តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​សួរ​សកម្មជន​សហជីព​ណាហ្គាវើលដ៍ ២នាក់ មិន​កំណត់​ពេល

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពន្យារ​ពេល​សាក​សួរ​សកម្មជន​សហជីព​នៃ​កម្មករ​ណាហ្គាវើលដ៍​២នាក់​ ទៅ​ពេល​ក្រោយ​ដោយ​មិន​កំណត់ ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់ចូល​ធ្វើ​ការ​វិញ ដែល​ត្រូវ​បាន​តុលាការ​និង​អាជ្ញាធរ​ចោទ​ថា​ជាបាតុកម្ម​ខុសច្បាប់។ អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​រឿង​នេះ ​ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​តំណាង​សហជីព​ ៨​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​បន្ត​ការ​ចរចា​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ អ៊ឹម វណ្ណៈ នៅ​ថ្ងៃ​ទី​២១ មករា សម្រេច​លើក​ពេល​សាក​សួរ​សមាជិក​សហជីព​ណាហ្គាវើលដ៍ (NagaWorld) ២ នាក់​គឺ លោកស្រី ឃ្លាំង​ សុបិន្ត និង​លោកស្រី ហៃ សុភាព ​ដោយ​សារ​ចៅក្រម​រូប​នេះ​ជាប់​រវល់​ភារកិច្ច​ផ្ទាល់​ខ្លួន។ ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​នេះ​ មិន​ត្រូវ​បាន​គេ​នាំ​ខ្លួន​ពី​ពន្ធនាគារ​ព្រៃស ​មក​តុលាការ​នោះ​ទេ។

រីឯ​សមាជិក​សហជីព​២​នាក់​ទៀត គឺ​កញ្ញា ទូច សេរី​មាស និង​លោកស្រី ស៊ុន ស្រីពេជ្រ​ ដែល​តុលាការ​គ្រោង​នឹង​សាក​សួរ​នៅ​ថ្ងៃ​ទី​២៤ មករា ខាង​មុខ ក៏​ត្រូវ​តុលាការ​ពន្យារ​ពេល​សាក​សួរ​ដោយ​មិន​កំណត់​ពេល​ដូច​គ្នា​ដែរ។

មេធាវី​ការពារ​ក្ដី​ លោក សំ ចំរើន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​សាក​សួរ​កូន​ក្ដី​របស់​លោក​​ម្នាក់​ៗ​ដល់​ទៅ២​ដង​នេះ ទំនង​ជា​ចៅ​ក្រម​ចង់​ពិនិត្យ​មើល​រឿង​ក្ដី​នេះ ឲ្យ​បាន​ល្អិត​ល្អន់ ឬ​អាច​ស្វែង​រក​ភស្តុតាង​ដាក់​បន្ទុក​កូន​ក្ដី​លោក។

មេធាវី​រូប​នេះ រំពឹង​ថា​ តុលាការ​នឹង​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ​ហើយ​ពិនិត្យ​មើល​សំណុំ​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ជាប់​ឃុំ​ទាំង​៨​នាក់ ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​៖ «ខ្ញុំ​សំណូមពរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​នីតិវិធី​នេះ ឲ្យ​បាន​ឆាប់​រហ័ស​ នេះ​ជា​រឿង​ក្ដី​មួយ​ដែល​ឃើញ​ជា​ទូទៅ​ហើយ​ថា អ្នក​ទាង​នោះ​គឺ​មិន​អ្វី​ដូច​បទ​ចោទ​ប្រកាន់​ទេ។ ប្រសិន​បើ​វា​មាន​ការ​ភ័ន្តច្រឡំ​តាំង​ពី​ដំបូង​ទី​អី​ យក​ចិត្ត​ទុក​ដាក់​ក្នុង​ចំណាត់​ហ្នឹង​ឲ្យ​បាន​យុត្តិធម៌ និង​ឆាប់​រហ័ស​សម្រាប់​ពួកគាត់ » ។

ទោះ​បី​ជា​តុលាការ​បាន​លើកពេល​សាកសួរ​យ៉ាងណាក្ដី ក៏​នៅ​ខាង​ក្រៅ​តុលាការ​ឯ​ណោះ​វិញ ក្រុម​កម្មករ​ណាហ្គាវើលដ៍​ជាច្រើន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​តំណាង​របស់​ពួក​គាត់។

កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ឯក​សណ្ឋាន​ អម​ដោយ​កង​សន្តិសុខ​ខណ្ឌ ៧ មករា​ជា​ច្រើន​នាក់ បាន​ដេញ​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ជា​ស្ត្រី​ប្រមាណ ១០នាក់ មិន​ឲ្យ​ឈរ​នៅ​ទីធ្លា​ម្ខាង​ផ្លូវ​ទល់​មុខ​តុលាការ​នោះ​ទេ។

កម្មករ​ម្នាក់​ក្នុង​ចំណោម​នោះ គឺកញ្ញា ម៉ែន សុធីវឌ្ឍនៈ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ដេញ​ពួកគាត់​ទៅ​ឆ្ងាយ​ផុត​ពី​មុខ​តុលាការ រហូត​ដល់​អាង​ស្តុក​ទឹក​អូឡាំពិក ហើយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ ថែម​ទៀត។

