ពិធីបុណ្យចូលឆ្នាំខ្មែរឈានចូលថ្ងៃទី៣ គឺថ្ងៃទី១៥ ខែមេសា នៅខេត្តសៀមរាបមានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុន ពុំសូវមានមនុស្សធ្វើដំណើរច្រើនរហូតដល់កកស្ទះចរាចរណ៍តាមដងផ្លូវនោះទេ។
រីឯពលរដ្ឋខ្លះមិនសូវចាប់អារម្មណ៍សប្បាយរីករាយនឹងពិធីបុណ្យជាតិមួយនេះទេ ដោយពួកគាត់មានកង្វល់វិបត្តិសេដ្ឋកិច្ចគ្រួសារ និងជំពាក់លុយធនាគារ។
នៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ បើទោះបីជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត សម្រុកមកទស្សនាកម្សាន្តនៅតំបន់អង្គរខេត្តសៀមរាបក្តី ក៏នៅតែមានចំនួនតិចជាងឆ្នាំមុនៗ ដែរ ខណៈអ្នកស្រុកសៀមរាបវិញ ហាក់មិនសូវសប្បាយចេញពីចិត្តប៉ុន្មានឡើយ ដោយសារបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។
ពលរដ្ឋរស់នៅក្រុងសៀមរាប លោក ម៉ាលី សានី សង្កេតឃើញថា ព្រឹត្តិការណ៍ចូលឆ្នាំ នៅឆ្នាំនេះ ភ្ញៀវទេសចរភាគច្រើនមកពីខេត្តឆ្ងាយៗ និងរាជធានីភ្នំពេញ ដោយពួកគេដើរទស្សនាកម្សាន្ត នៅតាមតំបន់ប្រាសាទបុរាណនានា និងដើរកម្សាន្តពេលរាត្រីក្នុងក្រុងសៀមរាប។
រីឯពលរដ្ឋខ្លះទៀត ជួបជុំគ្នាទទួលទាន អាហារតាមផ្ទះលក្ខណៈគ្រួសារ និងខ្លះ ទៀតទៅវត្តអារាម ដើម្បីរៀបចំពិធីបុណ្យបង្សុកូលនិងយកចង្ហាន់ទៅវត្ត។
លោកថា ការលេងល្បែងប្រជាប្រិយវិញ ពលរដ្ឋភាគច្រើនពុំសូវចាប់អារម្មណ៍នោះទេ ដោយពួកគាត់លេងបាញ់ទឹក ប៉ាតម្សៅ និង រាំធុងបាស៖
លោក ម៉ាលី សានី៖ «សៀមរាបនៅតែមានចំនួនអ្នកមកលេងច្រើនជាងខេត្តផ្សេងៗ ។ ការធ្វើដំណើរតាមដងផ្លូវមិនសូវកកស្ទះដូចឆ្នាំមុនៗ អាជ្ញាធរសម្រួលចរាចរ»។
អាជ្ញាធរខេត្តសៀមរាបបានរៀបចំ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរយៈពេល៤ថ្ងៃ ដោយមានចាក់ធុងបាសរាំកម្សាន្ត លេងកាំភ្លើងជ័របាញ់ទឹក លាបម្សៅ និង លេងល្បែងប្រជាប្រិយ នៅសួនច្បារខាងមុខរូបសំណាក់ព្រះអង្គចេកព្រះអង្គចម។
អាជ្ញាធរបានរៀបចំពិធីតុបតែងភ្លើងពណ៌ និងប្រគំតន្ត្រីសម័យ និងជិះទូកកម្សាន្ត នៅតាមដងស្ទឹងសៀមរាប។
យុវតីរស់នៅស្រុកស្រីស្នំខេត្តសៀមរាបកញ្ញា ឡូត សៅដា ប្រាប់វិទ្យុអាស៊ីសេរីថា ពិធីបុណ្យជាតិឆ្នាំនេះ ថ្វីដ្បិតតែអាជ្ញាធររៀបចំពិធីព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តដោយមានសន្តិសុខសណ្ដាប់ធ្នាប់ល្អយ៉ាងណាក្ដី ក៏ពលរដ្ឋមួយចំនួនពុំសូវមានសេដ្ឋកិច្ចធូរធារចាយវាយនោះទេ ដោយពួកគាត់ភាគច្រើនជំពាក់បំណុលធនាគារ។
