របាយការណ៍ស្ទង់មតិ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ឆ្នាំ២០២០ នេះ រកឃើញថា អំពើពុករលួយនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ស្ទើរគ្រប់វិស័យ និងស្ថាប័ន។ ក្នុងនោះ អ្នកពុករលួយជាងគេ គឺប៉ូលិស មន្ត្រីរដ្ឋាភិបាល និងមន្ត្រីមន្ត្រីតុលាការ។
របាយការណ៍ស្ដីពីការវាស់វែង អំពីអំពើពុករលួយជាសាកលឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី ដោយផ្តោតលើប្រទេសចំនួន១៧ រួមទាំងប្រទេសកម្ពុជាមួយផង និងដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា រកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ១.០០០នាក់ ដែលផ្ដល់បទសម្ភាសន៍ មាន ៨៩% ថា អំពើពុករលួយមានក្នុងចំណោមមន្ត្រីប៉ូលិស ៧៧% ក្នុងចំណោមក្រុមប្រឹក្សា និងមន្ត្រីរដ្ឋាភិបាលនៅមូលដ្ឋាន ៧២% យល់ថា មានអំពើពុករលួយក្នុងចំណោមមន្ត្រី រដ្ឋាភិបាល ហើយ ៧២% គិតថាមានអំពើពុករលួយក្នុងវិស័យតុលាការ។
ពលរដ្ឋជាង ៦០% (៦២-៦៦%) យល់ថា អំពើពុករលួយ កើតមានក្នុងជួរមេបញ្ជាការកងទ័ព ការិយាល័យនាយករដ្ឋមន្ត្រី និងសមាជិកសភា។ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យក្រុមហ៊ុនឯកជន រួមទាំងមេដឹកនាំសាសនា និងខាងធនាគារផង ក៏បានពិន្ទុមិនល្អ នៅក្នុងក្រសែភ្នែករបស់ពលរដ្ឋដែរ ដោយពលរដ្ឋពាក់កណ្តាល យល់ថា ស្ថាប័នទាំងនេះ ក៏កើតមានអំពើពុករលួយខ្លាំងដែរ។
មិនត្រឹមតែយល់ឃើញថា អំពើពុករលួយកើតមានក្នុងស្ថាប័នទាំងនេះនោះទេ ប្រជាពលរដ្ឋដែលផ្ដល់បទសម្ភាសន៍ទាំងនោះថា ពួកគាត់ធ្លាប់សូកប៉ាន់គេទៀតផង។ ៣៧% ថា ពួកគាត់ធ្លាប់បានសូកប៉ាន់ ដើម្បីទទួលបានសេវាសាធារណៈ ក្នុងរយៈពេល ១២ ខែកន្លងមកនេះ។ ៤០% ថា ធ្លាប់បានសូកប៉ាន់ ដើម្បីបានឯកសារអត្រានុកូលដ្ឋាន ដូចជាអត្តសញ្ញាណប័ណ្ណ និង ៣៨% ថា ធ្លាប់បានសូកប៉ាន់ប៉ូលិស។
មន្ត្រីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជា ថា របាយការណ៍អំពីការយល់ឃើញ និងបទពិសោធន៍ក្នុងអំពើពុករលួយនេះ នៅតែជាការគួរឲ្យព្រួយបារម្ភ។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា អំពើពុករលួយ នៅតែបន្តយាយីដល់នីតិរដ្ឋ ការទទួលបានយុត្តិធម៌ និងជាឧបសគ្គចម្បង ក្នុងការធ្វើអាជីវកម្មនៅកម្ពុជា។
ទោះជាយ៉ាងនេះក្តី មន្ត្រីរបបក្រុងភ្នំពេញ មិនយល់ស្របតាមការស្ទង់មតិនេះទេ។ ពួកគាត់ថែមទាំងចោទជាសំណួរ អំពីចេតនាពិតរបស់អង្គការតម្លាភាពអន្តរជាតិ ថែមទៀតផង។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ចាត់ទុករបាយការណ៍នោះ ថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានចរិតអាក្រក់។ លោកអះអាងថា ខាងប៉ូលិស គឺស្អាតស្អំ អត់មានពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ៖ «បើនិយាយប៉ូលិសមួយម៉ាត់ អត់មានទេ ! ស្ថាប័នប៉ូលិស ខ្ញុំការពារស្ថាប័នប៉ូលិសខ្ញុំ»។
