេះ បាននៅឡើយទេ កាលពីថ្ងៃទី១៧ ខែកក្កដា។ ប៉ុន្តែ អ្នកស្រី ជូ ប៊ុនអេង ធ្លាប់ចាត់ទុកការរកឃើញរបស់ក្រុមហ៊ុន អេលីបទីក ថា មានចេតនា«ទម្លាក់កំហុស» និង«បង្ខូចកេរ្តិ៍ឈ្មោះ»កម្ពុជា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ សោកស្ដាយដែលកម្ពុជាបានក្លាយជាអាណាចក្រមួយសម្រាប់ក្រុមគ្រួសារត្រកូល ហ៊ុន ប្រើប្រាស់រកស៊ីអាជីវកម្មបែបឧក្រិដ្ឋ។ លោកព្រមានថា នៅពេលដែលត្រកូលហ៊ុនបន្តក្ដោបក្ដាប់អំណាចកាន់តែរឹងមាំនៅកម្ពុជា នោះអំពើឧក្រិដ្ឋទាំងនេះនឹងកាន់តែរីករាលដាលបន្ថែមទៀត ហើយអ្នកដែលរងគ្រោះគឺជាប្រជាពលរដ្ឋ។
លោក ម៉ែន សុថាវរិន្ទ្រ៖«ជាក់ស្ដែងហើយខាងអន្តរជាតិបានមើលឃើញថា ការឆបោកតាមអនឡាញហ្នឹង ជាអំពើពុករលួយមួយដ៏ធំក្នុងប្រទេសកម្ពុជា ព្រោះមិនមែនអ្នកតូចតាចអ្នកធ្វើទេ និយាយឱ្យចំទៅគឺអ្នកកាន់អំណាចគណបក្សកម្ពុជា ដែលមានគ្រួសារលោក ហ៊ុន សែន អ្នកកាន់កាប់។ បើរដ្ឋាភិបាលក្រុមខ្សែរបស់គាត់នឹងមិនអាចធ្វើអីបានទេ គាត់អ្នកកាន់ជើងគ្នាគាត់។ អ៊ីចឹង ច្បាស់ណាស់កម្ពុជានៅតែបន្តរងគ្រោះ អ្នកដែលរងគ្រោះគឺជាប្រជាពលរដ្ឋខ្មែរយើង ដោយសារតែអ្នកកាន់អំណាចអត់គិតគូរប្រទេសជាតិ រឿងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយើងដែលធ្លាប់តែល្បីឈ្មោះអច្ឆរិយមួយចំនួន តែឥឡូវនេះធ្លាក់ក្នុងកណ្ដាប់ដៃត្រកូល ហ៊ុន ទាំងអស់»។
វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ដែលមានមូលដ្ឋាននៅរដ្ឋធានី វ៉ាស៊ីនតុន (Washington D.C.) កាលពីខែឧសភា បានរកឃើញថា ក្រុមអ្នកមានអំណាចនៅកម្ពុជា គឺជាអ្នកចាំកាង «ការពារ» ឧស្សាហកម្មឆបោកតាមអនឡាញ ដោយសារតែការចំណេញកប់ក្ដោងនៃឧស្សាហកម្មមួយនេះ។ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាននេះ ប៉ាន់ស្មានថា កម្ពុជាតែឯងលួចលុយពីពិភពលោកយ៉ាងហោចណាស់ជាង ១២ពាន់ ៥រយលានដុល្លារក្នុងមួយឆ្នាំតាមរយៈឧស្សាហកម្មឆបោកតាមអនឡាញ ឬស្មើនឹងពាក់កណ្ដាលនៃផលិតផលក្នុងស្រុកសរុប (GDP) ផ្លូវការរបស់កម្ពុជា។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺអ្នកស្រី មូរ សុខហួរ កំពុងធ្វើយុទ្ធនាការជំរុញឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើលោក ហ៊ុន តូ ជុំវិញការរកឃើញពីការរកស៊ីឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនេះ។ លោក ហ៊ុន តូ ធ្លាប់ត្រូវបានស៊ើបអង្កេតដោយគណៈកម្មការឧក្រិដ្ឋកម្មអូស្ត្រាលីចន្លោះឆ្នាំ២០០២ ដល់២០០៤ ពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរហេរ៉ូអ៊ីន និងការលាងលុយកខ្វក់។ ចលនានេះ ក៏ជំរុញឱ្យប៉ូលិសអន្តរជាតិ Interpol ចេញនិវេទន៍ក្រហមចាប់ខ្លួនលោក ហ៊ុន តូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។