តំណាងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីឲ្យរដ្ឋាភិបាល គិតគូរអំពីបញ្ហាបន្ទាន់របស់ពួកគាត់។ ប៉ុន្តែនៅតែគ្មានដំណោះស្រាយជាក់លាក់ និងចំគោលដៅ។ ពួកគាត់ថា គម្រោងថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអំពីការធានាផ្តល់ប្រាក់កម្ចី ដោយកាត់បន្ថយទ្រព្យបញ្ចាំ ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារ ដែលក្រសួងនេះ អះអាងថា បង្កើតឡើងដើម្បីស្ដារអាជីវកម្មនោះ គឺជារឿងអេះមិនចំរមាស់ទៀតហើយ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ ថាបញ្ហាបន្ទាន់នៅពេលនេះ គឺរឿងក្រពះ បើមិនដោះស្រាយរឿងនេះមុនទេ គឺពលរដ្ឋនឹងដាច់ពោះស្លាប់ជាក់ជាមិនខាន ព្រោះកំពុងតែទាល់ខ្លាំង៖ «សំខាន់បន្ទាន់ទីមួយ គឺការហូបចុកប្រចាំថ្ងៃ។ ឥឡូវមនុស្សកំពុងតែដាច់ស្បៀង។ អ៊ីចឹងរដ្ឋត្រូវផ្ដល់ស្បៀងអាហារប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋឲ្យមានការហូបចុកគ្រប់គ្រាន់ទីមួយ។ ទីពីរ គឺអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដើម្បីពន្យារពេលនៃការបង់ការប្រាក់ និងថ្លៃដើម។ ខ្ញុំគិតថា នោះគឺអាចជាការសម្រួលបន្ទាន់មួយ សម្រាប់ប្រជាពលរដ្ឋ អ្នកណាក៏ដូចអ្នកណាដែរ រាល់ថ្ងៃនេះត្អូញត្អែរឿងជំពាក់លុយធនាគារសឹងតែគ្រប់គ្នា»។
ជាងនេះទៅទៀតលោក ថារដ្ឋគួរយកចិត្តទុកដាក់បញ្ចុះថ្លៃទឹកភ្លើង ដើម្បីឲ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់បាន និងគួរពិនិត្យមើលថ្លៃប្រេងឥន្ធនៈ និងថ្លៃជួលផ្ទះផង ព្រោះវាជាបន្ទុកធ្ងន់មួយក្នុងពេលពលរដ្ឋបាត់ប្រាក់ចំណូលដោយសារតែស្ថានភាពជំងឺកូវីដ-១៩នេះ។
ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម [Business Recovery Guarantee Scheme, BRGS]» របស់សាជីវកម្មធានាប្រាក់កម្ចីនៅកម្ពុជា ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារ។ ក្រសួងនេះ អះអាងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៩ ខែ មីនា ថាគម្រោងនេះមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម និងអាជីវកម្មខ្នាតធំ ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការកៀរគរទុនបង្វិលវិនិយោគ និងពង្រីកអាជីវកម្ម។ ក្រសួងដដែលបញ្ជាក់ថា គម្រោងនេះមានគោលដៅគាំទ្រអាជីវកម្មឲ្យបន្តដំណើរការទៅមុខ និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA) លោក អ៊ិន ចាន់នី ប្រាប់សារព័ត៌មានក្នុងស្រុកថា ដើម្បីប្រើប្រាស់សេវាធានាឥណទានបានប្រជាពលរដ្ឋត្រូវដាក់ពាក្យស្នើសុំកម្ចី នៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ។ ក្នុងករណីដែលទ្រព្យធានាមិនគ្រប់ អតិថិជនអាចប្រើប្រាស់សេវាធានាឥណទាននេះបាន។