ទោះជាយ៉ាងនេះក្តី ភ្លាមនោះ លោក ឆាយ គឹមឃឿន ទទួលស្គាល់ថា មានមន្ត្រីប៉ូលិសជាលក្ខណៈបុគ្គល ធ្លាប់ប្រព្រឹត្តិអំពើពុករលួយដែរ ហើយអ្នកប្រព្រឹត្តខុសទាំងនោះ លោកអះអាងថា បានទទួលពិន័យ ឬដកពីតំណែងអស់ហើយ៖ «កំហុសឆ្គងទាំងការបម្រើសេវាប្រជាពលរដ្ឋ ទាំងការអនុវត្តច្បាប់ មន្ត្រីនគរបាលតែងតែទទួលរងការពិន័យ អ្នកខ្លះត្រូវដកសម្រកស័ក្ដិទម្លាក់តួនាទី អ្នកខ្លះត្រូវបណ្ដេញចេញក្រៅក្របខ័ណ្ឌ មួយចំនួនទៀតត្រូវបានជាប់ពន្ធនាគារទៅតាមច្បាប់កំណត់»។
ទោះជាលោកអះអាងថា មានមន្ត្រីនគរបាល រងពិន័យក៏ដោយ ក៏លោកមិនដឹងអំពីតួលេខពិតប្រាកដ ថា តើមានមន្ត្រីប៉ុន្មាននាក់ ឬប៉ុន្មានករណី ដែលត្រូវបានដកស័ក្ដិទម្លាក់តួនាទី ឬបណ្ដេញចេញក្រៅក្របខ័ណ្ឌ ឬជាប់ពន្ធនាគារនោះទេ ទោះជាចំនួនស្មានក៏ដោយ។
ចំណែកមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឯណោះ ក៏មិនជឿលើលទ្ធផលនៃការស្ទង់មតិនេះដែរ។ ប៉ុន្តែលោក មិនបដិសេធអំពើពុករលួយនោះទេ គ្រាន់តែលោកថា អំពើសូកប៉ាន់នេះ គឺគេធ្វើដោយសម្ងាត់ និងលាក់បាំង មិនឲ្យនរណាដឹងងាយនោះដែរ។
បើទោះបីជាលោកគ្មានតួលេខបញ្ជាក់អំពីការថយចុះនៃអំពើពុករលួយក្ដី ក៏លោក ផៃ ស៊ីផាន អះអាងថា អំពើពុករលួយបានថយចុះច្រើនណាស់ ហើយដោយសារចំណាត់ការកំណែទម្រង់របស់រដ្ឋាភិបាល គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងអំពើនេះ ដោយលោកលើកយកឧទាហរណ៍នៃកំណែទម្រង់នៃក្រសួងយុត្តិធម៌ និងរបៀបដោះស្រាយបណ្ដឹងតាមយន្តការបណ្ដាញសង្គម Facebook របស់ថ្នាក់ដឹកនាំរដ្ឋាភិបាលជាដើម៖ «គេកំណែទម្រង់តាំងពីការដាក់ពិន័យទៅលើចៅក្រម ការតាមដានចៅក្រម ការទទួលពាក្យបណ្ដឹង។ រឿងទីពីរ រាល់ការរំលោភ ដោយទទួលបានលទ្ធផលតបមកវិញ ដោយការចាត់វិធានការ។ អាស្រ័យដោយសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និងសម្ដេចក្រឡាហោមលោកបង្កើត page ហើយលោកមានគណៈកម្មការតាមមើល។ ដូច្នេះរឿងរំលោភមួយចំនួន តាមរយៈអំពើពុករលួយហ្នឹងត្រូវបាន ទប់ស្កាត់និងដោះស្រាយជាបន្តបន្ទាប់»។
ស្របតាមការអះអាងដោយផ្នែករបស់លោក ផៃ ស៊ីផាន របាយការណ៍ស្ទង់មតិ បង្ហាញថា ក្នុងឆ្នាំ ២០២០នេះ ប្រជាពលរដ្ឋ ដែលផ្ដល់សម្ភាសន៍ ៥៥% យល់ឃើញថា អំពើពុករលួយនៅកម្ពុជា មានការថយចុះ ស្របពេលដែល ៤១% យល់ថាអំពើពុករលួយនៅតែមាន និងកើនឡើងដដែល។ តួលេខនេះ ប្រសើរជាងកាលពីឆ្នាំ ២០១៦ ដែលកាលណោះ មានប្រជាពលរដ្ឋខ្មែរ ត្រឹមតែ ២៨% ប៉ុណ្ណោះ យល់ថាអំពើពុករលួយ មានការថយចុះ និងប្រមាណ ៦៦% យល់ថាអំពើពុករលួយនៅតែមាន និងបន្តកើនឡើង។
លោក ផៃ ស៊ីផាន អះអាងបន្ថែមទៀតថា ពលរដ្ឋចាប់ផ្ដើមខ្លាចក្នុងការប្រព្រឹត្តិអំពើពុករលួយ ដោយសារតែយន្តការទាំងនេះ និងម្យ៉ាងដោយសារសម័យហ្វេសប៊ុកនេះ ឲ្យតែមានរឿងអ្វីកើតឡើង គឺនឹងល្បីខ្ចរខ្ចាយដល់សមត្ថកិច្ច ដែលចាត់ការភ្លាមៗ។
