នរគបាលរាជធានីភ្នំពេញ បានចាត់វិធានការលើអ្នកដែលល្មើសបម្រាមគោចរពេលយប់ចំនួនមួយរយហាសិបប្រាំ (១៥៥) នាក់ ក្នុងរយៈពេលពីរយប់គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា ក្នុងរយៈពេលពីរយប់ គឺសមត្ថកិច្ចបានឃាត់យកម៉ូតូនិងរថយន្តទៅរក្សាទុកចំនួន ១៥៥ គ្រឿង។ លោកបន្តថា ចំពោះម្ចាស់ម៉ូតូ និងម្ចាស់រថយន្តទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគេរៀងៗខ្លួនរយៈពេល ១៤ ថ្ងៃ មុនពេលទៅទទួលយកយានយន្តរបស់ខ្លួនវិញ។ លោកអះអាងថា ផ្អែកតាមតួលេខនេះ មានប្រជាពលរដ្ឋតិចតូចប៉ុណ្ណោះដែលបំពានបម្រាមធ្វើដំណើរពេលយប់ ខណៈប្រជាពលរដ្ឋភាគច្រើនផ្សេងទៀត បានយល់ដឹង និងបានចូលរួមគោរពតាមវិធានការនេះ៖ « វាមិនមែនជាការបំបិទសិទ្ធិពលរដ្ឋទេ វាជាការជួយប្រជា ពលរដ្ឋ ក្នុងការសហការគ្នាទាំងអស់គ្នាដើម្បីបង្ការទប់ស្កាត់ការឆ្លងវីរុសកូវីដ - ១៩ ហើយក្នុងមាត្រា៤ នៃសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានភ្នំពេញ ក៏មានចំណុចលើកលែងដែរ ដូច្នេះអ្នកដែលគាត់មានភារកិច្ចធ្វើការពេលយប់ មានកម្មករ - កម្មការិនី ឬបងប្អូន ប្រជាពលរដ្ឋដែលគាត់ធ្វើការពេលយប់ ឲ្យតែគាត់មានលិខិតបញ្ជាក់និងមាន កាតត្រឹមត្រូវ គឺមិនមានការហាមឃាត់ទេ គឺធ្វើការបានធម្មតា។ អាជីវកម្មក៏ដូចគ្នា មានន័យ ថា គាត់អាចបើកបាន តែចាប់ពីម៉ោង៨យប់ គឺបានត្រឹមតែវេចខ្ចប់ទេ មិនអាចអង្គុយញាំទីនោះបានទេ » ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានសម្រេចបិទចរាចរណ៍ ព្រមទាំងសកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានានៅភូមិសាស្ត្ររាជធានីភ្នំពេញនៅពេលយប់ ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ការដាក់ចេញវិធានការនេះ គឺបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ បានដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងៗទៀត។
អ្នកនាំពាក្យសមាគមការពារសិទិ្ធមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការអនុវត្តវិធានការនេះ ហាក់ដូចជាលឿនពេក ដែលលោក ព្រួយបារម្ភថា នាំឲ្យប៉ះពាល់ដល់ជីវភាពនិងសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោក យល់ថា អាជ្ញាធររដ្ឋាភិបាល គួរតែពិចារណាចំពោះលិខិតរបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលបង្ហាញការ ព្រួយបារម្ភខ្លួនចំពោះច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ។
កាលពីថ្ងៃទី៣១ ខែមីនា អ្នកជំនាញរបស់អង្គការសហប្រជាជាតិចំនួន៣រូប បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋាភិបាល ដោយបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ។ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ជំរុញឲ្យរដ្ឋាភិបាល ផ្អាកអនុវត្តជាបណ្តោះអាសន្ន និងពិនិត្យឡើងវិញនូវច្បាប់មួយនេះ ដើម្បី ធានានូវការគោរមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនកម្ពុជា។ ក្រុមអ្នកជំនាញសិទិ្ធមនុស្សអង្គការសហប្រជាជាតិ ពិនិត្យឃើញថា ច្បាប់នេះ ផ្តល់អំណាចច្រើនដល់អាជ្ញាធររដ្ឋាភិបាល ដើម្បីរឹតត្បិសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ការជួបជុំ ការប្រតិបត្តិការអាជីវកម្ម និងសកម្មភាពអាជីពមួយចំនួន ព្រមទាំងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងមិនសមាមាត្រ ដែលផ្ទុយពីគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។