សហជីពគាំទ្ររដ្ឋាភិបាល ដឹកនាំមនុស្សប្រមាណ ១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ (Central) ដែលទើបចេញរបាយការណ៍មួយស្តីអំពីការរារាំងសេរីភាពរបស់សហជីពនៅក្នុងប្រទេសកម្ពុជា។ការតវ៉ារបស់សហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជានេះ ឡើងនៅខាងមុខអង្គការសង់ត្រាល់ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៤ ខែមិថុនា។
ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា លោក ហង្ស រ៉ាវី និងថ្នាក់ដឹកនាំ សហជីពនេះ សុទ្ធតែជាមនុស្សគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រុមអ្នកតវ៉ាទាំងនេះ ចោទថា របាយការណ៍របស់អង្គការសង់ត្រាល់ថា មានចរិតអុជអាល ចង់បំផ្លាញសន្តិភាព និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិត។
ទោះជាយ៉ាងណាក្ដី ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា ការតវ៉ា គឺជាសិទ្ធិ ប៉ុន្តែលោក លើកទឹកចិត្តឲ្យសហជីពដែលតវ៉ា អានរបាយការណ៍ស្រាវជ្រាវនោះ ឲ្យបានច្បាស់ដើម្បីជៀសវាងការភ័ន្តច្រឡំ។ លោក បញ្ជាក់ថា របាយការណ៍នេះ គ្មានបំណងវាយប្រហារភាគីពាក់ព័ន្ធណាមួយនោះទេ គឺគ្រាន់តែឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងដែលកម្មករបានជួបប្រទះបញ្ហាប្រឈមនៅកន្លែងការងារ និងដើម្បីឲ្យភាគីពាក់ព័ន្ធរកដំណោះស្រាយឲ្យបានល្អប្រសើរឡើងវិញ។
លោក ឃុន ថារ៉ូ៖ «របាយការណ៍របស់យើងនេះ គឺបានបង្ហាញច្រើន ណាស់ពាក់ព័ន្ធនឹងតួអង្គដែលពាក់ព័ន្ធដើម្បីធ្វើឲ្យប្រសើរឡើងនូវឧបសគ្គរារាំង ក្នុងការអនុវត្តសិទ្ធិសេរីភាពសហជីពនេះ រួមទាំងអនុសាសន៍ទៅកាន់ក្រុមហ៊ុនអ្នក បញ្ជាទិញ រួមទាំងអនុសាសន៍ទៅកាន់រាជរដ្ឋាភិបាល និងអនុសាសន៍ទៅកាន់ អង្គការពលកម្មអន្តរជាតិ ដើម្បីចូលរួមធ្វើឲ្យស្ថានភាពនេះប្រសើរឡើង។ ដោយសារយើងមើលឃើញថា ទិន្នន័យដែលយើងប្រមូលមកបាននេះពី ១៥រោងចក្រនេះ គឺវាបង្ហាញអំពីបញ្ហាប្រឈមទាំងអស់ហ្នឹង ហើយសហជីព ដែលគាត់ចូលរួមផ្តល់សម្ភាសន៍ គឺគាត់មានបទពិសោធន៍ផ្ទាល់»។
ចំពោះការចេញមុខតវ៉ាពីសំណាក់សហជីពគាំទ្ររដ្ឋាភិបាលវិញ អ្នកឃ្លាំមើល យល់ថា ពួកគេកំពុងធ្វើឡើងតាមខ្សែញាក់របស់គណបក្សកាន់អំណាច។ វិធីដែលបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និយមប្រើប្រាស់សព្វថ្ងៃនេះ គឺយកសកម្មជនបក្សប្រឆាំង ឲ្យវាយប្រហារបក្សប្រឆាំង យកសហជីពក្លែងក្លាយឲ្យវាយប្រហារសហជីពឯករាជ្យ និងការប្រើប្រាស់យុវជន ឬសង្គមស៊ីវិលក្លែងក្លាយឲ្យវាយប្រហារយុវជន និងសង្គមស៊ីវិលឯករាជ្យ ដែលធ្វើការងារបម្រើប្រយោជន៍សាធារណៈពិតប្រាកដ។
កាលពីថ្ងៃទី៤ ខែមិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់»បានចេញរបាយការណ៍មួយស្ដីពីឧបសគ្គរារាំងសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា។ អង្គការសង់ត្រាល់ បញ្ជាក់ថា របាយការណ៍នេះ ធ្វើឡើងដោយបានអង្កេត និងសម្ភាសន៍កម្មករ និងថ្នាក់ដឹកនាំសហជីពក្នុងរោងចក្រចំនួន ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិហៅកាត់ ILO។ អង្គការនេះរកឃើញថា ក្នុងចំណោម សហជីពចំនួន១៤ មានសហជីពចំនួន១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ អង្គការសង់ត្រាល់ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើល និងដោះស្រាយកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់ កម្មករនិយោជិត និងសហជីព៕