អ្នកជំនាញយល់ថា គម្រោងនេះអាចជួយដោះស្រាយបញ្ហាបានមួយផ្នែកដែរ។ អ្នកជំនាញកសិកម្ម និងជាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោកបណ្ឌិត យ៉ង សាំងកុមារ ថាអ្វីដែលគម្រោងនេះអាចជួយបាន គឺជួយធានាឲ្យម្ចាស់អាជីវកម្មអាចខ្ចីលុយបាន ដើម្បីជាទុនសម្រាប់បន្តរបររបស់ខ្លួន ដូចជាក្រុមជំនួញខ្នាតតូចនិងមធ្យមកំពុងជួបវិបត្តិ ដោយចំណូលមិនគ្រប់គ្រាន់ គ្មានលុយបង្វិល ដើម្បីជួយទប់ប្រតិបត្តិការ និងការចំណាយ។ ប៉ុន្តែលោកថា បើគ្រាន់តែផ្តល់ការធានាឲ្យខ្ចីប្រាក់ មិនគ្រប់គ្រាន់ទេ។ រដ្ឋគួរគិតគូអំពីការបញ្ចុះអត្រាការប្រាក់ផងដែរ។
ស្របពេលជាមួយគ្នានេះលោកបណ្ឌិត យ៉ង សាំងកុមារ ថាសេដ្ឋកិច្ចអាចងើបឡើងវិញបានលឿន បើរដ្ឋជួយផ្តល់ទុនដល់ម្ចាស់អាជីវកម្ម ជាពិសេសអាជីវកម្មក្នុងវិស័យទេសចរណ៍ ដូចជាម្ចាស់សណ្ឋាគារ ឬភោជនីយដ្ឋានជាដើម៖ «នៅពេលដែលថា នៅពីរបីខែទៀត ក្រែងស្ថានភាពល្អប្រសើរច្រើន មានវ៉ាក់សាំង អាចមានភ្ញៀវទេសចរណ៍មកបណ្ដើរៗ ពួកគាត់ត្រូវមានដើមទុន ដើម្បីចាប់ផ្តើមងើបឡើងវិញឲ្យបានលឿនទាន់ពេលហ្នឹង។ មួយផ្នែកទៀត គឺលើវិស័យមួយចំនួន ដែលមានសក្ដានុពល គាត់អត់ជួបវិបត្តិ បាត់បង់ចំណូល គាត់អាចពង្រីកការផលិត ការកែច្នៃក្នុងវិស័យកសិកម្ម និងសិប្បកម្មជាដើម ដើម្បីផលិតឲ្យបានច្រើន ជំនួសការនាំចូល បង្កើតការងារថែម»។

ក្នុងស្ថានភាពជួបវិបត្តិដោយសារជំងឺកូវីដ-១៩ នេះ រដ្ឋាភិបាលជាច្រើនលើពិភពលោក ជាពិសេសប្រទេសលោកសេរី ផ្តោតការយកចិត្តទុកលើការដោះស្រាយបញ្ហាជីវភាពបន្ទាន់របស់ប្រជាពលរដ្ឋ ដូចជាចេញច្បាប់ថវិកា ដើម្បីចែកសាច់ប្រាក់ជូនពលរដ្ឋគ្រប់គ្នាដើម្បីដោះទាល់ និងច្បាប់ថវិកា ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសក្រីក្រ គ្មានលទ្ធភាពធ្វើដូច្នេះបាននោះទេ ព្រោះខ្វះថវិកា។ ដូច្នេះមានតែការសន្យានិងរងការរិះគន់ថា ចេះតែប្រកាសគម្រោងនេះ ឬគម្រោងនោះ ដើម្បីស្អំចិត្តពលរដ្ឋប៉ុណ្ណោះ ឯជំនួយជាក់ស្ដែងមិនសូវឃើញមាននោះទេ។
ដូចគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសន្យាថា នឹងបញ្ចេញកញ្ចប់ថវិកា ២ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ បើវិបត្តិជំងឺកូវីដ-១៩ បន្តអូសបន្លាយដល់មួយឆ្នាំ។ ការសន្យានេះ លោកធ្វើឡើងកាលពីខែមករា ឆ្នាំ២០២០។ ជាងមួយឆ្នាំក្រោយមក មន្រ្តីក្រសួងសេដ្ឋកិច្ចប្រកាសថា លុយនោះចាយជិតអស់ទៅហើយ។ ប៉ុន្តែប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាពិសេសកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែត្អូញត្អែថា ពួកគាត់ច្រើនលើសលុប មិនដែលបានទទួលជំនួយអ្វីពីរដ្ឋនោះទេ។ ជាងនេះទៅទៀត ពួកគាត់ខំដើរដាក់ញត្តិគ្រប់ច្រកល្ហក