របបក្រុងភ្នំពេញឱ្យដឹងនៅថ្ងៃទី៧ សីហា នេះថា ចំនួនប្រជាជនកម្ពុជាបានកើនឡើងជិត ២ លាននាក់ ចន្លោះពីឆ្នាំ២០០៨ ដល់២០១៩។ មន្ត្រីជាន់ខ្ពស់របបនេះថា លទ្ធផលជំរឿននឹងរួមចំណែកយ៉ាងសំខាន់ដល់ការរៀបចំផែនការអភិវឌ្ឍជាតិ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិលយល់ថា ជំរឿនបែបប្រជាសាស្ត្រទំនងជាមិនអាចដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋបានស៊ីជម្រៅឡើយ។
លទ្ធផលបណ្ដោះអាសន្ននៃជំរឿនទូទៅឆ្នាំ២០១៩ បង្ហាញថា ប្រជាជនកម្ពុជាមានចំនួនជាង១៥ លាននាក់ គិតត្រឹមដើមខែមីនា។ ចំនួនប្រជាជនជាស្ត្រីនៅតែមានអត្រាខ្ពស់ជាងបុរសដដែល គឺជាង៧ លាន ៨ សែននាក់ ឬស្មើនឹង៥១.៥% គិតត្រឹមដើមខែមីនា ឆ្នាំ២០១៩។
តួលេខដដែលឱ្យដឹងទៀតថា រាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចរបស់ជាតិ មានចំនួនប្រជាជនច្រើនជាងគេ គឺជាង២ លាននាក់ ខណៈខេត្តកែបដែលជាតំបន់ទេសចរណ៍មាត់សមុទ្រ មានប្រជាជនតិចជាងគេ គឺជាង៤ ម៉ឺននាក់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ លោក ស ខេង ថ្លែងថា ទិន្នន័យប្រជាជនទាន់សម័យកាលដែលបានមកពីការធ្វើជំរឿននេះ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការតាមដានដំណើរការអភិវឌ្ឍ ការវាយតម្លៃ និងការរៀបចំគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល៖ «ទិន្នន័យនេះមានតម្លៃណាស់សម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគោលដៅអភិវឌ្ឍប្រកបដោយចិរភាពកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ព្រមទាំងកម្មវិធីអភិវឌ្ឍដទៃទៀត និងការសហការជាមួយប្រព័ន្ធស្ថិតិអន្តរជាតិ»។
លទ្ធផលបណ្ដោះអាសន្ននៃជំរឿនឆ្នាំ ២០១៩ បង្ហាញទៀតថា ទំហំគ្រួសារជាមធ្យមនៅថេរដដែល គឺ៤.៦ នាក់ តាំងពីឆ្នាំ២០០៨ មក ក៏ប៉ុន្តែអត្រាកំណើនប្រជាជនប្រចាំឆ្នាំបានធ្លាក់ចុះយ៉ាងខ្លាំង ទំនងដោយសារអត្រាបង្កើតកូនថយចុះ និងការធ្វើចំណាកស្រុករបស់ពលរដ្ឋទៅកាន់ប្រទេសដទៃ។
ទោះជាយ៉ាងណា តួលេខបណ្ដោះអាសន្ននេះ មិនបានរាប់បញ្ចូលពលករចំណាកស្រុករាប់លាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃទៀតនោះឡើយ ហើយក៏មិនមានតួលេខចំនួនយុវជនដែរ។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ អ្នកស្រី ហង់ លីណា បានឡើយ នៅថ្ងៃទី០៧ សីហា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ទិន្នន័យដែលបានមកពីជំរឿននេះទំនងជាមិនអាចជួយអ្វីច្រើនឡើយ ពីព្រោះជំរឿននេះធ្វើឡើងក្នុងគោលបំណងរាប់ចំនួនមនុស្ស មិនបានសួរនាំពីតម្រូវការរបស់ពលរដ្ឋឡើយ។ លោកបន្តថា ទាំងរូបលោក និងពលរដ្ឋផ្សេងទៀត សុទ្ធតែចង់លើកឡើងពីសំណូមពរ និងតម្រូវការមួយចំនួនប្រាប់ទៅរដ្ឋាភិបាល ក៏ប៉ុន្តែកម្រងសំណួររបស់មន្ត្រីជំរឿនមិនមានចំណុចទាំងនេះឡើយ៖ «បញ្ហាប្រឈមមួយចំនួនទៀតដែលពលរដ្ឋចង់និយាយ ដូចជា ភាពមានការងារធ្វើ ការព្យាករណ៍សេដ្ឋកិច្ចទៅថ្ងៃមុខ ហើយនិងសំណូមពរដែលពលរដ្ឋចង់ស្នើទៅរដ្ឋាភិបាលទាក់ទងនឹងវិស័យអាទិភាពមួយចំនួន ដូចជា បញ្ហាប្រឈមរឿងសេវាសុខាភិបាល ផ្នែកកសិកម្ម ហើយនិងគុណភាពហេដ្ឋារចនាសម្ពន្ធជាដើម ប៉ុន្តែសំណួរពាក់ព័ន្ធនឹងវិស័យដែលយើងចង់លើកឡើងនេះ គឺមិនបានសួរនៅក្នុងជំរឿននោះទេ»។
អ្នកឃ្លាំមើលសង្គមរូបនេះជឿថា ជំរឿនឆ្នាំ២០១៩ នឹងអាចរួមចំណែកសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍជាតិបាន លុះត្រាតែមានការសិក្សាស្រាវជ្រាវថ្នាក់ជាតិផ្សេងទៀតផ្ដោតលើបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយយរដ្ឋាភិបាលយកលទ្ធផលទាំងនេះទៅសំយោគជាមួយគ្នា៖ «ខ្ញុំគិតថា មិនទាន់គ្រប់គ្រាន់ទេ គួរតែមានការពិនិត្យមើលឱ្យបានស៊ីជម្រៅជាងនេះទៅទៀត ជាពិសេសទាក់ទងនឹងបញ្ហាបំណុល បញ្ហាស្ថិរភាពការងារ ហើយនិងតម្រូវការមូលដ្ឋានរបស់មនុស្សនៅក្នុងគ្រួសារនីមួយៗសម្រាប់ស្នើ ឬក៏ជំរុញឱ្យមានគណនេយ្យភាពសាធារណៈហ្នឹងកាន់តែប្រសើរឡើង»។
កម្ពុជាធ្លាប់បានធ្វើជំរឿនប្រជាជនបែបនេះចំនួន ៣ដងរួចមកហើយ គឺលើកទីមួយនៅឆ្នាំ១៩៦២ លើកទី២ នៅឆ្នាំ១៩៩៨ និងលើកទី៣ នៅឆ្នាំ២០០៨។
ក្រសួងផែនការបញ្ជាក់ថា តួលេខបណ្ដោះអាសន្ននៃជំរឿនឆ្នាំ២០១៩នេះ អាចនឹងមានការប្រែប្រួលខ្លះ បើធៀបនឹងតួលេខផ្លូវការដែលគ្រោងចេញផ្សាយនៅឆ្នាំ២០២០ ខាងមុខ ដោយសារតែកំហុសឆ្គង ឬការខ្វះចន្លោះក្នុងការបូកសរុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។