ផ្ទុយពីការអះអាងរបស់លោក ផៃ ស៊ីផាន លទ្ធផលស្ទង់មតិ បង្ហាញថា ពលរដ្ឋមិនមែនភ័យខ្លាចនឹងការប្រព្រឹត្តិអំពើពុករលួយនោះទេ ប៉ុន្តែបន្តខ្លាចក្នុងការផ្ដល់ព័ត៌មានប្រឆាំងនឹងអំពើពុករលួយ។ ជាក់ស្ដែងមានតែ ២,៥% ប៉ុណ្ណោះ នៃអ្នកដែលបានសូកប៉ាន់ ដើម្បីទទួលបានសេវាសាធារណៈ ឆ្លើយថា ខ្លួនធ្លាប់រាយការណ៍អំពីអំពើពុករលួយនេះ។ បន្ថែមពីនេះ មានអ្នកផ្ដល់ចម្លើយតែ ៣៨% ប៉ុណ្ណោះ ដែលយល់ថាពលរដ្ឋ អាចផ្ដល់ព័ត៌មានអំពីអំពើពុករលួយ ដោយគ្មានការភ័យខ្លាច ស្របពេលដែល ៥៧% ទៀតយល់ថាពលរដ្ឋ មានការភ័យខ្លាចនៅក្នុងរឿងនេះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង យល់ស្របថា អំពើពុករលួយក្លាយជាវប្បធម៌ ដូចវប្បធម៌និទ្ទណ្ឌភាព ឬការប្រព្រឹត្តិខុសគ្មានទោសពៃរ៍នោះដែរ ដែលពលរដ្ឋពិតជាមានការភ័យខ្លាច ដោយសារតែការធ្វើទុក្ខបុកម្នេញរបស់របបក្រុងភ្នំពេញ លើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងភាពខ្វះសុចរិតភាពរបស់ស្ថាប័នតុលាការ។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ថាប្រព័ន្ធតុលាការមិនឯករាជ្យ និងជាឧបករណ៍ធ្វើទុក្ខបុកម្នេញពលរដ្ឋ ក៏ជាកត្តាធ្វើឲ្យអំពើពុករលួយ មិនអាចស្បើយបាន៖ «បើសិនជាពេលប្រជាពលរដ្ឋហ៊ានតិទៀន បង្ហាញអំពើពុករលួយណាមួយ ឬមន្ត្រីពុករលួយណាមួយ ប្រជាពលរដ្ឋមិនទុកចិត្តប្រព័ន្ធតុលាការថា អាចការពារពួកគាត់បានទេ នោះអំពើពុករលួយ មិនថយទេ»។
អ្នកស្រី មូរ សុខហួរ ថាករណីពុករលួយច្រើនណាស់ ដែលបង្ហាញច្បាស់នឹងភ្នែក ដូចករណីមន្ត្រីរបបក្រុងភ្នំពេញ ទ្រព្យសម្បត្តិមហាសាល ទោះប្រាក់ខែតិចតួច ដូចលោក ហ៊ុន សែន ជាដើម ដែលមាននាឡិកាដៃតម្លៃរាប់លានដុល្លារពាក់ ប៉ុន្តែគ្មាននរណាហ៊ានស៊ើបអង្កេត ឬស្រាវជ្រាវប្រភពលុយរបស់គាត់នោះឡើយ។
របាយការណ៍ស្ដីពីការវាស់វែងអំពីអំពើពុករលួយសាកលឆ្នាំ ២០២០ នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែ មិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០។ អ្នកចូលរួមឆ្លើយសំណួរទាំង ១,០០០ នាក់នោះ ផ្ដល់សម្ភាសន៍តាមទូរស័ព្ទ។ ពួកគាត់ ៦៨% ជឿជាក់ថា គេអាចកាត់បន្ថយអំពើពុករលួយនេះបាន បើសិនជាមានការចូលរួមពីប្រជាពលរដ្ឋទូទៅ។
អ្នកឃ្លាំមើលសង្គម យល់ស្របនឹងការចូលរួមរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះ។ លោកបណ្ឌិត សេង សារី ថាមធ្យោបាយមួយ ដែលមានប្រសិទ្ធភាព និងអាចអនុវត្តបានដោយងាយស្រួល គឺការកាត់បន្ថយនូវគម្លាត ឬការលុបបំបាត់ឱកាសក្នុងការប្រព្រឹត្តិអំពើពុករលួយ ទាំងក្នុងស្ថាប័នរដ្ឋ គ្រួសារ និងក្រុមហ៊ុនឯកជន៖ «ដូច្នេះវាត្រូវការយន្តការគ្រប់ភាគី ដើម្បីចូលរួម ឆ្លើយតបទៅនឹងការទប់ស្កាត់អំពើពុករលួយនេះ»។
អង្គការតម្លាភាពកម្ពុជា បានផ្តល់ជាអនុសាសន៍ផងដែរ ឲ្យរដ្ឋាភិបាលកម្ពុជាយកទៅអនុវត្ត ដើម្បីទប់ស្កាត់អំពើពុករលួយនេះ ដោយក្នុងនោះ រួមមានការធានានូវសិទ្ធិទទួលព័ត៌មាន និងលើកកម្ពស់វប្បធម៌សុចរិតភាព តម្លាភាព និងគណនេយ្យភាព លើគ្រប់ស្រទាប់នៃសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។