កញ្ញា​ចាត់​ទុក​​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា​ ជា​រឿង​ហួស​ហេតុ និង​មិន​អាច​ទទួល​យក​បាន​ឡើយ ព្រោះ​ទីតាំង​ដែល​កម្មករ​ឈរ​នោះ គឺ​ជា​កន្លែង​សាធារណៈ៖ «ខ្ញុំ​គិត​ថា​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ពួក​ខ្ញុំ​មែន​ទែន។ ហេតុ​អ្វី​ក៏​ពួក​ខ្ញុំ​គ្រាន់​តែ​ឈរ​នៅ​ហ្នឹង អត់​មាន​ភាព​រញ៉េរញ៉ៃ​អី​សោះ គ្រាន់​តែ​ចាំ​មើល​បង​ប្អូន​យើង​ដែល​គាត់​ជាប់​ឃុំ ឡើង​មក​កាត់​ក្ដី​សោះ ហេតុ​អ្វី​ក៏​ត្រូវ​គាត់​ដេញ​អ៊ីចឹង ហើយ​ក្នុង​នោះ មាន​គេ​អ្នក​ដទៃ​ដែរ ម៉េច​ក៏​គាត់​អត់​ដេញ ហេតុ​អ្វី​ក៏​ដេញ​តែ​បុគ្គលិក​ណាហ្គាវើលដ៍​អ៊ីចឹង ! ។ ហេតុ​អី​ក៏​អាជ្ញាធរ​តាម​ពួក​ខ្ញុំ​ តាម​រឹតត្បិត​សេរីភាព​ពួក​ខ្ញុំ​។ ទៅ​កន្លែង​ណា​ក៏​ដោយ​ តែង​តែ​មាន​អាជ្ញាធរ​មក​រារាំង​ជា​និច្ច។ ពួក​ខ្ញុំ​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​សោះ ហេតុ​អ្វី​ក៏​រឹតត្បិត​សេរីភាព​សូម្បី​តែ​ការ​បញ្ចេញ​មតិ​ ឬ​អ្វី​ផ្សេង​ៗ​ចឹង» ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ​ នៅ​ថ្ងៃ​ទី​២១ មករា ដោយ​សារ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​រឿង​នេះ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​របស់​សហជីព​ឯករាជ្យ នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត​ទៅ​ទៀត។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក្នុង​រឿង​នេះ ទាល់​តែ​មាន​ការ​ដោះលែង​តំណាង​សហជីព ៨នាក់​នោះ​ ហើយ​ឲ្យ​ពួកគាត់​ចូល​តុ​ចរចា​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន និង​ក្រសួង​ការងារ​ ដើម្បី​បិទ​បញ្ចប់​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ នៅ​តែ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ អ្នក​ទាំង​ ៨​នាក់​ដោយ​ឥត​លក្ខខណ្ឌ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពួក​គាត់​ស្ថិត​ក្នុង​ការ​ចូល​រួម​ជា​ប្រតិភូ​តំណាង​របស់​បុគ្គលិក​នៅ​ក្នុង​ការ​ចរចា​​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហ្នឹង» ។

គិត​ត្រឹម​ថ្ងៃ​ទី២១ មករា ថ្នាក់ដឹកនាំ​និង​សមាជិក​សហជីព​នៃ​កម្មករ​ណាហ្គាវើលដ៍ ៨នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល ២២ថ្ងៃ​ហើយ។ ចំណែក​ក្រុម​កម្មករ​ណាហ្គាវើដល៍​បន្ត​ធ្វើ​កូដកម្ម​ដដែល រហូត​មាន​ការ​ដោះ​លែង​តំណាង​ពួកគេ​ត្រឡប់​មក​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​បុគ្គលិក​ជាង ៣រយ​កាន់​ចូល​ធ្វើ​ការ​វិញ ទើប​ពួកគេ​រំសាយ​ការ​តវ៉ា។

បើ​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​ពី​ក្រសួង​ការងារ​ឲ្យ​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ទៅ​ផ្ទៀង​ផ្ទាត់​ទទួល​យក​ប្រាក់​សំណង​ត្រឹមត្រូវ​តាម​ច្បាប់​ក៏​ដោយ ក៏​ក្រុម​កម្មករ​បដិសេធ​មិន​ទទួល​យក​សំណង​នោះ​ទេ ប្រសិន​បើ​គ្មាន​វត្ត​មាន​តំណាង​សហជីព ៨នាក់​ចូល​តុ​ចរចា​ដោះស្រាយ​វិវាទ​ជំនួស​ពួក​គេ។

អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​តំណាង​សហជីព​៨​នាក់​នោះ ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ ហើយ​ក្រសួង​ការងារ​បន្ត​ដោះស្រាយ​វិវាទ​នេះ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​ និង​ភាព​ស្មោះ​ត្រង់ ដើម្បី​បញ្ចប់​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។