តុលាការ សម្រេច​ឃុំខ្លួន​ជនជាតិ​កូរ៉េ​ពីរ​នាក់​ប្ដី​ប្រពន្ធ រឿង​គ្រឿង​ញៀន ជាង ២គីឡូក្រាម

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនជាតិ​កូរ៉េ​ពីរ​នាក់​ប្ដី​ប្រពន្ធ ពី​បទ​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន ជាង ២គីឡូក្រាម នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។
ថ្នាំញៀន​ទាំង​នោះ​ជា​ប្រភេទ​កេតាមីន (KETAMINE) និង​មេតំហ្វេតាមីន (METHANPHETAMINE)។

អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៨ ខែមីនា ឲ្យ​ដឹង​ថា ២នាក់​ប្តី​ប្រពន្ធ​នោះ មាន​ឈ្មោះ គិន យ៉ាងអឿន (KIN JANGEUN) និង​ឈ្មោះ លី ហៃយឺរ៉ាន (LEE HYERAN)។ ចំណែក​ជន​សង្ស័យ​ចំនួន ៣នាក់​ផ្សេង​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ ផ្តើម​គំនិត និង​ដឹក​ជញ្ជូន​ដោយ​ខុស​ច្បាប់​គ្រឿងញៀន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ថ្ងៃ​ទី២០ ខែមករា ដល់​ថ្ងៃ​ទី៤ ខែមីនា។

បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​សង្ស័យ ២នាក់​ប្ដី​ប្រពន្ធ និង​បាន​ពិនិត្យ​ភស្តុតាង​មក ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៦៣ថ្ងៃ ដើម​ឆ្នាំ២០២៤ សមត្ថកិច្ច​បង្ក្រាប​បាន​ការ​ជួញដូរ​គ្រឿងញៀន​ជិត ៧រយ ករណី (៦៥៩) និង​ឃាត់​ខ្លួន​មនុស្ស​ជិត ៤ពាន់ (៣.៨៩៩)នាក់។ ក្នុង​ចំណោម​ជន​បរទេស ដែល​បាន​ឃាត់​ខ្លួន រួមមាន ជនជាតិ​វៀតណាម ថៃ ឡាវ គឺ​ជនជាតិ​ចិន​ចំនួន​ច្រើន​ជាង​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។