និងចុងក្រោយដង្ហោយឲ្យអង្គព្រះមហាក្សត្រជួយផង ក៏នៅតែគ្មានស្ថាប័នណាឈឺឆ្អាលរឿងនេះ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារកម្ពុជាអ្នកស្រី អ៊ូ ទេពផល្លីន ថាអ្នកដែលលំបាកជាងគេបំផុតនៅពេលនេះ គឺវណ្ណៈកម្មករ ជាពិសេសកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកស្រីថា គម្រោងរបស់រដ្ឋាភិបាលដែលគិតគូអំពីការធានាប្រាក់កម្ចីនេះ ជារឿងល្អ ប៉ុន្តែមិនត្រូវពេលវេលានោះទេ ព្រោះពេលនេះគ្មានម្ចាស់អាជីវកម្មណា អាចងើបឡើងវិញបាននោះទេ ទោះរដ្ឋឲ្យលុយខ្ចីបន្តដំណើរការក៏ដោយ ព្រោះប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន មនុស្សម្នាលែងហ៊ានចេញពីផ្ទះ និងជាងនេះទៅទៀត ពេលនេះពលរដ្ឋស្ទើរតែទូទាំងប្រទេសបាត់ចំណូលស្ទើរតែទាំងស្រុងអស់ទៅហើយ តើពួកគាត់បានប្រាក់ឯណាដើម្បីជួយជាវ ឬគាំទ្រសេវា ឬផលិតផលរបស់អាជីវកម្មទាំងនោះ៖ «បើប្រជាពលរដ្ឋចំណូលផ្គត់ផ្គង់តែតម្រូវការចាំបាច់ហ្នឹង យើងរៀងបារម្ភផង តើនរណាទៅហ៊ានចំណាយពាសវាលពាសកាល ខ្លាចទុនដែលយើងសល់ ឬលុយដែលយើងបម្រុងនោះ វាអត់គ្រប់គ្រាន់ ព្រោះស្ថានភាពរាល់ថ្ងៃ វានៅក្នុងភាពផុយស្រួយនៅឡើយ»។

អ្នកស្រីថា ស្ថានភាពផុយស្រួយនេះ អាចអូសបន្លាយពេលយូរទៀត ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែធ្ងន់ទៅជាលំដាប់ ហើយបញ្ហាលំបាក និងបន្ទាន់របស់ប្រជាពលរដ្ឋ ក៏កាន់តែកើនឡើង។
ដូច្នេះអ្នកស្រីថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពជាបន្ទាន់ដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការផ្ទេរសាច់ប្រាក់សុទ្ធ ពីរដ្ឋទៅដល់កម្មករទាំងនោះ និងជាពិសេសដល់ស្រ្តីមេម៉ាយ ស្រ្តីសេវាកំសាន្តដែលបាត់បង់ការងារ ដើម្បីឲ្យពួកគាត់អាចបន្តរស់បាន ក្នុងស្ថានភាពដ៏លំបាកលំបិននេះ។
ទោះជារដ្ឋាភិបាលលោក ហ៊ុន សែន បានសន្យាត្រៀមថវិកាជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩នេះក៏ដោយ ក៏អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គមលោក គឹម សុខ យល់ថា នោះគ្រាន់តែជានយោបាយប្រជាភិថុតិប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលគ្មានប្រាក់បម្រុងពិតប្រាកដនោះទេ។ ជាងនេះទៅទៀត ដោយសារការខ្វះថវិកានេះ រដ្ឋាភិបាលបានកាត់បន្ថយថវិកាជាតិពាក់កណ្តាលតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ភាពខ្វះថវិកានេះ បានស្តែងចេញនៅពេលដែលរដ្ឋត្រូវការលុយ សូម្បីតែលុយដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏រដ្ឋត្រូវប្រកូកប្រកាស កៀរគរសុំការបរិច្ចាគពីមន្រ្តីគ្រាក់ៗ និងឧកញ៉ាមហាសេដ្ឋី ដែលស្និទ្ធនឹងរបបក្រុងភ្នំពេញនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។