កញ្ញាបន្ថែមថា ពលរដ្ឋខ្លះត្អូញត្អែរពីជីវភាពខ្វះខាត និងខ្លះទៀតស្ទើរតែគ្មានសោហុយ ធ្វើដំណើរមកលេងស្រុកកំណើត៖
កញ្ញា ឡូត សៅដា៖ «អ្នកខ្លះរអ៊ូជំពាក់បំណុលធនាគារ និងខ្លះទៀតខ្វះសោហ៊ុយមកផ្ទះ និងខ្វះថវិកាផ្សេងៗ ធ្វើពិធីបុណ្យទាន រដូវកាលចូលឆ្នាំ។
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានចូលរួមបើកព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ដោយបង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ជាព្រឹត្តិការណ៍បន្តវេនពីមហាព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក តាមរយៈការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ ដើម្បីពង្រីកកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។
យុវជនម្នាក់ទៀតរស់នៅក្រុងសៀមរាប លោក ប៊ុន សាវង្ស សង្កេតឃើញថា ភ្ញៀវទេសចរភាគច្រើនពុំសូវចាយវាយក្នុងពិធីបុណ្យចូលឆ្នាំនោះទេ ហើយការលក់ដូរតាមដងផ្លូវក៏ពុំសូវលក់ដាច់ដែរ។ រីឯតាមវត្តអារាមនានាភាគច្រើនក៏ពុំសូវមានមនុស្សទៅលេងល្បែងប្រជាប្រិយកម្សាន្តដែរ ដោយពលរដ្ឋច្រើនតែចួបជុំគ្នាជប់លៀងតាមផ្ទះ និងរាំងធុងបាស៖
លោក ប៊ុន សាវង្ស៖ «អ្វីដែលចាប់អារម្មណ៍ជាងគេ នៅសៀមរាប មានតែបាញ់ទឹក និងលាបម្សៅ ។ ពលរដ្ឋខ្លះមិនសូវចាប់អារម្មណ៍ចូលឆ្នាំទេ ដោយកន្លែងក្រុមហ៊ុនគាត់ផ្តល់ប្រាក់កម្រៃឱ្យគាត់ គុណនឹង ២»។
អាជ្ញាធរខេត្តសៀមរាប បានកំណត់ទីតាំង ៣ កន្លែង ដើម្បីរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនៅតំបន់សួនច្បារព្រះរាជដំណាក់ ដោយមានពិធីបួងសួង ទទួលទេវតាឆ្នាំថ្មី ពិធីដង្ហែព្រះពុទ្ធបដិមា ស្រង់ព្រះ ពិធីសម្ដែងសិល្បៈបុរាណ លែងល្បែងប្រជាប្រិយ តាំងពិព័រណ៍ បង្ហោះខ្លែងឯកខ្មែរ និងបង្រៀនធ្វើខ្លែងជាដើម។
រីឯ ២ទីតាំងទៀត ស្ថិតនៅតាមដងស្ទឹងសៀមរាបមានពិធីជិះទូកកម្សាន្ត ដង្ហែក្បួន ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគំតន្ត្រីស្គរដៃ កម្មវិធីពូនភ្នំខ្សាច់ និងកម្មវិធីបង្ហាញយន្តហោះដ្រូន (Drone) ៥០០គ្រឿងនាពេលរាត្រី។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ ពលរដ្ឋបានតុបតែងលំអផ្ទះសម្បែង ដើម្បីអបអរសាទរទេវតាឆ្នាំថ្មីរយៈពេល ៤ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។