ក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីដើម្បីសង្គមលោក យាន រក្សា ប្រាប់អាស៊ីសេរីថា ក្រុមយុវជនទាំង ៦នាក់ រួមមាន ប្រធានសមាគមស្ត្រីដើម្បីសង្គម កញ្ញា កែវ ទិត្យលីដា និងយុវជន៥នាក់ផ្សេងទៀតបានត្រឡប់ទៅដល់ផ្ទះវិញអស់ហើយ នៅល្ងាចថ្ងៃទី២៥ ខែមីនា។ លោកបញ្ជាក់ថា ប៉ូលិសសង្កាត់ស្ទឹងមានជ័យទី១ បានបង្ខំឱ្យក្រុមយុវជនទាំង ៦នាក់ ផ្ដិតមេដៃធ្វើកិច្ចសន្យាឈប់ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋបន្តទៀត ដើម្បីជាថ្នូរបានដោះលែងមានសេរីភាពវិញ។ លោកបន្តថា រឿងនេះទំនងដោយសារក្រុមយុវជនទាំងនោះគ្មានជម្រើស ព្រោះខ្លាចអាជ្ញាធរចាប់ពួកគេដាក់ឃុំនៅពន្ធនាគារ៖ «បើតាមចំលើយដែលខ្ញុំបានសួរគាត់តើគាត់គិតយ៉ាងណាចំពោះការដាក់ញត្តិថ្ងៃទី២៦ មីនា ដែលគាត់បានប្រកាស។ គាត់បានបញ្ជាក់យ៉ាងខ្លីថា សុំសំរាកសិន មិនចង់និយាយអី។ ខ្ញុំមិនដឹងថា ចន្លោះពេលហ្នឹងគាត់រងសម្ពាធអ្វី ឬមួយក៏គាត់ទទួលបានពាក្យពេជ្រណែនាំកម្រិតណាយើងក៏អត់ដឹងដែរ ។ នេះគឺមានន័យថា ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា គាត់ពិតជាមានចំណុចរអារបស់គាត់ » ។
អាស៊ីសេរីមិនអាចទាក់ទងក្រុមយុវជនទាំង ៦នាក់ ដើម្បីសាកសួរបន្ថែមជុំវិញពីការដោះលែងនេះបានទេ នៅថ្ងៃទី២៥ ខែមីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ការដោះលែងក្រុមយុវជនទាំង ៦នាក់ នេះ បន្ទាប់ពីពួកគេជាប់ឃុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ អស់មួយយប់។ ក្រុមយុវជនទាំងនេះ ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែមីនា ទាក់ទងនឹងការប្រមូលស្នាមដៃប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនទាន់ទទួលព័ត៌មានពីការឃុំខ្លួននិងដោះលែងក្រុមយុវជនទាំង៦នាក់នោះនៅឡើយទេ៖ «ខ្ញុំ អត់ទាន់បានទទួលព័ត៌មានហ្នឹងដែរ ព្រោះប៉ុន្មានថ្ងៃនេះ ខ្ញុំមានការរវល់បន្តិច ដល់ពេលអីចឹងមើលខ្ញុំឆេកមើលហើយចាំខ្ញុំប្រាប់វិញ។ចាំមើលខ្ញុំឆែកមើលជាខាងខណ្ឌថាតើការងាររបៀបម៉េចអីយ៉ាងម៉េច ខ្ញុំអត់ទាន់បានទទួលច្បាស់ដែរ » ។
ក្រុមយុវជនរួមជាមួយអ្នកទាំង៦នាក់នេះមានគម្រោងហែក្បួនដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យជួយដោះស្រាយពីទុក្ខលំបាករបស់ពលរដ្ឋនៅថ្ងៃទី២៦ ខែមីនា ប៉ុន្តែត្រូវសាលារាជធានីភ្នំពេញហាមឃាត់ ដោយតម្រូវអោយមានមនុស្សតែម្នាក់ទៅដាក់ញត្តិវិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ញត្តិនោះមានសំណូមពរ និងស្នាមមេដៃពលរដ្ឋជិត២០០នាក់ ដែលអះអាងថា ពួកគេជួបការលំបាកក្នុងជីវភាព ដោយសារវិបត្តិជំងឺកូវីដ-១៩។ ពួកគេស្នើសុំ ៤ចំណុច ទៅលោក ហ៊ុន សែន គឺសុំអន្តរាគមន៍លើកលែងថ្លៃទឹកភ្លើងចំនួន ៣ខែ រក្សាតម្លៃប្រេងសាំងឱ្យនៅក្រោម ៣០០០រៀល ក្នុង១លីត្រ លើកលែងការសងប្រាក់ទៅធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងបញ្ចុះតម្លៃបន្ទប់ជួលពាក់កណ្តាលក្នុងរយៈពេល ៣ខែ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក នី សុខា យល់ថា សកម្មជនរបស់ក្រុមយុវជនទាំងនេះពុំមែនជាអំពើខុសច្បាប់ឡើយ ព្រោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ការឃុំខ្លួននិងបង្ខំឱ្យក្រុមយុវជនធ្វើកិច្ចសន្យានេះ ជាការរឹតត្បិតធ្ងន់ធ្ងរប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៖ «ជាធម្មតាគាត់គ្រាន់តែរកការគាំទ្រដើម្បីឱ្យមានជាសំឡេង ពីព្រោះយើងនៅក្នុងសង្គមប្រជាធិបតេយ្យយើងត្រូវការសំឡេងរបស់ប្រជាពលរដ្ឋ។ សំឡេងដែលប្រជាពលរដ្ឋរងគ្រោះ សំឡេងដែលប្រជាពលរដ្ឋទទឹងរងការចង់បានរបស់ប្រជាពលរដ្ឋហ្នឹងត្រូវតែទុកសេរីភាពឱ្យគេក្នុងការគេទាមទារ គេស្នើទៅរដ្ឋាភិបាលអីចឹងហើយ ហើយបើសិនជាយើងទៅរឹតត្បិតអីចឹងជាលក្ខណៈនៃការរឹតត្បិតសេរីភាពហើយ » ។
រដ្ឋធម្មនុញ្ញមាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួម យ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ប្រទេសជាតិ ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។