ប្រជាពលរដ្ឋមិនចង់ឲ្យអាជ្ញាធរខេត្តកណ្ដាល ថ្លែងសារនយោបាយនោះទេចំពោះករណីចំណាយលុយកឋិនសម្រាប់កសាងវត្តប៉ាក់ណាម ព្រោះលុយកឋិននោះបានមកពីកឋិនសាមគ្គីរបស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ ខណៈដែលអភិបាលខេត្តកណ្ដាល អញ្ជើញទៅបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តប៉ាក់ណាម នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។
ពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តប៉ាក់ណាម ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមអធិបតីភាពអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ដែលផ្ទុយពីបំណងប្រាថ្នារបស់ពលរដ្ឋដែលធ្វើបុណ្យកឋិនប្រមូលបច្ច័យកសាងវត្តប៉ាក់ណាម នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។
ប្រជាពលរដ្ឋបានបញ្ចេញមតិលើលិខិតមួយច្បាប់ថា ពួកគាត់ចង់ឃើញព្រះរាជវត្តមានរបស់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ដើម្បីមានព្រះរាជបន្ទូលអំពីការណែនាំឲ្យព្រះសង្ឃអនុវត្តនូវវិន័យ ក៏ដូចជាសិទ្ធិរបស់ព្រះសង្ឃ រួមទាំងការអភិវឌ្ឍ ដូចជាការរៀបចំបរិវេណវត្ត និងសំណង់ផ្សេងៗដោយជៀសផុតពីការថ្លែងបម្រើប្រយោជន៍គណបក្សនយោបាយ។
យ៉ាងណាក៏ដោយ ក្នុងលិខិតនោះឲ្យដឹងថា ប្រសិនបើថ្នាក់ដឹកនាំខេត្តចូលរួមនោះ គឺសុំតែថ្លែងពីគោលនយោបាយរបស់រដ្ឋាភិបាល ដូចជាភូមិ-ឃុំមានសុវត្ថិភាព ហាមមិនឲ្យមានការជួលដីឲ្យជនជាតិវៀតណាម លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរវិលមករស់នៅតាមព្រំដែន ជាពិសេសភូមិប៉ាក់ណាម ការកសាងផ្លូវ និងមានវិធានការចំពោះជនអន្តោប្រវេសន៍រស់នៅខុសច្បាប់ ព្រមទាំងណែនាំឲ្យពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោត ជាដើម។
អាស៊ីសេរី បានព្យាយាមសុំការឆ្លើយតបពីអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ជាច្រើនលើក តែលោកមិនលើកទូរស័ព្ទ ចំណែកអភិបាលស្រុកកោះធំ លោក អេង មោក្ខ វិញប្រាប់ថា ជាប់រវល់ប្រជុំរហូត និងបិទទូរស័ព្ទ។
រីឯព្រះចៅអធិការវត្តប៉ាក់ណាម ព្រះភិក្ខុ ចាប ឡាយស៊ែ មានថេរដីកាថា ពិធីបញ្ចុះបឋមសិលានោះ គឺមានអភិបាលខេត្ត និងមន្ត្រីរាជការមកពីគ្រប់មន្ទីរស្ថាប័ននៅក្នុងខេត្តកណ្ដាល ព្រមទាំងមានពលរដ្ឋប្រមាណ ១ពាន់នាក់ចូលរួមដែរ។ ព្រះអង្គបន្តថា ចំពោះសុន្ទរកថាយ៉ាងណានោះ ព្រះអង្គពុំបានស្តាប់នោះទេ ព្រោះព្រះអង្គបាននិមន្តមកវត្តឆាន់ចង្ហាន់វិញ ខណៈដែលពិធីនោះត្រូវបានគេរៀបចំឡើងនៅលើដងផ្លូវជាតិជិតស្ពានមួយ ដែលមានផ្លូវតូចបត់ចូលទៅវត្តប៉ាក់ណាម