អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ មានប្រសាសន៍ថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន លោក ប៉ែន ច័ន្ទសង្គ្រាម សកម្មជនគណបក្សនៅខណ្ឌដូនពេញ ក្រុងភ្នំពេញ ដោយគ្មានដីកា។
លោក ហូ វ៉ាន់ សង្ស័យថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងរូបនេះអាចជាប់ទាក់ទងការរិះគន់របស់លោកកន្លងមកចំពោះការដឹកនាំរបស់របបក្រុងភ្នំពេញ និង ការចូលរួមតវ៉ាដើម្បីឱ្យ តុលាការដោះលែងសកម្មជនគណបក្ស និងសកម្មជនព្រំដែន ចេញពីពន្ធនាគារ៖«ពីព្រោះមុខសញ្ញាគាត់ហ្នឹងពីមុនគេអត់ចាប់ទេ។ គេឱ្យគាត់ចូលខ្លួនទៅបំភ្លឺ ហើយយើងទាំងអស់គ្នាយល់ហើយថា ទៅបំភ្លឺគេចាប់ហើយ ដោយសារគាត់ហ៊ាននិយាយជាសាធារណៈ ដល់អញ្ចឹងរឿងហ្នឹងក៏គេចខ្លួនទៅបន្ទាយមានជ័យខ្ញុំស្មានតែគាត់ទៅថៃ។ដល់សួរជនភៀសខ្លួននៅថៃ ថា អត់ឃើញគាត់ទៅទេ។»
អាស៊ីសេរីបានព្យាយាមទាក់ទងអគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដើម្បីសុំបំភ្លឺអំពីរឿងនេះ តែពុំមានអ្នកលើកទូរស័ព្ទ។
លោក ប៉ែន ច័ន្ទសង្គ្រាម សកម្មជនគណបក្សនៅខណ្ឌដូនពេញ ក្រុងភ្នំពេញ កាលពីពេលថ្មីៗ នេះបានរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុកអំពីអយុត្តិធម៌ក្នុងសង្គម វត្តមានជនជាតិវៀតណាមនៅលើទឹកដីកម្ពុជា និង ទាមទារឱ្យដោះលែងសកម្មជនដែលកំពុងជាប់ឃុំ។
គិតចាប់តាំងពីដើមឆ្នាំ២០២០មក អាជ្ញាធរ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំង សកម្មជនសង្គម អ្នកសារព័ត៌មាន អ្នកឃ្លាំមើលព្រំដែន អ្នកចម្រៀងរិះគន់សង្គមជិតហាសិប (៥០)នាក់ដាក់ពន្ធនាគារ។ តុលាការបានចោទថា ពួកគេជេរប្រមាថរដ្ឋាភិបាល រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។