ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ខ្លាច​ក្រុមហ៊ុន Green Wood Development បន្ត​បំផ្លាញ​ដំណាំ​របស់​ពួកគាត់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) បន្ត​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​កសិកម្ម​របស់​ពួក​គាត់​ចោល​ទៀត។ អាជ្ញាធរ​ជំរុញ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ ប្រសិនបើ​ក្រុមហ៊ុន​ឈូស​ឆាយ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត។

ពលរដ្ឋ​រស់​នៅ​ឃុំ​តាឡាត់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា តំណាង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហ្គ្រីន វូត បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ថា​នឹង​ឈប់​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ជុំ​វិញ​តំបន់​នោះ​ទៀត​ហើយ។ ប៉ុន្តែ​ពលរដ្ឋ​ថា ពួកគាត់​នៅ​តែ​ព្រួយបារម្ភ ពីព្រោះ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុមហ៊ុន​បាន​សន្យា​បែប​នេះ បន្ទាប់​មក​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ថា បើ​ទោះ​បី​ជា​តំណាង​ក្រុមហ៊ុន ធ្វើ​កិច្ច​សន្យា​ឈប់​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពលរដ្ឋ​បែប​នេះ​ក្ដី ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​នៅ​តែ​ព្រួយបារម្ភ និង​មិន​មាន​ជំនឿ​ទៅលើ​កិច្ច​សន្យា​មួយ​នេះ​នោះ​ទេ ពីព្រោះ​កន្លង​ទៅ​ក្រុមហ៊ុន​ក៏​ធ្លាប់​សន្យា​បែប​នេះ​ដែរ ប៉ុន្តែ​ក្រោយ​មក​ក្រុមហ៊ុន​បន្ត​ឈូស​ឆាយ​ផល​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​មិន​មាន​វិធានការ​ទៅ​លើ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ឡើយ។ លោក​ថា ប្រសិនបើ​ក្រុមហ៊ុន​បន្ត​ឈូស​ឆាយ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ម្ដង​ទៀត ពួកគាត់​នឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ និង​នាយក​រដ្ឋ​មន្ត្រី ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​និង​យុត្តិធម៌​ដល់​ពួក​គាត់​ម្ដង ពីព្រោះ​ពួកគាត់​មិន​មាន​ដី​ស្រែ​ចម្ការ​សម្រាប់​អាស្រ័យ​ផល​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «គេ​ឲ្យ​អាស្រ័យ​ផល​ធម្មតា ប៉ុន្តែ​ថ្ងៃ​ក្រោយ​មិន​ដឹង​ថា​គេ​គេច​កែ​មិន​ដឹង​យ៉ាង​ម៉េច​ទេ មួយ​ខែ​មុន​ចៅហ្វាយ​ស្រុក​គេ​ចុះ​មក​ប្រជុំ ចៅហ្វាយ​ស្រុក​មក​ផ្ទាល់ មេ​ភូមិ​មេ​ឃុំ គេ​ចុះ​មក ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ធម្មតា ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ទេ​ម្ដង​ចេះ​ម្ដង​ចុះ​និយាយ​អ៊ីចឹង​រហូត»។

ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ពលរដ្ឋ​មួយ​ចំនួន​បង្ខំ​ចិត្ត​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន ក្នុង​១ហិកតារ ជាង ១​លាន (១.៥០០.០០០)រៀល ខណៈ​ផល​ដំណាំ​របស់​ពួក​គាត់​កន្លង​ទៅ​អាច​លក់​បាន​ប្រាក់ ចាប់​ពី ២​លាន​រៀល ទៅ ៣​លាន​រៀល​ក្នុង​១​ហិកតារ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គង់ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​បញ្ហា​នេះ​នោះ​ទេ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ហើយ​បើ​ថា ក្រុម​ហ៊ុន​បំផ្លាញ​ផល​ដំណាំ​របស់​ពួកគាត់ ពលរដ្ឋ​ត្រូវ​រាយការណ៍​ប្រាប់​អាជ្ញាធរ​ខេត្ត​ជា​បន្ទាន់។

លោក ម៉ែន គង់៖ «ក្នុង​ករណី​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា​ជា​ដី​របស់​ខ្លួន​កម្មសិទ្ធិ​ស្រប​ច្បាប់ ហើយ​ក្រុមហ៊ុន​ចូល​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​លំ​នៅ​ឋាន​ក្ដី ដី​អាស្រ័យ​ផល​ក្ដី សូម​ឲ្យ​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក ហើយ​បើ​ហួស​ដែន​សមត្ថកិច្ច​សុំ​ឲ្យ​រាយការណ៍​មក​ថ្នាក់​ខេត្ត។ ទី​២​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផង​ដែរ​ថា ប្រសិនបើ​ដី​នោះ​មិន​មែន​ជា​ដី​នៅ​ក្នុង​ផែន​ទី​គម្រោង​ក្នុង​វិនិយោគ​របស់​ខ្លួន​ទេ សុំ​ឲ្យ​ប៉ះពាល់​ដល់​ដី​លំ​នៅ​ឋាន និង​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ហ្គ្រីនវូដ ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​គួរ​តាម​ដាន​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន ប្រសិន​បើ​ក្រុមហ៊ុន​រំលោភ​លើ​កិច្ច​សន្យា អាជ្ញាធរ​គួរ​មាន​វិធានការ​ទៅ​លើ​ក្រុមហ៊ុន​មួយ​នេះ។ លោក​បន្ថែម​ថា អាជ្ញាធរ​គួរ​ស្វែង​រក​ដំណោះស្រាយ​បន្ថែម​ទៀត ដើម្បី​បញ្ចប់​បញ្ហា​មួយ​នេះ។

លោក យិន ម៉េងលី៖ «បន្ទាន់​ទៀត​គឺ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​អំពី​ផល​ប៉ះពាល់​ទៅ​តាម​ផ្លូវ​ច្បាប់ អាជ្ញាធរ​ត្រូវ​តែ​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល​ថែម​ទៀត ពាក់ព័ន្ធ​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ជាមួយ​ក្រុមហ៊ុន​នេះ ដើម្បី​កុំ​ទុក​បញ្ហា​នេះ​អូស​បន្លាយ​យូរ​ពេក ប្រសិនបើ​មិន​បាន​ដោះស្រាយ​ឲ្យ​បាន​លឿន​អាជ្ញាធរ​ក៏​ចូល​រួម​ដែរ»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចុះ​ហត្ថលេខា ឲ្យ​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង​លើ​ផ្ទៃដី ជិត​១​ពាន់​(៨៨១)​ហិកតារ នៅ​ក្នុង​ភូមិ​សាស្ត្រ​តំបន់​តាឡាត់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ ប៉ុន្តែ​អាជីវកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ នៅ​ជុំ​វិញ​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។