មានចម្ងាយប្រហែលជាពីរគីឡូម៉ែត្រ។ យ៉ាងនេះក្តី ព្រះអង្គមានថេរដីកាថា ពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តដែលចំណាយលុយកឋិននោះ គឺមិនប្រើឈ្មោះគណបក្ស ឬបុគ្គលណានោះទេ គឺជារបស់វត្ត និងពលរដ្ឋខ្មែរ ហើយវត្តមានអភិបាលខេត្តចូលរួមនោះ គឺជាការអញ្ជើញរបស់ចៅហ្វាយស្រុក ក្នុងនាមជាអាជ្ញាធរដែនដី៖ « ចៅហ្វាយខេត្តមកគ្រាន់តែជាធិបតីទេ ប៉ុន្តែការចំណាយ គឺនៅលើអាត្មា » ។
ព្រះចៅអធិការវត្តប៉ាក់ណាម បន្តថា អភិបាលខេត្តកណ្ដាល មិនចុះទៅពិនិត្យមើលវត្តប៉ាក់ណាម ដោយផ្ទាល់នោះទេ គឺលោកនៅតែកន្លែងពិធីបញ្ចុះបឋមសិលាដែលនៅឆ្ងាយពីវត្ត។ ទោះយ៉ាងណា អភិបាលខេត្តក៏បានបញ្ជាឲ្យសាងសង់ពង្រីកផ្លូវចូលវត្ត និងសមិទ្ធផលមួយចំនួនទៀតជាប្រយោជន៍ការពារព្រំដែនខ្មែរដែរ៖ « ធ្វើផ្លូវចូលទៅវត្តចំនួនពីរគីឡូដី ដោយចាក់ដីពង្រីកផ្លូវទំហំ ៦ម៉ែត្រ ធ្វើជាផ្លូវបេតុង » ។
បច្ច័យដែលប្រមូលបានពីបុណ្យកឋិនកាលពីថ្ងៃទី១៣ វិច្ឆិកា មានចំនួនជាង ៤ម៉ឺនដុល្លារ ហើយព្រះសង្ឃ និងគណៈកម្មការវត្តប៉ាក់ណាម មានគម្រោងកសាងប្រាសាទតម្កល់រូបព្រះបាទជ័យវរ្ម័នទី៧ កសាងរូបសំណាកព្រះអង្គចេកព្រះអង្គចម កសាងរូបសំណាកពុទ្ធប្រវត្តិមានព្រះអង្គចេញបួស និងព្រះអង្គទតសួន និងទីធ្លាវត្តកំពុងចាក់សាបជាដើម។ ព្រះអង្គក៏ស្នើសុំឲ្យអាជ្ញាធរដែនដី ជួយបង្ហាញផែនទីឲ្យបានច្បាស់លាស់ ព្រោះថាបច្ចុប្បន្ន ដីវត្តហាក់កាន់តែរួមតូចដោយសារផ្ទះជនជាតិវៀតណាម ចាក់គ្រឹះហ៊ុមព័ទ្ធជុំវិញនោះ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី លើកឡើងថា ករណីអភិបាលខេត្តកណ្ដាល អញ្ជើញបញ្ចុះបឋមសិលានោះ មិនខុសទាស់អ្វីនោះទេ ឲ្យតែមានសុទ្ធចិត្តពិត និងចង់អភិវឌ្ឍតំបន់ព្រំដែន ជាពិសេសវត្តប៉ាក់ណាម សម្រាប់ការពារព្រំដែននោះ៖ « សូមឲ្យអភិបាលខេត្តចាប់អារម្មណ៍លើវត្តមានជនជាតិវៀតណាម នៅលើតំបន់នោះ ព្រោះពួកគេមិនចេះខ្មែរ និងវប្បធម៌ខ្មែរ។ ដូច្នេះបារម្ភខ្លាចទៅមុខបាត់បង់ទៅវៀតណាម ហើយធ្វើយ៉ាងណាឲ្យខ្មែរទៅរស់នៅទីនោះឲ្យបានច្រើន ហើយអភិវឌ្ឍតំបន់នោះ និងរឹតបន្តឹងចំពោះជនអន្តោប្រវេសន៍វៀតណាម »។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ដែលជាអ្នកផ្ដួចផ្ដើមឲ្យមានពិធីបុណ្យកឋិនទៅវត្តប៉ាក់ណាម មួយរូបដែរនោះ ធ្លាប់បានប្រាប់អាស៊ីសេរី កាលពីពេលដង្ហែកឋិននៅថ្ងៃទី១៣ ខែវិច្ឆិកា ថា បច្ច័យដែលបានមកពីកឋិននោះ គឺជាកឋិនសាមគ្គីខ្មែរ មិនប្រកាន់និន្នាការនយោបាយបក្ខពួកនោះឡើយ ក្នុងបំណងអភិវឌ្ឍវត្តប៉ាក់ណាម ឲ្យក្លាយជានិមិត្តរូបការពារព្រំដែនដ៏រឹងមាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។